ភ្នំពេញ: នៅក្នុងទីក្រុងភ្នំពេញដ៏រស់រវើក និងសម្បូរបែបនៃវប្បធម៌ មហោស្រពរូបថតភ្នំពេញ (PPP) តំណាងឱ្យភាពច្នៃប្រឌិត និងការផ្លាស់ប្តូរនឹងប្រារឰខួបលើកទី១៤ របស់ខ្លួននៅឆ្នាំនេះចាប់ពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោយចាប់បដិសន្ធិតាំងពីឆ្នាំ ២០០៨។
ពីចក្ខុវិស័យក្នុងការផ្តល់វេទិកាសម្រាប់អ្នកថតរូបវ័យក្មេងកម្ពុជាដើម្បីបង្ហាញស្នាដៃពួកគេ បានវិវឌ្ឍទៅជាព្រឹត្តិការណ៍ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិដែលភ្ជាប់គម្លាតរវាងអាស៊ី និងអឺរ៉ុប ជំរុញកិច្ចសហប្រតិបត្តិការ និងការផ្សព្វផ្សាយពីភាពចម្រុះនៃការថតរូប។
លោក Christian Caujolle នាយកសិល្បៈនៃមហោស្រពរូបថតភ្នំពេញ គឺជាឥស្សរជនលេចធ្លោ ១ រូបក្នុងកម្មវិធី Photo Phnom Penh Festival បានឱ្យដឹងថា៖ «យើងពិតជារីករាយណាស់ដែលបានវិលពិភពបណ្ណសារដ៏សម្បូរបែបទៅដោយប្រវត្តិសាស្ត្ររបស់ប្រទេស ជាទីកន្លែងដែលបានរៀបចំមហោស្រពនេះតាំងពីដើមមក»។
លោកបានចង្អុលបង្ហាញថា កាលពីឆ្នាំ ២០០៨ ការស្វែងរកអ្នកថតរូបជនជាតិខ្មែរចំនួន ៤ នាក់ ដែលមានកម្រិតជំនាញសម្រាប់ការដាក់តាំងបង្ហាញ គឺជាកិច្ចការដ៏លំបាកមួយ។
ទោះជាយ៉ាងណាក៏ដោយ លោកបានសន្មតថា នេះជាការលេចចេញនូវទេពកោសល្យថ្មីចំពោះពិធីមហោស្រពរូបថតភ្នំពេញ និងការបង្កើតកម្មវិធីអប់រំការថតរូប ដូចជា Studio Images នៅមជ្ឈមណ្ឌល Culturel Français ដែលបានបន្តនៅ Institut Français តាំងពីពេលនោះមក។ ដោយឆ្លុះបញ្ចាំងពីការរីកចម្រើន លោកបានលើកឡើងពីការអភិវឌ្ឍដ៏សំខាន់មួយក្នុងអំឡុងនៃការរៀបចំមហោស្រពលើកទី១០។
លោក Caujolle បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «សម្រាប់មហោស្រពលើកទី១០ យើងអាចដាក់តាំងស្នាដៃសិល្បករខ្មែរនៅលើជញ្ជាំងស្ថានទូតបារាំងជាកន្លែងដ៏អស្ចារ្យបំផុតនៃមហោស្រពអ្នកថតរូបកម្ពុជា ១០ នាក់ ហើយយើងមានការបញ្ចាំងស្លាយជាមួយអ្នកថតរូបកម្ពុជា ២៥ នាក់»។
មហោស្រពរូបថតភ្នំពេញ (PPP) ជាកិច្ចសហការរវាង Alain Arnaudet និង Christian Caujolle មានគោលបំណងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងអឺរ៉ុប និងអាស៊ី ខណៈបណ្តុះទេពកោសល្យថតរូបកម្ពុជា។
