ភ្នំពេញៈ ក្លិបតេក្វាន់ដូចំនួន ៧ ក្នុងចំណោមក្លិបទាំង ២៤ នៅកម្ពុជា សុទ្ធតែដណ្តើមបានមេដាយមាសពីការប្រកួតតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២៣ តែលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហង់ជួន ណារ៉ុន ជាប្រធានខេមរសហព័ន្ធតេក្វាន់ដូបានលើកទឹកចិត្តដល់អត្តពលិកដែលមិនបានមេដាយគឺត្រូវខំប្រឹងប្រែងពង្រឹងសមត្ថភាពបន្ថែមដើម្បីឈានទៅទទួលបានជ័យជម្នះនៅពេលក្រោយ។
តាមរយៈការប្រកួតតេក្វាន់ដូ WT ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលបានធ្វើនៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ក្រុមអត្តពលិករបស់ក្រសួងមហាផ្ទៃ បានឈ្នះមេដាយមាស ៥ និងមេដាយប្រាក់ ៥ ពីការប្រកួតនៅលើប្រភេទវិញ្ញាសាទាំង ១៦ ដើម្បីឈរនៅលេខ១ ក្នុងនាមជាក្លិប ដែលឈ្នះបានមេដាយមាសច្រើនជាងគេ ខណៈក្រុមក្រសួងការពារជាតិឈរនៅលេខ២ ដោយឈ្នះមេដាយមាស ៤ ប្រាក់ ១ និងសំរឹទ្ធ ៣។
ចំណែកក្លិប Brain Storm របស់ខេត្តបាត់ដំបង បានឈរនៅលេខ៣ ដោយដណ្តើមបានមេដាយមាស ២ និងសំរឹទ្ធ ២ ហើយតាមពីក្រោយដោយក្លិបចំនួន ៤ ទៀត ដែលឈ្នះបានមេដាយមាសដែរ គឺក្លិបពិភពថ្មី ឈ្នះបានមេដាយមាស២ ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិបានមេដាយមាស ១ ប្រាក់ ២ សំរឹទ្ធ ៣ ក្លិប ABC ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានមេដាយមាស ១ ប្រាក់ ២ សំរឹទ្ធ ១ និងក្លិបបូរី ១០០ ខ្នង ដណ្តើមបានមេដាយមាស១។
ដោយឡែក ក្លិបតេហូ ក្លិបព្រះអាទិត្យ ក្លិបរតនគិរី ក្លិបបក្សីដែកខេត្តកណ្តាល ក្លិបBTមកពីខេត្តបាត់ដំបង និងក្លិបសុវណ្ណភូមិ របស់ខេត្តបាត់ដំបងដែរ បានឈ្នះត្រឹមមេដាយប្រាក់ និងសំរឹទ្ធ។ រីឯក្លិបពោធិ៍សែនជ័យ ក្លិបខ្លាស ក្លិបមិត្តភាព ក្លិប I-CAM ក្លិបហូសាណា ក្លិបឥន្ទ្រីខ្មៅ ក្លិប The Best ក្លិបមិត្តភាព ក្លិបវ៉ុនក្វាង ខេត្តបាត់ដំបង និងក្លិប Mahanaimបានឈ្នះត្រឹមមេដាយសំរឹទ្ធប៉ុន្តែក្លិបដូនពេញ មិនដណ្តើមបានមេដាយពីការប្រកួតថ្នាក់ជាតិនេះទេ។
តាមរបាយការណ៍របស់លោក គង់ សក្ខិដា អគ្គលេខាធិការរងខេមរសហព័ន្ធតេក្វាន់ដូបានឱ្យដឹងថា ការប្រកួតកីឡាតេក្វាន់ដូ WT ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះ មានប្រតិភូកីឡាតេក្វាន់ដូ WTចំនួន ១៦០ នាក់ បានចូលរួម ក្នុងនោះមានប្រតិភូគ្រូបង្វឹក ៣៩ នាក់ កីឡាករ ៦០ នាក់ និងកីឡាការិនី ៦១ នាក់ ដែលលេងតំណាងឱ្យក្លិបចំនួន២៤ គឺនៅរាជធានីភ្នំពេញមាន ១៥ ក្លិប និងមកពីតាមបណ្តាខេត្តចំនួន៩ក្លិប។
លោក គង់ សក្ខិដា បានបន្ថែមថា៖ «ការប្រកួតថ្នាក់ជាតិឆ្នាំ២០២៣នេះ អាចដំណើរការទៅបាន ដោយសារមានការគាំទ្រពីក្រសួងអប់រំតាមរយៈថវិកាគាំទ្រជួយពន្លឿនដល់ការអភិវឌ្ឍរបស់ខេមរសហព័ន្ធតេក្វាន់ដូ ប្រចាំឆ្នាំ២០២៣ សម្រាប់ជាឱកាសដល់អត្តពលិកទាំងអស់បានបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ក្នុងការដណ្តើមជយលាភីរៀងៗខ្លួនដើម្បីត្រៀមប្រមូលផ្តុំក្រុមជម្រើសជាតិនិងត្រៀមចូលរួមការប្រកួតកីឡាតេក្វាន់ដូ WT ជាលក្ខណៈអន្តរជាតិនានា ពិសេសត្រៀមចូលរួមប្រកួតជម្រុះកីឡាអូឡាំពិករដូវក្តៅនាខែមីនា ឆ្នាំ២០២៤ នៅប្រទេសចិន»។
ជាមួយគ្នានេះ លោកហង់ជួន ណារ៉ុន ដែលបានចូលរួមក្នុងពិធីបិទការប្រកួតថ្នាក់ជាតិផ្ទាល់ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគណៈកម្មាធិការប្រតិបត្តិខេមរសហព័ន្ធតេក្វាន់ដូ ដែលបានរៀបចំការប្រកួតកីឡាតេក្វាន់ដូ WT ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ និងប្រព្រឹត្តទៅដោយរលូនព្រោះកីឡាករ កីឡាការិនីទាំងអស់បានខិតខំហ្វឹកហាត់ និងគោរពបទបញ្ជាប្រកួតបានយ៉ាងខ្ជាប់ខ្ជួន ទោះបីជាលទ្ធផលចាញ់ឬឈ្នះក៏ដោយ។
លោកបានបញ្ជាក់ថា៖ «តាមរយៈរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតឃើញថា កីឡាករ កីឡាការិនីទាំងអស់ បានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យជម្នះ ចំណែកក្រុមអត្តពលិក ដែលពុំទទួលបានជយលាភីក្នុងឆ្នាំនេះសូមកុំអស់សង្ឃឹមគឺត្រូវត្រៀមខ្លួនសម្រាប់កម្មវិធីប្រកួតផ្សេងៗទៀត។ ទន្ទឹមនឹងនេះ សូមគ្រូបង្វឹកនិងអត្តពលិកទាំងអស់ ត្រៀមខ្លួនដើម្បីចូលរួមការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) នាឆ្នាំ២០២៩ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ»៕