ភ្នំពេញៈ និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទទួលបានជយលាភីលេខ ១ ក្នុងការប្រកួតសវនាការប្រឌិតថ្នាក់ជាតិ ស្តីពីនីតិមនុស្សធម៌អន្តរជាតិ ឆ្នាំ ២០២៣ ហើយពួកគេនឹងបន្តទៅចូលរួមប្រកួតប្រជែងថ្នាក់តំបន់ នៅទីក្រុងហុងកុង ប្រទេសចិន នៅឆ្នាំ ២០២៤ ខាងមុខ។
និស្សិតច្បាប់ ១ ក្រុម មានចំនួន ៣ នាក់ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE) នាថ្ងៃទី៣ ខែធ្នូ ទទួលបានជយលាភីលេខ១ សម្រាប់ការប្រកួតសវនាការប្រឌិតថ្នាក់ជាតិ ស្តីពីនីតិមនុស្សធម៌អន្តរជាតិ ឆ្នាំ២០២៣។ ការប្រកួតនេះត្រូវបានរៀបចំឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដោយសហការជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ.វ.ត.ក.នាថ្ងៃទី៤ ខែធ្នូ។
ក្រុមនិស្សិតច្បាប់ចំនួន ៤ ក្រុម មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង បានចូលរួមការប្រកួតសវនាការប្រឌិតថ្នាក់ជាតិ ស្តីពីនីតិមនុស្សធម៌អន្តរជាតិ ឆ្នាំ២០២៣ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ នៅក្នុងបន្ទប់សវនាការ អ.វ.ត.ក.។ អ្នកប្រកបវិជ្ជាជីវៈច្បាប់ចំនួន ៧ រូប រួមទាំងចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូងផង បានបំពេញមុខងារជាចៅក្រមវិនិច្ឆ័យក្នុងការប្រកួតប្រជែងនេះ។
អ.វ.ត.ក បានបញ្ជាក់ថា ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនោះ រួមមាន កញ្ញាជា ដាលីនណា កញ្ញាតាំង គឹមសួ និងកញ្ញាហ៊ន សុខងីម។ ពួកគេនឹងបន្តទៅចូលរួមប្រកួតប្រជែងថ្នាក់តំបន់នៃការប្រកួតសវនាការប្រឌិត ស្តីពីនីតិមនុស្សធម៌អន្តរជាតិ ក្នុងឆ្នាំ២០២៤ ដែលនឹងរៀបចំនៅទីក្រុងហុងកុង។
កញ្ញាជា ដាលីនណា បានសម្ដែងការសប្បាយចិត្ត និងមានមោទនភាព ចំពោះជោគជ័យនេះ ហើយបានថ្លែងអំណរគុណចំពោះសហប្រឹក្សា និងអ្នកស្រាវជ្រាវ ដែលបានរួមចំណែក រហូតឈានដល់ទទួលបានជោគជយទាំងអស់នេះ។
ដាលីនណា បាននិយាយនៅក្នុងសេចក្តីប្រកាសថា៖ «ចំពោះនិស្សិតច្បាប់ផ្សេងទៀត ពួកគេគួរតែព្យាយាមចូលរួមការប្រកួតសវនាការប្រឌិតថ្នាក់ជាតិ ស្តីពីនីតិមនុស្សធម៌អន្តរជាតិ ដូចពួកយើង ព្រោះនេះជាឱកាសដើម្បីទទួលបានចំណេះដឹងបន្ថែម និងយល់ដឹងពីរបៀបធ្វើការស្រាវជ្រាវជាច្រើនទៀត»។
ដាលីនណា បានបន្តថា៖ «បន្ទាប់ពីពួកយើងចូលរួមការប្រកួតនេះ យើងបានទទួលចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងព្រោះវាមិនងាយស្រួលទេក្នុងការទទួលបានចំណេះដឹង [ដោយ]គ្រាន់តែសិក្សា។ ជាឧទាហរណ៍ការរៀនពីសម្មតិកម្ម [ករណីសិក្សា] តាមរយៈការប្រកួតប្រជែង គឺពិតជាល្អខ្លាំងណាស់»។
អ.វ.ត.ក.ក៏បានអបអរសាទរដល់និស្សិតទាំងអស់ ដែលបានចូលរួម និងបានខិតខំប្រឹងប្រែងលើកកម្ពស់គោលការណ៍សំខាន់ៗស្តីពីនីតិមនុស្សធម៌អន្តរជាតិ និងរង់ចាំបន្តគាំទ្រយ៉ាងសកម្មដល់គំនិតផ្តួចផ្តើមទាំងនេះក្នុងអំឡុងពេលបំពេញមុខងារសេសសល់៕