លោក Caujolle ដែលបានធ្វើសិក្ខាសាលាថតរូបក្នុងប្រទេសកម្ពុជាបានក្លាយជានាយកសិល្បៈរបស់មហោស្រព។ គោលដៅចម្បងរបស់មហោស្រពគឺចង់បង្ហាញអ្នកថតរូបវ័យក្មេងកម្ពុជាទៅកាន់ឆាកអន្តរជាតិ និងជួយពួកគេស្វែងរកសមត្ថភាពផ្នែកសិល្បៈរបស់ពួកគេ។
យោងតាមលោក Caujolle បេសកកម្មរបស់ PPP គឺដើម្បីអប់រំសាធារណជនអំពីការថតរូប លើកទឹកចិត្តការបញ្ចេញមតិដោយខ្លួនឯង និងរក្សាការតាំងបង្ហាញរូបថតចម្រុះ។ ជាមួយនឹងការរីកចម្រើនរបស់ខ្លួន ឥឡូវនេះ PPP មានការតាំងពិព័រណ៍នៅខាងក្រៅអគារ និងធ្វើជាម្ចាស់ផ្ទះសិល្បករអន្តរជាតិ។
ការឆ្លាស់ប្រធានបទអឺរ៉ុប និងអាស៊ីជារៀងរាល់ឆ្នាំ មហោស្រពនេះផ្តល់នូវការយល់ដឹងអំពីទិដ្ឋភាពថតរូបវប្បធម៌ផ្សេងៗ ដែលមានសិល្បករមកពីប្រទេសប្រទេសស្វ៊ីស និងកោះតៃវ៉ាន់ កាលពីពេលថ្មីៗ។
ជាងនេះទៅទៀត ប្រទេសជាភ្ញៀវបានចូលរួមពិព័រណ៍ ជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលធានាបាននូវភាពជោគជ័យចំពោះព្រឹត្ដិការណ៍ប្រចាំឆ្នាំ។ PPP មានគោលបំណងស្វាគមន៍ប្រទេសដែលប្រហែលជាមិនមានមធ្យោបាយហិរញ្ញវត្ថុ ឬការគាំទ្រផ្នែកនយោបាយ ដើម្បីចូលរួមដោយឯករាជ្យ និងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌។
លោក Caujolle និយាយថា៖ «នៅឆ្នាំនេះ មានសិល្បករតៃវ៉ាន់ ៥ នាក់ ដែលមានស្នាដៃរូបថតចំនួន ២០ សម្រាប់ដាក់តាំងនៅល្ងាចដំបូងនៃពិធី ជាមួយនឹងអ្នកថតរូបជាច្រើនទៀត នៅ F3 (Friend Future Factory)»។
សិល្បករខ្មែរក្នុងមហោស្រពពិព័រណ៍រូបថតភ្នំពេញលើកទី១៤ នៅវិទ្យាស្ថានបារាំង ការងាររយៈពេល ១០ ឆ្នាំរបស់លោក គឹម ហាក់ ដែលបានធ្វើដំណើរគ្រប់ទិសទីឆ្លងកាត់កម្ពុជាជាទីស្រឡាញ់របស់លោក រំឭកប្រជាជនថា ប្រទេសនេះមានអ្វីៗច្រើនជាងប្រាសាទអង្គរវត្ត និងវាលពិឃាតខ្មែរក្រហម។
កើតនៅក្រុងបាត់ដំបង ២ ឆ្នាំក្រោយការដួលរលំនៃរបបខ្មែរក្រហម លោក ហាក់ ធំដឹងក្តី ស្តាប់អនុស្សាវរីយ៍របស់ឪពុកម្តាយនៅពេលនោះ។ លោកបានចាប់ផ្តើមអាជីពនៅក្នុងឧស្សាហកម្មទេសចរណ៍ ដោយស្វែងយល់ពីប្រទេសកម្ពុជាយ៉ាងទូលំទូលាយ មុនពេលចាប់អាជីពជាអ្នកថតរូបនៅឆ្នាំ ២០១២។ ការងាររបស់លោកផ្ដោតលើការថតទេសភាពចម្រុះនៃប្រទេសកម្ពុជា រួមទាំងតំបន់ជុំវិញទន្លេមេគង្គ បឹងទន្លេសាប និងខេត្តជាប់ឆ្នេរសមុទ្រភាគខាងត្បូង។ លោកហាក់បានតាំងបង្ហាញស្នាដៃនៅទូទាំងអាស៊ី អូសេអានី អឺរ៉ុប កាណាដា និងសហរដ្ឋអាមេរិក។
