ភ្នំពេញៈ ការតែតចូល ១ គ្រាប់របស់កីឡាករ ឡេង មករា បានក្លាយជាគ្រាប់បាល់ពិឃាតដែលធ្វើឱ្យក្រុមឈរនៅលើកំពូលតារាង ព្រះខ័នរាជស្វាយរៀង ជួបការបរាជ័យជាលើកដំបូង សម្រាប់ការប្រកួតរដូវកាលថ្មីនៃលីគកំពូលកម្ពុជា ចំណែកក្រុមវិសាខា និងបឹងកេតក៏មិនអាចដណ្តើមបាន៣ពិន្ទុពេញពីការប្រកួតប្រចាំសប្តាហ៍ទី១២ នេះដែរ។
តាមរយៈការប្រកួតនៅកីឡដ្ឋានខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី ៣ ខែធ្នូ ខ្សែបម្រើ ឡេង មករា បានលោតតែតបាល់ពីការទាត់ហ្វ្រ៊ីឃីករបស់ខ្សែការពារ នេន សុធារដ្ឋ បញ្ចូលទីរបស់ក្រុមស្វាយរៀងយ៉ាងល្អបំផុតនៅត្រឹមនាទីទី៦ ហើយជាមួយការនាំមុខយ៉ាងលឿននេះ ក្រុមស្វាយរៀង បានព្យាយាមវាយសម្រុកទៅលើក្រុមណាហ្គាយ៉ាងខ្លាំង ជាពិសេសនៅរយៈពេល ១០ នាទីចុងក្រោយ ព្រោះពួកគេចង់រកបានគ្រាប់បាល់មកវិញដើម្បីរក្សាកំណត់ត្រា មិនធ្លាប់ចាញ់សោះរបស់ខ្លួនសម្រាប់ការប្រកួត ១១ លើកកន្លងមក។
ក្រុមស្វាយរៀង បានបង្កើតឱកាសជាច្រើនលើកនៅក្នុងតំបន់គ្រោះថ្នាក់របស់ក្រុមណាហ្គាវើលដ៍ ប៉ុន្តែការដាក់រនាំងការពារយ៉ាងរឹងមាំរបស់ណាហ្គា និងការជួយសង្គ្រោះបាល់បានយ៉ាងល្អម្តងហើយម្តងទៀតពីសំណាក់អ្នកចាំទី ស៊ូ យ៉ាទី បានផ្តល់ការខកចិត្តខ្លាំងដល់ស្វាយរៀងដើម្បីទទួលយកការបរាជ័យ ១-០ នេះជាលើកដំបូង បន្ទាប់ពីការជួបគ្នាកាលពីការប្រកួតកាលជុំទី១ ស្វាយរៀងបានយកឈ្នះ ណាហ្គា ១-០ ដូចគ្នា។
ទោះបីជាយ៉ាងណា ការរបូត៣ពិន្ទុជាលើកដំបូងនេះ វាមិនទាន់ប៉ះពាល់ដល់ដំណើរការការគ្រប់គ្រងតំបន់កំពូលតារាងរបស់ក្រុមព្រះខ័នរាជស្វាយរៀងនៅឡើយទេ ព្រោះការឈ្នះ១០ និងស្មើក្រុមភ្នំពេញក្រោន ០-០ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា កន្លងទៅ វានៅតែជួយឱ្យស្វាយរៀងបន្តឈរនៅកំពូលតារាងដោយមាន ៣១ ពិន្ទុខ្ពស់ជាងគេ។
ជាមួយគ្នានេះ ក្រុមវិសាខា មិនអាចរក្សាការនាំមុខ ១-០ លើក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យរហូតដល់ចប់ការប្រកួតដើម្បីទទួលបាន៣ពិន្ទុពេញឡើយ។ នៅក្នុងការប្រកួតយ៉ាងស្វិតស្វាញនេះ ខ្សែប្រយុទ្ធBlasco Llorens Victoor បានតែតបញ្ចូលទីជួយឱ្យវិសាខា នាំមុខ ១-០ នៅនាទីទី៤៧ ប៉ុន្តែខ្សែប្រយុទ្ធ Ndongo Louis Willy បានស៊ុតទម្លុះសំណាញ់ទីក្រុមវិសាខា បានសម្រេចវិញនៅនាទីទី៧៥ ដែលធ្វើឱ្យជំនួបលើកនេះបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១។
