«ដាំដំណាំគម្របដីបានជួយរក្សាទុកកាបូនក្នុងដី និងធ្វើឱ្យដីមានជីជាតិល្អដោយកសិករមិនប្រើជីគីមីឡើយ។ម្យ៉ាងទៀតដំណាំប្រភេទនេះ អាចស្រូបយកកាបូនពីបរិយាកាសមកក្នុងដីវិញ តែបើកាបូនស្ថិតនៅក្នុងបរិយាកាសវាគឺជាផ្នែក ១ នៃឧស្ម័នផ្ទះកញ្ចក់ដែលធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ»។
នេះជាការលើកឡើងរបស់លោក ស វែង ទីប្រឹក្សាបច្ចេកទេសនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មអភិរក្សនៅកម្ពុជា ដោយលោកបានថ្លែងសំដៅលើផ្ទៃដីនៅក្នុងខេត្តបាត់ដំបងសរុបប្រមាណ ២ ០៦៩ ហិកតាដែលមានកសិករសរុបប្រហែល ១ ៥៦៤ គ្រួសារ កំពុងដាំដំណាំគម្របដីហើយបានទិន្នផលច្រើនជាងប្រើជីគីមី។
ការលើកឡើងនេះមិនខុសអីពីលោក លឹម សុខុម ឡើយ។ គាត់គឺជាកសិករម្នាក់ដែលធ្លាប់តែធ្វើស្រែធ្វើចម្ការដោយប្រើជីគីមី តែឥឡូវលោកបានប្តូរមកដាំដំណាំគម្របដីវិញដែលជាហេតុធ្វើឱ្យដីរបស់គាត់មានសារធាតុចិញ្ចឹមច្រើន និងបានធ្វើឱ្យដីមានជីជាតិ មានសំណើម ជាពិសេសដំណាំគម្របដីបានជួយស្រូបយកកាបូនពីក្នុងបរិយាកាសដែលអាចជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុទៀតផង។
លោក សុខុម ដែលមានអាយុ ៤៦ ឆ្នាំ រស់នៅភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបងបានឱ្យដឹងថា លោកមានផ្ទៃដី ១០ ហិកតា សម្រាប់ដាំដំណាំវិលជុំដូចជា ពោតក្រហម សណ្តែក និងចង្ក្រង់ស្វាស្លឹកតូចនិងស្លឹកធំ (ដំណាំគម្របដី)។ ជាធម្មតារៀងរាល់ឆ្នាំ លោកតែងដាំពោតក្រហមនៅខែឧសភាដល់ខែតុលា ហើយក្រោយពីប្រមូលផលពោតរួច លោកដាំដើមចង្ក្រង់ស្វាស្លឹកតូច និងចង្ក្រង់ស្វាស្លឹកធំ ដើម្បីបង្កើតជាជីសរីរាង្គនៅក្នុងដី។
លោកបានបន្តថា កាលពីឆ្នាំមុនៗលោកដាំពោតក្នុង ១ ហិកតាត្រូវប្រើជីគីមីចន្លោះពី ៣ ទៅ ៤ ការុង (១ ការុងទម្ងន់ ៥០ គីឡូក្រាម) ហើយក្នុងជី ១ ការុងថ្លៃ ២០ ម៉ឺនរៀល។ ប៉ុន្តែចូលដល់ឆ្នាំ ២០២១ មានមន្ត្រីបច្ចេកទេសកសិកម្មនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្មអភិរក្សនៅកម្ពុជាបានមកផ្សព្វផ្សាយឱ្យប្រជាកសិករងាកមកធ្វើ «កសិកម្មអភិរក្ស» ដោយដាំដំណាំគម្របដីជំនួសវិញ ដូចជា ដំណាំចង្ក្រង់ស្វាស្លឹកតូច និងចង្ក្រង់ស្វាស្លឹកធំ ពីព្រោះដំណាំប្រភេទនេះវាជួយបង្កើតសារធាតុចិញ្ចឹមបានច្រើននៅក្នុងដីនិងផ្ទុកទៅដោយសារធាតុកាបូនទៀតផង។