សិល្បករវ័យក្មេងកម្ពុជា កញ្ញា ហ៊ុល កញ្ញា នឹងបង្ហាញរូបភាពស៊េរីថ្មីរបស់កញ្ញា រវាងការថតរូប និងការគូរនៅ La Plantation Resort & Spa។ កើតនៅឆ្នាំ ១៩៩៩ នៅខេត្តសៀមរាប កញ្ញាបានចូលរួមកម្មវិធី Open Studio Cambodia ហើយបានចាប់ផ្តើមថតរូបដោយខ្លួនឯង ដោយរួមបញ្ចូលគ្នាពីការថតរូបបែបឌីជីថលជាមួយការផាត់ពណ៌ លេងស្ទីល និងបច្ចេកទេសកាត់ក្រដាស។ ការងាររបស់កញ្ញា ក៏ត្រូវបានបំផុសគំនិតដោយសុភាសិតបុរាណខ្មែរ និងបទពិសោធន៍ផ្ទាល់ខ្លួនដែលមានបំណងពិពណ៌នាអំពីទំនាក់ទំនងរវាងរូបកាយ អារម្មណ៍នឹករឭក និងរបួស។
ចំណែកឯលោក ឆេន គឹមហុង កើតក្នុងឆ្នាំ ១៩៩៣ នៅក្រុងតាខ្មៅ ដំបូងឡើយបានសិក្សាផ្នែក IT Networking។ លោកបានចាប់ផ្តើមដំណើរការថតរូបនៅឆ្នាំ ២០១៩ បន្ទាប់ពីវគ្គសិក្សាខ្លីៗជាមូលដ្ឋាននៃការថតរូប។
លោក គឹមហុង ទទួលបានការចាប់អារម្មណ៍ពីរូបថតប្រភេទជាស៊េរីនៅចំណតឡានក្រុងក្នុងទីក្រុងភ្នំពេញដែលថតជាទម្រង់បញ្ឈរនៅពេលយប់ ដោយបង្ហាញជារូបពន្លឺភ្លឺចាំង។
សិល្បករខ្មែរផ្សេងទៀតដូចជា បាទី មរកត, ញៀន លីដា, ខៀវ កាណែល និង ហួ សុខរតនា (David James) បង្ហាញស្នាដៃលើប្រធានបទផ្សេងៗ រាប់ចាប់ពីជីវិតប្រចាំថ្ងៃ និងទេសភាពទីក្រុង រហូតដល់ការខ្វល់ខ្វាយពីបរិស្ថាន។
សិល្បករអន្តរជាតិនៅមហោស្រពលើកទី១៤ Chao-Tang Chang, Shen Chao-Liang, Lee Ya-Yen, Chen Chun-Lu, និង Yang Shun-Fa មកពីតៃវ៉ាន់ រួមជាមួយនឹង Denis Dailleux មកពីប្រទេសបារាំង និង Alan Crumlish មកពីស្កុតឡេន គឺជាអ្នកថតរូបដ៏ល្បីល្បាញដែលបានបង្ហាញនៅក្នុងកម្មវិធី PPP លើកទី១៤ នេះ។
ស្នាដៃរបស់ពួកគេបានផ្ដោតលើជីវិតនៅតាមជនបទនៃកោះតៃវ៉ាន់ ការស្វែងយល់ពីវប្បធម៌ប្រជាប្រិយរបស់តៃវ៉ាន់រហូតដល់ការពិពណ៌នាអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅលើឆ្នេរសមុទ្រតៃវ៉ាន់ និងការចងក្រងឯកសារអំពីការស្តារវប្បធម៌របស់កម្ពុជា។ សិល្បករទាំងនេះត្រូវបានគេស្គាល់ចំពោះរចនាប័ទ្មពិសេសរបស់ពួកគេ និងការផ្តោតអារម្មណ៍លើប្រធានបទ បានទទួលពានរង្វាន់ផ្សេងៗ និងការទទួលស្គាល់ជាអន្តរជាតិ។
នៅមជ្ឈមណ្ឌលបុប្ផាណានឹងស្វាគមន៍រូបថតរបស់លោក Alan Crumlish ដែលបានថតនៅឆ្នាំ ១៩៨៩ ១០ ឆ្នាំបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម។
