បាត់ដំបងៈ រដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំកម្មវិធីពិព័រណ៍ម្ហូបអាហារ និងកម្មវិធីឆ្លងឆ្នាំសកល ២០២៣ ចូលឆ្នាំ ២០២៤ នៅថ្ងៃទី ២៩ ៣០ និង ៣១ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខ ដើម្បីអបអរសាទរចំពោះទីក្រុងបាត់ដំបង ដែលបានចុះបញ្ជីបណ្ដាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារ។
យោងតាមទំព័រហ្វេសប៊ុករបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹត្តិការណ៍នេះមានការរៀបចំពិសេសៗដូចជា ភូមិម្ហូបខ្មែរ, ពិព័រណ៍ម្ហូបអាហារ និងផលិតផលមន្ទីរអង្គភាព ក្រុង-ស្រុកទូទាំងខេត្ត, ពិព័រណ៍ម្ហូបអាហារអ្នកបាត់ដំបង និងពិព័រណ៍ភូមិ១ផលិតផល១ផងដែរ។
មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបន្តថា៖«ជាមួយគ្នានេះ កម្មវិធីនេះក៏នឹងមានការសម្តែងសិល្បៈ, ការប្រគំតន្ត្រីខ្នាតយក្ស,ពិធីបាញ់កាំជ្រួច…។ បើបងប្អូនអាជីវករមានចំណាប់អារម្មណ៍ចង់លក់នៅស្តង់ពិព័រណ៍ម្ហូបអាហារ ឬភូមិម្ហូបខ្មែរ សូមទាក់ទងមកមន្ទីរទេសចរណ៍ខេត្តបាត់ដំបង»។
មន្ទីរទេសចរណ៍ បានបញ្ជាក់ដែរថា ការចូលរួមតាំងពិព័រណ៍ម្ហូបនេះ មិនមានការបង់ថ្លៃតូបឡើយ។
ទាក់ទងនឹងការរៀបចំកម្មវិធីនេះដែរ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានឱ្យដឹងបន្ថែមនៅថ្ងៃទី៤ ខែធ្នូ ថា ព្រឹត្តិការណ៍នេះ ត្រូវបានរដ្ឋបាលខេត្តបានរៀបចំម្តងរួចមកហើយ កាលពីឆ្នាំមុន ដោយមានការចូលរួមពីអាជីវករ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកបានបន្តថា ការរៀបចំនេះគឺក្នុងគោលបំណងដើម្បីអបអរសារទរពីឆ្លងឆ្នាំសកល និងអបអរសាទរចំពោះទីក្រុងបាត់ដំបងដែលបានចុះបញ្ជីក្នុងបណ្ដាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ(UCCN)ផ្នែកម្ហូបអាហារ។
លោក សុខ លូ បានបញ្ជាក់ថា៖ «កាលពីឆ្នាំទៅ យើងធ្វើរយៈពេល២ថ្ងៃ ប៉ុន្តែឆ្នាំនេះយើងនឹងធ្វើ៣ថ្ងៃជាប់ៗគ្នា ដើម្បីបង្កការសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋក្នុងពេលឆ្លងឆ្នាំសកលឆ្នាំនេះផងដែរ។យើងសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីប្រជាពលរដ្ឋច្រើនដូចឆ្នាំមុនដែរ ដោយសារតែឆ្នាំនេះយើងធ្វើរយៈពេល៣ ថ្ងៃ»។
បើតាម លោក សុខ លូ មុខម្ហូបជាច្រើនដែលធ្វើដោយស្នាដៃរបស់ប្រជាពលរដ្ឋខេត្តបាត់ដំបងនឹងដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍មួយនេះដើម្បីឱ្យប្រជាពលរដ្ឋដែលមកកម្សាន្តបានភ្លក្សផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែតុលា ទីក្រុងបាត់ដំបងត្រូវបានជាប់ជា«បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ»ក្នុងចំណោមទីក្រុងចំនួន៥៥ដែលត្រូវបានដាក់បញ្ចូលបន្ថែមក្នុងបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ(UCCN)៕