ចំពោះការទទួលបាន ១ ពិន្ទុទាំងសោកស្តាយនេះ បានធ្វើឱ្យ វិសាខា ពេលនេះមាន ២៣ ពិន្ទុ គឺដាច់ឆ្ងាយពីក្រុមឈរនៅលេខ ១ ព្រះខ័នរាជស្វាយរៀងចំនួន៨ពិន្ទុ ចំណែក ISI ដង្កោសែនជ័យ ដែលបានបន្តឈរនៅលេខ ៤ ជាបណ្តោះអាសន្ននោះ មាន ១៧ ពិន្ទុ លើក្រុមបឹងកេត ១ ពិន្ទុដដែល ខណៈបឹងកេត បានព្យាយាមវាយបកតាមស្មើក្រុមព្រៃវែងអេហ្វស៊ី ២-២ នៅលើទឹកដីខ្លួនឯងទាំងលំបាក។
សម្រាប់ការប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីយប់ថ្ងៃអាទិត្យកន្លងទៅកីឡាករជប៉ុនNaoya Takai បានតែតបាល់បញ្ចូលទីរកបានគ្រាប់បាល់ទី១ ឱ្យក្រុមព្រៃវែងនៅត្រឹមនាទីទី៥ ហើយ Thiha Zaw បានស៊ុតបន្ថែម ១ គ្រាប់ទៀត នៅនាទីទី១៥ មុនពេលខ្សែប្រយុទ្ធ ម៉ាត់ នូរុណ បានស៊ុតបញ្ចូលទីបាន ១ គ្រាប់ឱ្យក្រុមបឹងកេតវិញ នៅនាទីទី៣០។
បន្ថែមលើគ្រាប់បាល់របស់ ម៉ាត់ នូរុណ នេះ ខ្សែប្រយុទ្ធ Golubovic Stefan បានស៊ុតបញ្ចូលទីបាន១គ្រាប់ទៀតដើម្បីជួយឱ្យបឹងកេត តាមស្មើក្រុមព្រៃវែង ២-២ នៅនាទីទី៨២។ តែទោះបីជាយ៉ាងណា អ្នកគាំទ្ររបស់ក្រុមបឹងកេតបានសម្តែងការមិនពេញចិត្តលទ្ធផលនេះទេ ហើយពួកគេបានទម្លាក់ការទទួលខុសត្រូវនេះ ទៅឱ្យគ្រូបង្គោលលោកTeo Sin Choy Clement ព្រោះការជួបគ្នាកាលជុំទី១ បឹងកេត បានត្រឹមស្មើក្រុមក្មេងខ្ចី ព្រៃវែង ១-១ ដូចគ្នា។
យ៉ាងណាក៏ដោយ លោក Teo Sin Choy Clement បានអះអាងនៅក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា លោកបានប្រឹងប្រែងខ្លាំងក្នុងការដឹកនាំក្រុមបឹងកេត តែអ្វីដែលជាគោលដៅធំរបស់លោកគឺការផ្តល់ឱកាសកីឡាករទាំង ៣០ នាក់របស់បឹងកេតបានលេងដើម្បីទទួលបានបទពិសោធន៍ និងឈានទៅបង្កើតបានក្រុមមួយដែលមានភាពខ្លាំងនិងរឹងមាំទៅថ្ងៃអនាគត ហើយការងារនេះ មិនមែនសម្រេចបានត្រឹមរយៈពេល ១ រដូវកាលនោះទេ។
គ្រូបង្វឹកសញ្ជាតិសិង្ហបុរីរូបនេះ បានបញ្ជាក់ថា៖ «សម្រាប់ការមកដឹកនាំក្រុមបឹងកេតនេះ ខ្ញុំមានការខំប្រឹងប្រែងណាស់ គឺមិនមែនមកដើម្បីសប្បាយ ឬជាការលម្ហែកាយទេ។ ខ្ញុំដឹងច្បាស់ពីតួនាទីដែលត្រូវធ្វើនៅទីនេះ គឺខ្ញុំចង់ផ្តល់ឱកាសឱ្យកីឡាករទាំង ៣០ នាក់ ដែលបានចុះឈ្មោះ បានលេងទាំងអស់គ្នា ហើយកីឡាកររបស់យើង ក៏មានការព្យាយាមខ្លាំងដូចគ្នា»។
លោកបានបន្ថែមថា៖ «ការប្រកួតស្មើជាមួយក្រុមព្រៃវែងនេះ ខ្ញុំមិនបានយកលេសថាមកពីកីឡាករមានរបួសទេ ហើយខ្ញុំក៏មិនសុំឱ្យអ្នកគាំទ្រទុកពេលឱ្យខ្ញុំដែរ ព្រោះខ្ញុំបានដឹងច្បាស់ពីអ្វីដែលខ្ញុំត្រូវធ្វើគឺការផ្តល់អ្វីគ្រប់យ៉ាងដែលខ្ញុំមានទៅឱ្យកីឡាករ។ខ្ញុំក៏បានប្រាប់កីឡាករដែរថា គេនឹងសរសើរយើង នៅពេលយើងឈ្នះ តែគេនឹងមិនពេញចិត្តឬរិះគន់យើង នៅពេលយើងលេងស្មើឬចាញ់ ប៉ុន្តែនេះជារឿងធម្មតានៅក្នុងបាល់ទាត់! សំខាន់យើងលេងបានល្អ ហើយការអភិវឌ្ឍក្រុម ១ ឱ្យបានល្អ មិនមែនប្រើពេលត្រឹមរយៈពេល ១១ ខែនេះទេ»៕