ការចូលរួមជាមួយទស្សនិកជនវ័យក្មេងក្នុងយុគសម័យឌីជីថលនៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ការចូលរួមជាមួយទស្សនិកជនវ័យក្មេង គឺមានសារៈសំខាន់ចំពោះភាពជោគជ័យនៃមហោស្រពរូបថតភ្នំពេញនេះ។ PPP បានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពនូវអំណាចនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook Instagram និង Tik Tok ក៏ដូចជាសារព័ត៌មានក្នុងស្រុកជាភាសាខ្មែរ អង់គ្លេស និងបារាំង ដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅដល់យុវជនកម្ពុជា។
មហោស្រពនេះបានទាក់ទាញសិស្ស-និស្សិត សិល្បករ អ្នកឯកទេសទំនាក់ទំនង និងអ្នកចូលចិត្តវប្បធម៌ដូចគ្នា។ វាក៏ជាការស្វាគមន៍ដល់អ្នកដែលប្រហែលជាមិនមានឱកាសសម្រាប់ការអប់រំផ្លូវការ តែចង់ស្វែងរកសិល្បៈ។
លោក Caujolle បាននិយាយថា៖ «យើងក៏កំពុងអភិវឌ្ឍសកម្មភាពជាច្រើន ដូចជា ការប្រកួតប្រជែងរូបថត «រូបថតគឺជាការចងចាំរបស់អ្នក»៖កន្លែងណា និងពេលណាដែលសិល្បករអាចនិយាយ និងចែករំលែកបទពិសោធន៍របស់ពួកគេ»។
ដោយមានការជួយជ្រោមជ្រែងពី Factory Phnom Penh ដែលផ្តល់កន្លែងសម្រាប់ទម្រង់សិល្បៈផ្សេងៗក្នុងការរួមរស់ជាមួយគ្នានោះមហោស្រពនេះបានរួមបញ្ចូលគ្នាយ៉ាងរលូនទៅក្នុងសិល្បៈនៃប្រទេសកម្ពុជា។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «មិនគួររំលងទេ ការតាំងពិព័រណ៍បែបដំណើរទស្សនាចរណ៍ ដ៏ល្បីល្បាញរបស់យើង ដែលនឹងធ្វើដំណើរជុំវិញទីក្រុងរយៈពេល ២ ខែ ដោយសារកិច្ចសហការដ៏យូរជាមួយសហគមន៍រ៉ឺម៉កកង់ ៣»។
អនាគតនៃមហោស្រពពិព័រណ៍រូបថតភ្នំពេញនៅពេលដែល PPP ប្រារឰមហោស្រពលើកទី១៤ របស់ខ្លួន វានៅតែប្តេជ្ញាចិត្តចំពោះគោលការណ៍គ្រឹះនៃការផ្លាស់ប្តូរវប្បធម៌ និងការរីកចម្រើនផ្នែកសិល្បៈ។
មហោស្រពនេះមានគោលបំណងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុប ជាមួយនឹងក្តីប្រាថ្នាក្នុងការរួមបញ្ចូលសិល្បករមកពីអាមេរិកខាងត្បូង និងខាងជើងនាពេលអនាគត ប្រសិនបើមានថវិកា។ លោក Caujolle បន្តថា៖ «មហោស្រពនេះនឹងបន្តជាមួយទស្សនវិស័យអប់រំ និងជំរុញ និងលើកកម្ពស់អ្នកថតរូបកម្ពុជាជំនាន់ថ្មី»។
លោកបានបង្ហាញពីបំណងចង់បន្តការអញ្ជើញសិល្បករពីបណ្ដាប្រទេសផ្សេងៗ និងបន្ថែមសកម្មភាពការតាំងពិព័រណ៍ខាងក្រៅអគារ។ លោកក៏បានលើកឡើងផងដែរថា ក្តីប្រាថ្នាបង្កើនសកម្មភាពនៅតាមបណ្តាខេត្ត និងមានក្តីសុបិនក្នុងការបង្កើតរចនាសម្ព័ន្ធអចិន្រៃ្តយ៍សម្រាប់ការថតរូបនៅទីក្រុងភ្នំពេញ៕