លោកនិយាយថា៖ «ខ្ញុំបានសាកល្បងមើលហើយគឺយើងប្រើជីគីមីអស់លុយច្រើន ហើយធ្វើឱ្យដីក្តាំរឹង ដីហឹរទៅវិញ លុះដល់ខ្ញុំដាំដំណាំចង្ក្រង់ស្វាស្លឹកតូច និងស្លឹកធំ ក៏ធ្វើឱ្យដីចាប់ផ្តើមផុសល្អឡើងវិញ ពីព្រោះដំណាំគម្របដីចង្ក្រង់ស្វាស្លឹកតូចនិងស្លឹកធំនេះវាបង្កើតឱ្យដីមានសារធាតុចិញ្ចឹមនិងជាជីសរីរាង្គធម្មជាតិដ៏ល្អផង»។
លោកបានឱ្យដឹងដែរថា ចំពោះតម្លៃដំណាំគម្របដីបើជាប្រភេទចង្ក្រង់ស្វាគឺមានតម្លៃ ៤ ៦០០ រៀល ក្នុង ១ គីឡូក្រាមដោយលោកលក់ឱ្យក្រុមហ៊ុន ហើយបើដំណាំស្នោវិញ គឺមានតម្លៃជាង ៣ ពាន់រៀល តែចំពោះដំណាំគម្របដីដែលលោកមិនបានដាំ[កន្លែងផ្សេង]គឺលោកមិនដឹងពីតម្លៃទេ។
យ៉ាងណាក្ដី ដោយសារតែទទួលបានជោគជ័យលើការដាំដំណាំគម្របដីនេះលោកលឹម សុខុម បានផ្តល់យោបល់ដល់កសិករដទៃទៀតថា៖ «ខ្ញុំជាកសិករបានដាំដំណាំគម្របដីនេះវាបានធ្វើឱ្យដីរបស់ខ្ញុំមានជីជាតិ ធូរដី។ អ៊ីចឹងខ្ញុំចង់ចែករំលែកដល់កសិករផ្សេងទៀតគួរជួយខ្លួនឯងកាត់បន្ថយជីគីមីដោយដាំដំណាំគម្របដីដើម្បីផ្តល់ជាជី និងមានសារធាតុចិញ្ចឹមច្រើននៅក្នុងដី»។
ដោយឡែក លោក ស វែង ទីប្រឹក្សាបច្ចេកទេសនៃមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្ម អភិរក្សនៅកម្ពុជាដែលស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មបានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានក្នុងពេលចុះទៅពិនិត្យចម្ការផ្ទាល់នៅស្រុករតនមណ្ឌលកាលពីថ្ងៃទី ២៤ ធ្នូថា បច្ចេកទេសកសិកម្មអភិរក្សឬកសិអេកូឡូស៊ីត្រូវបានអនុវត្តតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ដោយផ្តោតលើការដាំដុះដាំដំណាំគម្របដីដែលកាត់បន្ថយការភ្ជួររាស់ ហើយគ្រប់គ្រងដីឱ្យមាននិរន្តរភាពតាមរយៈការដាំប្រភេទដំណាំគម្របដីនេះ។ ចំពោះដំណាំគម្របដីមានទី-១ ចង្ក្រង់ស្វាស្លឹកតូច (OChroleuca),ទី-២ ចង្ក្រង់ស្វាស្លឹកធំ (Sunnhemp),ទី៣- មីលែត(Pearl millet),ទី៤- សង់ត្រូ (Trocema),ទី៥- សណ្តែកអង្រែ (Pieeonpea),ទី៦- ស្តួយ (Sorghum) និងទី៧- ស្មិឡូ(Stylo guinensis)។
