ភ្នំពេញៈ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្នក្រៅពីទីផ្សារចិននិងសហភាពអឺរ៉ុបដែលជាទីផ្សារអង្ករដ៏ធំរបស់កម្ពុជាហើយ បណ្តាប្រទេសមួយចំនួនទៀត ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ជាដើម កំពុងក្លាយជាទីផ្សារសក្តានុពល ខណៈនាពេលខាងមុខអ៊ីរ៉ាក់ក៏ក្លាយជាទីផ្សារគោលដៅក្នុងការនាំអង្ករចេញរបស់កម្ពុជាដែរ។
លោក យ៉ង សាំងកុមារ បានថ្លែងនៅពីថ្ងៃទី ៣ ធ្នូ ឆ្នាំ ២០២៣ ថា បច្ចុប្បន្ននេះ បើយោងទៅតាមគេហទំព័រ Statista ដែលជាវេទិកាទិន្នន័យសកលស្តីពីស្ថិតិរបាយការណ៍នៅទូទាំងពិភពលោក ទាក់ទងនឹងវិស័យផ្សេងៗបានបង្ហាញថា ប្រទេសដែលនាំអង្ករចូលច្រើនជាងគេនៅលើពិភពលោកទី១ ប្រទេសចិន, ទី២. ហ្វីលីពីន, ទី៣. សហភាពអឺរ៉ុប, ទី៤. អ៊ីរ៉ាក់, ទី៥. នីហ្សេរីយ៉ា, ទី៦. ឥណ្ឌូនេស៊ី និងទី៧. ប្រទេសវៀតណាម។ ក្នុងចំណោមទីផ្សារទាំងនេះ ទីផ្សារចិន និងអឺរ៉ុប គឺកម្ពុជាចាប់បានហើយ នៅឡើយទីផ្សារមួយចំនួនទៀតខណៈដែលឥណ្ឌូនេស៊ី និងហ្វីលីពីន ជាទីផ្សារដ៏មានសក្តានុពល ដែលកម្ពុជា បាន និងកំពុងចាប់ផ្តើមការនាំចេញជាបណ្តើរៗ។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ យើងកំពុងធ្វើទីផ្សារនៅហ្វីលីពីន និងឥណ្ឌូនេស៊ី ហើយអ៊ីរ៉ាក់ក៏អាចក្លាយជាទីផ្សាររបស់យើងនាពេលខាងមុខផងដែរ។ ដោយឡែក បើយើងក្រឡេកមើលពីប្រទេសដែលនាំអង្ករចេញច្រើនជាងគេ លើពិភពលោកវិញ ឃើញថា ឥណ្ឌាជាប្រទេសនាំអង្ករចេញច្រើនជាងគេនៅលើពិភពលោក ហើយថៃ នាំចេញលេខ ២ វៀតណាមលេខ ៣ ខណៈប្រទេសកម្ពុជាយើង លេខរៀងទី ៨ ហើយនៅមានសក្តានុពលក្លាយជាលេខរៀងទី ៥ នៅពេលខាងមុខ»។
លោកថា៖ «វៀតណាម ជាប់ចំណាត់លេខ ៧ ក្នុងការនាំអង្ករចូល ខណៈវៀតណាម ក៏ជាប់លេខ ៣ ដែរ ក្នុងនាមជាប្រទេសនាំអង្ករចេញ ដោយសារប្រទេសនេះ ក៏ជាប្រទេសនាំស្រូវចូលច្រើនដែរពីកម្ពុជាដោយនាំចូលក្នុងចន្លោះ ៣ ទៅ ៤ លានតោនក្នុង ១ ឆ្នាំ»។
លោក យ៉ង សាំងកុមារ បានបន្តថា ដើម្បីសម្រេចគោលដៅនាំចេញអង្ករឱ្យបាន ១ លានតោនក្នុង ១ ឆ្នាំ និងក្លាយជាប្រទេសនាំចេញអង្ករច្រើនជាងគេលំដាប់ទី ៥ នាពេលខាងមុខក្រសួងកសិកម្ម បាននិងកំពុងដាក់ចេញគោលនយោបាយសំខាន់ៗមួយចំនួន ជាពិសេសគោលនយោបាយទី៥ និងទី៦ ដែលរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីលើកស្ទួយផលិតកម្មកសិកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន, គោលនយោបាយការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់និងគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើបជាដើម។
លោកថា៖ «យើងកំពុងបង្កើនការលើកទឹកចិត្តដល់កសិករក្នុងការដាំដុះពូជស្រូវសែនក្រអូប ដោយប្រើពូជសុទ្ធ ដោយសារវាជាប្រភេទពូជស្រូវដែលរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកមានតម្រូវការច្រើនសម្រាប់ការផលិតអង្ករនាំចេញ និងតម្លៃមានស្ថិរភាពល្អជាងពូជស្រូវប្រាំងផ្សេងទៀត។ ការប្រើពូជសុទ្ធ និងការអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ និងបច្ចេកទេសស្រែល្អ ក៏ជួយឱ្យស្រូវសែនក្រអូបទទួលបានផលខ្ពស់ផងដែរ»។
លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងដែរថា សហព័ន្ធស្រូវអង្ករកម្ពុជាតែងជួយជ្រោមជ្រែងក្រសួងក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសផ្នែកកសិកម្មដែលជាគោលនយោបាយដ៏មានសារៈសំខាន់សម្រាប់វិស័យស្រូវអង្ករ។
លោកបានថ្លែងថា៖ «សហព័ន្ធស្រូវអង្ករកម្ពុជាមិនដែលខកខានទេក្នុងការជួយដល់រាជរដ្ឋាភិបាល ជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិឱ្យទទួលបានជោគជ័យ។ កន្លងទៅយើងបានស្វះស្វែងរកទីផ្សារក្រៅប្រទេស តាមរយៈការចូលរួមតាំងពិព័រណ៍នៅតាមប្រទេសនានា និងព្យាយាមរកដៃគូនាំចេញ សម្រាប់ទីផ្សារថ្មី ដែលជានិច្ចកាលយើងតែងតែរំពឹងថា ពិភពលោកនឹងបានស្គាល់ និងភ្លក្សរសជាតិ អង្ករដ៏ឈ្ងុយឆ្ងាញ់របស់កម្ពុជា»។
របាយការណ៍ពីក្រសួងកសិកម្មបានបង្ហាញថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ ២០២៣ ការដាំដុះស្រូវ សម្រេចបានជាង ៣,៦ លានហិកតា និងទទួលបានទិន្នផល ៦,២លានតោន ជាមួយនឹងការរំពឹងទុកថា នឹងទទួលបានទិន្នផលជាង ៦,៣ លានតោនបន្ថែមទៀត នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំនេះ។
ដោយឡែកក្នុងរយៈពេលដូចគ្នានេះដែរ ការនាំចេញផលិតផលកសិកម្មនៅបន្តរក្សាបានតួលេខខ្ពស់ គឺជាង ៦,២ លានតោន គិតជាទឹកប្រាក់ជាង ៣,៥ ពាន់លានដុល្លារអាមេរិក ទៅកាន់ទិសដៅចំនួន ៧៤ ប្រទេស។ ការនាំចេញអង្ករសម្រេចបានជាង ៥២ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៤៥៨ លានដុល្លារ រួមទាំងការនាំចេញទៅឥណ្ឌូនេស៊ីដែលជាគោលដៅថ្មី៕