ភ្នំពេញៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដល់គោលការណ៍ឱ្យក្រសួងទេសចរណ៍ និងគណៈអភិបាលខេត្តទាំង៤ រួមមានព្រះសីហនុ កំពត កោះកុង និងខេត្ដកែប ជំរុញការរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តជាប់សមុទ្រទាំង ៤ របស់កម្ពុជា ដោយរំពឹងថា នឹងអាចរួចរាល់នៅឆ្នាំ២០២៤ ខាងមុខនេះ។
ថ្លែងនៅក្នុងពិធីប្រកាសបិទបុណ្យសមុទ្រលើកទី១០ នៅខេត្ដកែប នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការផ្សព្វផ្សាយកម្ពុជា ទៅកាន់ឆាកអន្តរជាតិ គឺជារឿងសំខាន់ណាស់ ដើម្បីទាក់ទាញទេសចរមកកាន់ប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា ៖«ខ្ញុំសុំឱ្យគណៈអភិបាលរាជធានីខេត្ត គណៈកម្មការអភិវឌ្ឍន៍គ្រប់គ្រងឆ្នេរ ត្រូវរៀបចំផែនការមេមួយដើម្បីភ្ជាប់ឆ្នេរទាំង៤ របស់យើង។ ក្នុងនោះ យើងបានរៀបចំផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាខេត្តដែលមានសក្តានុពលពហុបំណង។ ឥឡូវត្រូវភ្ជាប់ទៅកាន់ខេត្ត៣ទៀត ដែលផែនការមេកំពុងកសាង សង្ឃឹមថានឹងចប់នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ»។
លោកបានបន្តថា ផែនការមេនេះកសាងឡើងដើម្បីថែរក្សាតម្លៃ និងទាញឱ្យបាននូវសក្តានុពលនៅកន្លែងនីមួយៗឱ្យអស់លទ្ធភាព ដោយមិនត្រឹមផលប្រយោជន៍រយៈពេលខ្លីនោះទេ តែត្រូវថែរក្សានៅក្នុងរយៈពេលវែងផងដែរ ដែលនេះគឺជាគោលការណ៍សំខាន់របស់រាជរដ្ឋាភិបាល។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ខេត្តទាំង៤ របស់យើង បើផ្គុំគ្នាមិនធំពេកនោះទេ ដោយយើងមានឆ្នេរ យើងមានសក្តានុពលកំពង់ផែ យើងមានសក្តានុពលពហុបំណង ជាដើម។ ការរៀបចំផែនការមេនេះគឺ ដើម្បីធានាយ៉ាងណាឱ្យការអភិវឌ្ឍយើងមានផែនការ ធានាកុំឱ្យខេត្តទាំង៤ គឺជាខេត្តប្រកួតប្រជែងគ្នា តែគឺជាខេត្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីយើងបង្កើតខេត្តឆ្នេរសមុទ្ររបស់យើង ទៅជាខេត្តដែលប្រមូលកម្លាំងរួមជួយជំរុញសក្តានុពលតំបន់សមុទ្ររបស់កម្ពុជា»។
លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា ដោយសារការផ្សព្វផ្សាយ ទេសចរបរទេសច្រើនណាស់ បានមកលេងកម្ពុជា ហើយត្រឡប់ទៅវិញ បានផ្សព្វផ្សាយពីមាត់មួយ ទៅមាត់មួយនេះ គឺសំខាន់ណាស់ដែលឱ្យពួកគាត់ឃើញជាក់ស្ដែង ទុកចិត្ដជាក់ស្ដែង។នេះជាសក្ដានុពលសំខាន់លើវិស័យទេសចរណ៍ដែលត្រូវលើកកម្ពស់ ចំពោះសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត ក៏បានប្រាប់ឱ្យក្រសួងសាមីខិតខំបង្កើតផលិតផលទេសចរណ៍ឱ្យបានច្រើនដើម្បីទាក់ទាញអ្នកទេសចរផងដែរ ខណៈដែលវិស័យនេះ មិនត្រឹមតែបង្កើនកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជន កាត់បន្ថយភាពក្រីក្រនោះទេ ប៉ុន្ដែថែមទាំងផ្សព្វផ្សាយ ទៅដល់ប្រជាពលរដ្ឋ នៅលើពិភពលោកពីកម្ពុជា ដែលមានអរិយធម៌ខ្ពង់ខ្ពស់, វប្បធម៌រុងរឿង ប្រវត្ដិយូរអង្វែង និងទាក់ទាញទាំងទេសចរណ៍ ទាំងការវិនិយោគផ្សេងៗថែមទៀតផង។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលបានចូលក្នុងកម្មវិធីបុណ្យសមុទ្រលើកទី១០ នេះដែរ បានបង្ហាញការយល់ឃើញថា ការលើកកម្ពស់កិត្ដិនាមរបស់ជាតិ និងបង្កើតការចាប់អារម្មណ៍ ក៏ដូចជាភាពជឿជាក់ របស់ប្រជាពលរដ្ឋ ជាពិសេសស្ថានភាពដូចប្រទេសកម្ពុជា ដែលប្រវត្ដិសាស្ដ្រធ្លាប់តែជាប្រទេសកើតសង្គ្រាម ជាប្រទេសអស្ថិរភាព ដែលនៅក្រៅប្រទេសភាគច្រើន និយាយពីកម្ពុជា គឺភ្ជាប់ជាមួយនឹងសង្គ្រាមនៅវៀតណាម។
លោកស្រីបាននិយាយថា៖«យើងគាំទ្រ ចំពោះការលើកឡើងរបស់សម្តេចធិបតីនេះ ព្រោះថាការផ្សារភ្ជាប់ខេត្តទាំង៤ នេះ គឺជាប្រមូលផ្តុំកម្លាំងដ៏ធំ ដើម្បីជួយគ្នាក្នុងការអភិវឌ្ឍតំបន់ឆ្នេររបស់យើងឱ្យកាន់មានភាពទាក់ទាញ និងមានភាពល្បីល្បាញ។ វាក៏នឹងអាចជួយគាំទ្រគ្នាទៅវិញ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធរវាងខេត្តនីមួយៗ សេវាកម្ម និងផលិតផលទេសចរណ៍ដទៃទៀតផងដែរ»។
យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេល ១០ ខែ ឆ្នាំ២០២៣នេះ កម្ពុជា ទទួលបានភ្ញៀវអន្ដរជាតិ ប្រមាណ ៤,៤ លាននាក់ និងទេសចរជាតិប្រមាណ ១២,២ លាននាក់។ ផ្អែកតាមនិន្នាការនេះកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្ដរជាតិ ប្រមាណ ៥,៤ លាននាក់ និងទេសចរជាតិប្រមាណ ១៥លាននាក់ សម្រាប់ឆ្នាំ២០២៣ នេះ៕