លោកបានបន្តថា សកម្មភាពការងាររបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មអភិរក្សនៅកម្ពុជាបានរៀបចំជាប្រព័ន្ធដាំដុះដែលត្រូវតែមានការធ្វើវិសុទ្ធកម្មដំណាំដែលត្រូវដាក់បញ្ចូលសារធាតុកាបូនទៅក្នុងដីតាមរយៈដំណាំគម្របដី។ ដូច្នេះដំណាំនេះវាអាចស្រូបកាបូនពីក្នុងបរិយាកាសចូលមកក្នុងដីវិញដោយបានជួយដល់ការប្រែប្រួលអាកាសធាតុ ការបំភាយកាបូនចូលក្នុងបរិយាកាស ហើយបើការបំភាយកាបូនមានកម្រិតខ្ពស់គឺជាផ្នែក ១ នៃឧស្ម័នផ្ទះកញ្ចក់។ការប្រែប្រួលអាកាសធាតុគឺវាទាក់ទងនឹងការបំភាយសារធាតុកាបូនចូលទៅក្នុងបរិយាកាស ហើយមានតែការទុកដាក់កាបូននៅក្នុងដីទេ ដែលអាចកាត់បន្ថយការប្រែប្រួលអាកាសធាតុបាន។
លោកបានថ្លែងថា៖ «អ៊ីចឹងតាមរយៈដំណាំគម្របដី ឬតាមរយៈការធ្វើវិសុទ្ធកម្មដំណាំគឺវាបានចាប់យកសារធាតុកាបូននៅក្នុងដីក៏ដូចជាចាប់យកពីបរិយាកាសមកផ្ទុកនៅក្នុងដីតាមរយៈការងារអនុវត្តន៍កសិកម្មអភិរក្សនេះ។កាបូនបើនៅក្នុងបរិយាកាសវាជាសារធាតុបំពុលបរិស្ថានតែបើវានៅក្នុងដីវិញវាជាសារធាតុមានប្រយោជន៍សម្រាប់ដីរបស់យើង»។
បើតាមលោក ស វែង ចំពោះវិធីសាស្ត្រដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុគឺមានវិធីសាស្ត្រច្រើន តែការងារអភិរក្សកសិកម្មអភិរក្សនេះក៏ជាផ្នែក ១ ដែលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ហើយដំណាំគម្របដីបានចាប់យកកាបូនឌីអុកស៊ីតពីក្នុងបរិយាកាសហើយស្តុកមកទុកនៅក្នុងដី។
លោកបានឱ្យដឹងដែរថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មអភិរក្សនៅកម្ពុជាបានគ្របដណ្តប់លើស្រុកបាណន់ រតនមណ្ឌល ស្រុកសង្កែ ស្រុកសំឡូត ហើយសកម្មភាពមួយចំនួនក៏មាននៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបងព្រមទាំងនៅក្រុងប៉ៃលិននិងស្រុកសាលាក្រៅ ខេត្តប៉ៃលិនផងដែរ។ចំពោះនៅខេត្តបាត់ដំបងមានផ្ទៃដីសរុបប្រមាណ ២ ០៦៩ហិកតាដែលមានកសិករសរុបប្រមាណ ១ ៥៦៤ គ្រួសារ កំពុងដាំដំណាំទាំងនេះ។
លោកបានបញ្ជាក់ដែរថា ការអនុវត្តការងារកសិកម្មអភិរក្ស ឬតាមបែបដាំដំណាំគម្របដីដែលបានចាប់ផ្តើមដំបូងតាំងពីឆ្នាំ ២០០៩ មក គឺកសិករមិនសូវចាប់អារម្មណ៍ទេ ដោយសារកាលនោះដីនៅក្នុងស្រុករតនមណ្ឌល ដីនៅមានជីជាតិក្នុងការធ្វើស្រូវបានទិន្នផលល្អ។លុះចាប់ពីឆ្នាំ ២០១៨ មក ប្រជាកសិករក្នុងស្រុករតនមណ្ឌលបានចាប់អារម្មណ៍
