ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋ និងឯកជនបានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៤ ដែលឈានចូលមកដល់នាថ្ងៃទី ១ ខែមករានេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរលើហ្វេសប៊ុកលោកនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ដោយបានជូនពរប្រជាពលរដ្ឋនៅទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៤ នេះផងដែរ។
ក្នុងសារនោះលោកបានសរសេរថា៖ «ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងឈានចូលមកដល់ ខ្ញុំ និងភរិយាសូមជូនពរចំពោះបងប្អូនជនរួមជាតិទាំងអស់ឱ្យសមប្រកបដោយសុខភាពល្អ សេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យនៅក្នុងគ្រប់ភារកិច្ច»។
លោកហ៊ុន ម៉ាណែត ក៏បានផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនៅក្នុងឱកាសចូលឆ្នាំសកល ២០២៤ ផងដែរ។
លោកបានលើកឡើងថា៖«ក្នុងឱកាសនៃការទទួលអំណរឆ្នាំថ្មីឆ្នាំសកល ២០២៤ ទូលព្រះបង្គំជាខ្ញុំតាងនាមរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ ទូទាំងប្រទេស និងទូលព្រះបង្គំជាខ្ញុំផ្ទាល់ព្រមទាំងភរិយាសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះសព្ទសាធុការពរជ័យ ព្រះកាយពលរឹងមាំព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានាដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិជាព្រះម្លប់ដ៏ត្រជាក់ត្រជំ ថ្កុំថ្កើងរុងរឿងរបស់មាតុភូមិ និងប្រជានុរាស្ត្ររបស់ព្រះអង្គតរៀងទៅ»។
លោកបានបន្តថា ព្រះអង្គទ្រង់តែងមានព្រះទ័យជ្រះថ្លាបរិសុទ្ធសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសា
សនា អប់រំសិក្សាធិការ សង្គមកិច្ច មនុស្សធម៌ សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជានុរាស្ត្រនៅទូទាំងប្រទេសកម្ពុជានិងជាពិសេសយុទ្ធនាការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
ទន្ទឹមនោះលោកហ៊ុន ម៉ាណែត ក៏បានផ្ញើសារថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរសូមទ្រង់មានកាយពលមាំមួន ខ្លាំងក្លាព្រះរាជសុខភាពល្អបរិបូរណ៍ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានាជាអង្វែងតរៀងទៅ។
ចំណែក លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ ផងដែរ។
លោកស្រីបានលើកឡើងក្នុងលិខិតជូនពរថា៖ «ក្នុងឱកាសនៃទិវាទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ ខ្ញុំម្ចាស់ និងសហការីទាំងអស់នៃកាកបាទក្រហម
កម្ពុជា សូមលំឱនកាយវាចាចិត្តសម្តែងនូវព្រះរាជកតញ្ញូ កតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យសូមព្រះអង្គមានព្រះរាជសុខភាពល្អជានិច្ចនិរន្តរ៍ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សាដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់កូន ចៅ ចៅទួត ជ្រកកោនប្រកបដោយសេចក្តីសុខដុមរមនា ជាភិយ្យោភាពជារៀងដរាបតទៅ»។
រីឯលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានផ្ញើលិខិតជូនពរដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលនេះផងដែរ។លោកបានបង្ហាញការកោតសរសើរមន្ត្រីចំពោះកិច្ចខិតខំប្រឹងប្រែងពេញ ១ ឆ្នាំ ២០២៣ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ និងការខិតខំផ្តល់សេវាសាធារណៈគ្រប់ប្រភេទដល់ប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងនេះលោក ស សុខា បានក្រើនរំឭកដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិលនិងមន្ត្រីពន្ធនាគារឱ្យបន្តយកចិត្តទុកដាក់បំពេញភារកិច្ច