ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឯកភាព និងទទួលស្គាល់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ខណៈគណបក្សភ្លើងទៀន តាមរយៈគណបក្សឆន្ទៈខ្មែរ ក៏បានដាក់ពាក្យស្នើចុះបញ្ជីផងដែរ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
ការទទួលស្គាល់នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ ដែលដឹកនាំដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.បនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
គ.ជ.ប បានបានពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ កាលពីថ្ងៃទី៣១ ខែតុលា និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ទាក់ទងនឹងពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា និងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សាខណ្ឌ (ប.ន.ក)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានលើកឡើងថា ៖«គ.ជ.ប បានពិនិត្យ និងសម្រេចលើឯកសារសម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងសម្រេចបង្កើតគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាផងដែរ»។
ទន្ទឹមគ្នានេះដែរ សម្ព័ន្ធភាពឆ្ពោះទៅអនាគត ដែលមានគណបក្យនយោបាយចំនួន៤ បញ្ចូលគ្នា បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងដែរថា គណបក្សភ្លើងទៀន បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជាផ្លូវការតាមរយៈគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សនយោបាយ នៃសម្ព័ន្ធភាពឆ្ពោះទៅអនាគត នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ប្រភពដដែលបានបញ្ជាក់ថា៖ «គណបក្សឆន្ទៈខ្មែរ នឹងដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជាផ្លូវការ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅវេលាម៉ោង ២:០០នាទីរសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ»។
ជុំវិញរឿងនេះ លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់ឱ្យដឹងថា ក្នុងរយៈពេលនៃការដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ របស់គណបក្សនយោបាយ មានរយៈពេល ១៥ថ្ងៃ ដោយបានចាប់ផ្តើមពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជា បានសម្រេចឯកភាពរួចហើយ។
ចំណែកគណបក្សភ្លើងទៀនតាមរយៈគណបក្សឆន្ទៈខ្មែរ ដែលដាក់ពាក្យស្នើមកនៅថ្ងៃទី៤ ខែធ្នូ ខាង គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ។
លោក សោម សូរីដា ថ្លែងថា៖ «ព្រឹកមិញនេះ គ.ជ.ប បានសម្រេចទទួលស្គាល់គណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាជាផ្លូវការហើយ។ អ៊ីចឹង បើយើងពិនិត្យពេលវេលានៃការពិនិត្យនេះ គឺមានរយៈពេល ៧ថ្ងៃ ដោយគណបក្សប្រជាជនកម្ពុជា បានស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជន តាំងពីថ្ងៃទី២៧ ខែវិច្ឆិកាមក»។
លោកបន្ថែមថា៖ «ដូចគ្នានេះដែរ សម្រាប់គណបក្សឆន្ទៈខ្មែរ ដែលមកចុះបញ្ជីនៅថ្ងៃនេះ ក៏ គ.ជ.ប ប្រើរយៈពេល ៧ថ្ងៃ ក្នុងការពិនិត្យមើលលក្ខខណ្ឌ ហើយនឹងទទួលស្គាល់ជាផ្លូវការ បើពិនិត្យមើលគ្រប់លក្ខខណ្ឌរួចហើយ»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់ធ្វើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥៕