ភ្នំពេញៈ កម្ពុជា ​និង​ចិន បន្ត​គាំទ្រ​សកម្មភាព​នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​ ២ តាមរយៈ​ការឯកភាព​គ្នា​រវាង​ក្រសួងការពារជាតិ​ប្រទេស​ទាំង​ ២ ទៅលើ​ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស ការដោះមីន​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ ស្រប​នឹង​ការប្តេជ្ញាចិត្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​រឹងមាំ​បន្ថែមទៀត ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​។​

ការបង្ហាញ​ការគាំទ្រ​និង​ប្តេជ្ញាចិត្ត​នៃប្រទេស​ទាំង​២ ធ្វើឡើង​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត និង​លោក​ហឺ វ័យ​ទុង ​(He Weidong) អនុប្រធាន​គណៈកម្មាធិកា​រ​យោធា​មជ្ឈិម​ចិន នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២៣ នា​វិមាន​សន្តិភាព​។

យោងតាម​ខ្លឹមសារ​នៃ​ជំនួប​ដែល​បាន​ផ្សព្វផ្សាយ​តាមរយៈ​តេ​ឡេ​ក្រាម លោក ​ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា លោក ​ហឺ វ័យ​ទុង បានលើកឡើង​ពី​ទំនាក់ទំនង​យ៉ាងរឹងមាំ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា​និង​ចិន និង​ការប្តេជ្ញាចិត្ត​បន្ត​ជំរុញ​ទំនាក់ទំនង​នេះ​លេចចេញ​ជា​សកម្មភាព ស្របតាម​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​។​

លោក វ័យ​ទុង ថ្លែងថា​៖ «​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ចំណង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​២ នឹង​កាន់​តែមាន​ភាពរឹងមាំ​ថែមទៀត សំដៅ​ឆ្ពោះទៅ​សម្រេចបាន​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន ប្រកៀក​ស្មា​គ្នា​ឆ្ពោះទៅមុខ​ក្នុង​ដំណើរ​ថ្មី​»​។​

ជាមួយគ្នានេះ លោក​ ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​ដែរ​ថា លោក​ប្រធានា​ធិបតី និង​នាយករដ្ឋមន្ត្រី​ចិន​តែង​យកចិត្តទុកដាក់​លើ​ទំនាក់ទំនង​គ្រប់​កម្រិត​ជាមួយ​កម្ពុជា ខណៈ​ឆ្នាំ​២០២៣ ជា​គម្រប់​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​២ តាំងពី​សម័យ​ដែល​ដឹកនាំ​ដោយ​សម្តេចព្រះ​បរម​រតន​កោដ្ឋ មកដល់​សម័យ​លោក​ហ៊ុន សែន និង​សម័យកាល​លោក​ផង​ដែរ​។​

លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​រំឭក​ដែរ​ថា កាលពី​លោក​នៅ​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ លោក​បាន​ផ្តួចផ្តើម​ជំរុញ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក​ង​ទ័ពជើងគោក​ប្រទេស​ទាំង​២ រហូត​មាន​ការចុះ​អនុស្សរណៈ​យោគយល់​​គ្នា ដែលជា​ច្រក​ទៅរក​ទំនាក់ទំនង​រវាង​អង្គភាព និង​អង្គភាព ការហ្វឹកហ្វឺន​បណ្តុះបណ្តាល ដើម្បី​លើកកម្ពស់​សមត្ថភាព​ក​ង​ទ័ពជើងគោក​កម្ពុជា​។​

តាមរយៈ​ខ្លឹមសារ​នៃ​ជំនួប​ដដែល​នេះ បាន​បន្តថា ភាគី​ទាំង​២ បាន​បន្ត​គាំទ្រ​ដល់​សកម្មភាព​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​នា​នា ដែល​ក្រសួងការពារជាតិ​ប្រទេស​ទាំង​២ បាន​ឯកភាព ដូចជា ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស ការដោះមីន និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ ជាដើម​។​

នៅ​ថ្ងៃ​ដដែល​នោះដែរ លោក​ ហឺ វ័យ​ទុង ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ផងដែរ​នា​វិមាន​៧​មករា​។ នេះ​បើ​យោងតាម​ខ្លឹមសារ​ដែល​ផ្សាយ​ដោយ​ហ្វេ​ស​ប៊ុ​ក​គណបក្ស​ប្រជាជន​កម្ពុជា​។​

ប្រភព​ដដែល​បានឱ្យដឹងថា លោក ​ហ៊ុន សែន បាន​លើកឡើងថា តាំងពីដើម​រៀងមក គណបក្ស​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា តែង​ប្រកាន់ខ្ជាប់​នូវ​នយោបាយ​ចិន​តែមួយ គាំទ្រ​ចិន និង​តួនាទី​របស់​ចិន នៅលើ​ឆាក​អន្តរជាតិ ដើម្បី​ជា​ផលប្រយោជន៍​តំបន់ និង​ពិភពលោក​ទាំងមូល​។ ការរីកចម្រើន​របស់​ចិន មិន​ត្រឹមតែ​ជួយ​ធ្វើឱ្យ​ចិន​ខ្លួនឯង​រឹងមាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ដល់​ការរីកចម្រើន​របស់​តំបន់ និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ​។​

លោក​ហ៊ុន សែន សង្កត់ធ្ងន់ថា ៖ «​កម្ពុជា​និង​ចិន ត្រូវតែ​បន្ត​ពង្រឹង​និង​ពង្រីក​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ មិត្តភាព​ដែកថែប កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ និង​ជំរុញ​ច្រករបៀង​ឧស្សាហកម្ម បច្ចេកវិទ្យា និង​ច្រករបៀង​អង្ករ និង​មច្ឆា ដើម្បី​រួមគ្នា​កសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន ទៅ​ថ្ងៃ​អនាគត​»​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​យល់ថា ទំនាក់ទំនង​កម្ពុជា​-​ចិន បាន​ឈានដល់​លក្ខណៈ​ល្អ​ខ្លាំង​ដែល​ពុំ​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ ខណៈ​ភាគី​ទាំង​២ បន្ត​ប្តេជ្ញាចិត្ត​ពង្រឹង​បន្ថែមទៀត​។ 

លោក​ថា ប្រទេស​ទាំង​២ មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ស្ទើ​រគ្រប់​វិស័យ​ទាំង​ទិដ្ឋភាព​សេដ្ឋកិច្ច ទាំង​ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។​

លោក គិ​ន ភា ថ្លែងថា​៖ «​ទំនាក់ទំនង​ល្អ​រវាង​ចិន​និង​កម្ពុជា​នេះ ជា​ឆន្ទៈ​ទ្វេ​ទិស ហើយ​ជា​តម្រូវការ​គ្នា​ទៅវិញទៅមក ទាំង​នយោបាយ ភូមិសាស្ត្រ និង​ភូមិសាស្ត្រ​នយោបាយ​»​។​

លោក​បាន​បន្ថែមថា ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​ និង​ចិន មិនគួរ​ក្លាយទៅជា​បញ្ហា​ប្រឈម​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​នានា​ទៀតឡើយ ខណៈ​កម្ពុជា​មិនដែល​បិទទ្វារ​ការទូត​ជាមួយ​ប្រទេស​ណាមួយ ហើយ​តែង​ធ្វើ​ពិពិធ​កម្ម​នយោបាយ​ការបរទេស សេដ្ឋកិច្ច ទីផ្សារ​របស់ខ្លួន សំដៅ​ដល់​នយោបាយ​ការបរទេស​ផ្កា​ចម្រុះ​ពណ៌​៕