ឱ្យបានកាន់តែប្រសើរថែមទៀត។លោកបានបញ្ជាក់ថា៖ «ត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍នានារបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលព្រមទាំងចលនាឱ្យបានសកម្មផុលផុសនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពសំដៅរួមចំណែកសម្រេចបាននូវខ្លឹមសារជាសារវន្តនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ក្រោមមគ្គុទ្ទេសក៍នៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា»។
ក្នុងស្មារតីនេះលោក ស សុខា ក៏បានអំពាវនាវឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ដើរតួនាទីជាគំរូល្អក្នុងសង្គមស័ក្តិសមជាអ្នកបម្រើដ៏ស្មោះស្ម័គ្រចំពោះជាតិ និងប្រជាជន ជាពិសេសត្រូវបន្តប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែសកម្មថែមទៀតតាមពាក្យស្លោក«៣កុំ និង ១ រាយការណ៍»គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ផ្ដល់ព័ត៌មានជូនសមត្ថកិច្ច។
ចំណែកគណបក្សប្រជាជនកម្ពុជាក៏បានផ្ញើសារជូនពរដល់ប្រមុខថ្នាក់ដឹកនាំក្នុងឱកាសចូលឆ្នាំសកល ២០២៤ ដែរដោយបានលើកឡើងថា ខុទ្ទកាល័យគណៈកម្មាធិការកណ្តាល សូមបួងសួងដល់ប្រធានកិត្តិយស សម្តេចប្រធាន និងសម្តេចអនុប្រធានគណបក្សប្រជាជនកម្ពុជាទទួលបានសុខភាពបរិបូរណ៍កម្លាំងមាំមួន អាយុយឺនយូរដើម្បីបន្តចូលរួមដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខដោយសម្រេចបានសមិទ្ធផលត្រចះត្រចង់ដើម្បីរក្សា និងការពារសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។
ចំណែកថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក៏បានផ្ញើសារជូនពរគ្នាឱ្យមានសុខភាពល្អកម្លាំងមាំមួនដើម្បីបន្តដឹកនាំក្រសួងឱ្យកាន់តែមានវឌ្ឍនភាពព្រមទាំងសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតផងដែរ។នៅក្នុងឱកាសនេះដែរ លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយក៏បានប្រសិទ្ធពរជ័យនូវ «ស៤» ដែលជាទ្រព្យទី១របស់ពលរដ្ឋគ្រប់រូប និងស្ថិរភាពសង្គមជាតិ។
លោកថា«សុខភាព៖ ជាទ្រព្យសម្បត្តិទី ១ របស់មនុស្សគ្រប់រូប សង្ឃឹមថា តាមរយៈកំណែទម្រង់រាជរដ្ឋាភិបាលនីតិកាលទី ៧ ប្រជាពលរដ្ឋគ្រប់រូបទទួលឱកាសសមធម៌ចំពោះសុខុមាលភាព។ សន្តិភាព៖ជាទ្រព្យសម្បត្តិទី ១ របស់ជាតិ និងជាមូលធនដ៏សំខាន់លើគ្រប់ទិដ្ឋភាពទាំងអស់ ទាំងការធានាដំណើរការប្រជាធិបតេយ្យ សិទ្ធិមនុស្ស អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម»។
លោកយង់ ពៅ បានបន្តថា ៖ «សមធម៌យុត្តិធម៌សង្គម៖ ជាទ្រព្យសម្បត្តិទី ១ នៃស្ថិរភាពសង្គម និងចុងក្រោយសេដ្ឋកិច្ច៖ជាទ្រព្យសម្បត្តិទី ១ នៃកម្លាំងជាតិ សង្ឃឹមថា រាជរដ្ឋាភិបាលពន្លឿនធ្វើពិពិធកម្មសេដ្ឋកិច្ចស្ទុះងើបចេញពីវិបត្តិសកលបានលឿន»។
លោកបានបន្ថែមថា វិបត្តិអូសបន្លាយពីបញ្ហាសកលធំៗដូចជាវិបត្តិជំងឺរាតត្បាត សង្គ្រាមផ្ទួនៗ រុញច្រានឱ្យកម្ពុជាគេចមិនផុតពីបញ្ហាប្រឈមសម្រាប់ឆ្នាំ ២០២៤ មួយចំនួនដូចជាការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ការងើបឡើងវិញយឺតនូវវិស័យទេសចរណ៍ វិបត្តិអចលនទ្រព្យធ្ងន់ធ្ងរ គម្លាតសង្គមកាន់តែធំ...។
លោកបានបញ្ជាក់ថា៖ «សម្រាប់ឆ្នាំ ២០២៤ ខាងមុខ រដ្ឋាភិបាលត្រូវបន្តកំណែទម្រង់ស៊ីជម្រៅស្ថាប័នសាធារណៈ អភិបាលកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ,រក្សាជំហរសន្តិភាព ដើម្បីធានានូវស្ថិរភាពសង្គម ឯកភាពជាតិ លម្ហប្រជាធិបតេយ្យ សេរីភាព សិទ្ធិមនុស្ស»៕