ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងខិតខំសិក្សាស្រាវជ្រាវបង្កើតពូជដំណាំថ្មីៗដែលធន់នឹងអាកាសធាតុដើម្បីចែកជូនដល់ប្រជាកសិករដាំដុះ ខណៈដែលក្រសួងក៏នឹងជ្រោមជ្រែងស្វែងរកទីផ្សារសម្រាប់កសិករផងដែរ។
នៅក្នុងដំណើរដឹកនាំអ្នកសារព័ត៌មានទៅទស្សនកិច្ចសិក្សានៅឃ្លាំងសហគមន៍កសិកម្មប្រមូលទិញស្វាយចន្ទីអូរគគីរ ដែលមានទីតាំងនៅឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីចុងសប្តាហ៍មុន កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា វាជាកត្តាសត្យានុម័ត ដោយដំណាំទាំងអស់ មិនអាចចៀសផុតបានទេ ក្នុងការរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ។
កញ្ញា បានបញ្ជាក់ថា៖«ក្រសួងកសិកម្ម តាមរយៈអគ្គនាយកដ្ឋានកសិកម្ម ជាបន្តបន្ទាប់បាននិងកំពុងតែព្យាយាមស្រាវជ្រាវ និងបង្កើតប្រភេទពូជដំណាំថ្មីៗ ជាពិសេសពូជដំណាំដែលមានសក្តានុពលដូចជាស្វាយចន្ទីនេះជាដើម ដោយធ្វើយ៉ាងណាឱ្យវាមានភាពធន់ទៅនឹងអាកាសធាតុ មានគុណភាព និងទទួលបានទិន្នផលច្រើន»។
អ្នកនាំពាក្យក្រសួងកសិកម្មបានបន្តថា នៅពេលដែលអគ្គនាយកដ្ឋានកសិកម្ម ផលិតបានពូជដំណាំថ្មីមកហើយ ក្រសួងនឹងព្យាយាមឱ្យអស់ពីលទ្ធភាពក្នុងការផ្សារភ្ជាប់កសិករទៅនឹងទីផ្សារ ក៏ដូចជាសហគមន៍កសិកម្មទៅកាន់ទីផ្សារ ហើយពិសេសធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចលក់ចេញកសិផលរបស់ខ្លួន ដោយទទួលបានតម្លៃបន្ថែមខ្ពស់ និងទទួលបានផលចំណេញច្រើនជាងមុន។
នៅគ្រានោះដែរ លោក អ៊ិន ចាន់ថា អនុប្រធាននាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងដែរថា ផលប៉ះពាល់នៃអាកាសធាតុទៅលើដំណាំស្វាយចន្ទីជាបញ្ហាចោទមួយសម្រាប់ក្រសួង ជាពិសេសទៅលើដំណាំស្វាយចន្ទីដែលជាដំណាំប្រកាន់រដូវដោយដំណាំនេះត្រូវដល់រដូវរបស់វាទើបចេញផ្កា។
លោកបានបន្ថែមថា ជាទូទៅស្វាយចន្ទីចាប់ផ្តើមចេញផ្កានៅខែវិច្ឆិកា ក្នុងពេលអស់ទឹកភ្លៀង ប៉ុន្តែនៅពេលដែលមានការប្រែប្រួលអាកាសធាតុ ឆ្នាំខ្លះទឹកភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ចន្ទីនៅពេលចេញផ្កា ចេញត្រួយ។
លោក អ៊ិន ចាន់ថា បានបញ្ជាក់ថា៖«បញ្ហាដែលសំខាន់នោះគឺសន្សើមប្រៃដែលធ្វើឱ្យប៉ះពាល់ដល់ទិន្នផលចន្ទី។សព្វថ្ងៃអ្នកជំនាញរបស់យើងបាននិងកំពុងខិតខំរកបច្ចេកទេសដើម្បីទប់ស្កាត់ការពារសន្សើមប្រៃនេះ ដើម្បីឱ្យចន្ទីទទួលបានផល»។
លោកបានបន្តថា ក្រោយពីមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកសិកម្មបានចែករំលែកបច្ចេកទេស និងបណ្តុះបណ្តាលពីវិធីសាស្ត្រនានាក្នុងការដោះស្រាយបញ្ហានេះ បច្ចុប្បន្នបញ្ហាសន្សើមប្រៃទៅលើស្វាយចន្ទីបានកាត់បន្ថយបានច្រើន។
ចំណែកអ្នកស្រី វេន សាវីន ប្រធានសហគមន៍កសិកម្មប្រមូលទិញស្វាយចន្ទីអូរគគីរ បានឱ្យដឹងដែរថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យដំណាំស្វាយចន្ទីត្រូវរងផលប៉ះពាល់ច្រើន ដោយបានធ្វើឱ្យកសិករខាតបង់ ព្រោះការទទួលបានទិន្នផលតិច ខណៈការចំណាយថ្លៃដើមផលិតច្រើន។
ទោះជាបែបនេះក្តី អ្នកស្រី វេន សាវីន អះអាងថា បញ្ហានេះត្រូវបានកាត់បន្ថយជាអតិបរមា បន្ទាប់ពីក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធជួយជ្រោមជ្រែងនាពេលកន្លងមក។
អ្នកស្រី បាននិយាយថា៖«សហគមន៍យើងបានទទួលបានការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មពីមន្ទីរ ពីអង្គការ GIZ ដូចជា ការតាក់តែងមែក ការថែទាំស្លឹកត្រួយផ្កា ថែមកែច្នៃជីទឹកសម្រាប់ប្រើប្រាស់ជាជំនួយទៅលើស្វាយចន្ទីរបស់កសិករក្នុងភូមិរបស់យើង»។
បើតាមអ្នកស្រី វេន សាវីន ក្នុង ១ ឆ្នាំ សហគមន៍កសិកម្មប្រមូលទិញស្វាយចន្ទីអូរគគីរ អាចប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករបានប្រមាណជាង ៤០០ តោន ដោយក្នុងបរិមាណនេះ ក្រុមហ៊ុនឯកជន ដែលបានចុះកិច្ចសន្យាកសិកម្មជាមួយសហគមន៍ប្រមូលទិញទាំងអស់ រីឯតម្លៃវិញគឺសមរម្យ ដែលធ្វើឱ្យកសិកម្មអាចចំណេញបាន។
សូមជម្រាបថា បើតាមក្រសួងកសិកម្ម បច្ចុប្បន្ន ពូជដំណាំស្វាយចន្ទីដែលកំពុងមានការដាំដុះច្រើនជាងគេនៅកម្ពុជា គឺពូជស្វាយចន្ទី M២៣ ដែលមានប្រមាណជាង ៩០ ភាគរយ ក្នុងចំណោមពូជស្វាយចន្ទីជាច្រើនទៀតដែលក្រសួងកសិកម្ម និងអ្នកជំនាញបានរកឃើញ។នៅក្នុងនោះមានពូជ ៤ ប្រភេទ ដែលត្រូវបានក្រសួងកសិកម្ម ចុះបញ្ជីទទួលស្គាល់ថា ពូជស្វាយចន្ទីកម្ពុជា ដោយប្រទេសនានាមិនយកពូជនេះទៅធ្វើរបស់ខ្លួនបានទេ រួមមាន M២៣ M 10, IM 4 និង H09៕