និងមានសម្ទុះកាន់តែខ្លាំងឡើង ហើយបើគិតមកទល់ដើមឆ្នាំ ២០២៣ គឺសម្រេចបានលើផ្ទៃដីជាង ២ ពាន់ហិកតា។នេះក៏ដោយសារមានគម្រោងគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជានៃក្រសួងបរិស្ថានផងដែរ។
លោកសែម សាវុធ មន្ត្រីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាបានលើកឡើងក្នុងបទបង្ហាញមួយដល់ក្រុមអ្នកសារព័ត៌មាននៅខេត្តបាត់ដំបងថា គម្រោងដំណាំគម្របដីគឺខុសពីគម្រោងបែបអនុវត្តដោយធ្វើយ៉ាងម៉េចជំរុញលើកកម្ពស់សមត្ថភាពកសិករ ជំរុញការផលិតកសិកម្មប្រើប្រាស់ជីសរីរាង្គធ្វើយ៉ាងណាដើម្បីចងក្រងជាសហគមន៍កសិករអីផ្សេងៗ។ គម្រោងមួយនេះជាគម្រោងកសិកម្មអភិរក្ស មានន័យថា វាជាបច្ចេកទេសកសិកម្មមួយថ្មីដែលកសិករមិនបាច់ប្រើជីទេ តែគាត់ដាំជាដំណាំគម្របដីវិញ។
លោកបានថ្លែងថា៖ «តំបន់ខ្ពង់រាបជាតំបន់ដែលងាយប្រឈមនឹងការប្រែប្រួលអាកាសធាតុតាមរយៈការហូរច្រោះដីតាមរយៈសំណឹកដី អ៊ីចឹងកាលណាដីហូរច្រោះតាមរយៈការធ្វើកសិកម្មមិនសមស្របនឹងធ្វើឱ្យដីនោះងាប់ឬហៅថាដីហឹរ ដូចនេះបើដីហឹរគឺដាំដំណាំអត់បានទេ អ៊ីចឹងបច្ចេកទេសកសិកម្មហ្នឹងគាត់ធ្វើម៉េចកែច្នៃដីនោះទៅជាដីរស់វិញ។ នៅពេលដែលដីមានជីសរីរាង្គគឺនៅក្នុងដីមានសត្វល្អិត មានជីវិតរស់នៅក្នុងដីហ្នឹង»។
លោកបានបន្តទៀតថា គម្រោងការធ្វើកសិកម្មអភិរក្សនេះគឺប្រជាកសិករបានធ្វើការសិក្សាស្រាវជ្រាវជាង ១០ ឆ្នាំមកហើយ តែក៏ចង់ដឹងថានៅពេលដែលគាត់ធ្វើពិសោធន៍នៅពេលដាំដំណាំគម្របដីខ្ពស់ៗនៅក្នុងដីបែបនេះហើយតើវាស្រូបយកកាបូនឧស្ម័នផ្ទះកញ្ចក់ពីក្នុងបរិយាកាសចូលទៅក្នុងដីបានកម្រិតណា?បើប្រៀបធៀបជាមួយនឹងការអនុវត្តតាមទម្លាប់ហើយនិងមកប្រើដំណាំគម្របដីតើវាជួយទៅដល់ការលើកកម្ពស់ជីជាតិនៅក្នុងដី ហើយទិន្នផលរបស់កសិកម្ម និងជីវភាពរបស់កសិកររបៀបម៉េចដែរ?
លោកបានថ្លែងថា៖ «អ៊ីចឹងយើងចង់ឱ្យមានការផ្សព្វផ្សាយបានកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជាយើងថាតើកសិករទៅអនាគតគាត់គួរតែអនុវត្តដំណាំដែលអត់ភ្ជួររាស់ ហើយដាំដំណាំគម្របដីឬក៏យ៉ាងម៉េច?ព្រោះបើគាត់ភ្ជួររាស់ធ្វើឱ្យកាបូនចេញពីក្នុងដី អ៊ីចឹងកាបូនជាឧស្ម័នផ្ទះកញ្ចក់ភាយទៅក្នុងបរិយាកាស»៕