ភ្នំពេញៈ ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា និងឡាវបានប្តេជ្ញាពង្រឹងទំនាក់ទំនងនឹងគ្នាកាន់តែស៊ីជម្រៅលើវិស័យអភិវឌ្ឍន៍ធនធានមនុស្សសន្តិសុខ សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងលើកកម្ពស់ជីវភាពប្រជាជន ជាពិសេសកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន ខណៈភាគីទាំង ២ ពិនិត្យឃើញវឌ្ឍនភាពវិជ្ជមានលើការអប់រំ និងការទប់ស្កាត់ចរាចរណ៍គ្រឿងញៀន។
ការប្តេជ្ញារបស់ថ្នាក់ដឹកនាំរដ្ឋសភារវាងប្រទេសទាំង ២ នេះ ធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងលោកឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ និងលោក Vongsack Phanthavon ប្រធានគណ:កម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាឡាវ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាឡាវ-កម្ពុជា។
ជំនួបនេះធ្វើឡើងពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ អំឡុងដំណើរទស្សនកិច្ចជាផ្លូវការនៃគណៈប្រតិភូរដ្ឋសភាកម្ពុជាទៅប្រទេសឡាវ ដឹកនាំដោយលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា។ នេះបើតាមសេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទី ៤ ខែធ្នូ។
សេចក្តីប្រកាសបានឱ្យដឹងថា ភាគីទាំង ២ បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមកក្នុងទិដ្ឋភាពវិជ្ជមាន ជាពិសេសការផ្តល់អាហារូបករណ៍ទៅមកដល់សិស្ស និស្សិត ក្នុងក្របខ័ណ្ឌសភាទាំង ២ ព្រមទាំងកិច្ចសហការទប់ស្កាត់ចរាចរណ៍គ្រឿងញៀននៅតាមបណ្តោយព្រំដែន។
សេចក្តីប្រកាសបានបញ្ជាក់ថា៖ «ភាគីទាំង ២ បានប្តេជ្ញាចិត្តបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតដើម្បីប្រយោជន៍វិស័យធនធានមនុស្ស សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការលើកកម្ពស់ជីវភាពប្រជាជន ជាពិសេសកិច្ចសហប្រតិបត្តិការជាប់ព្រំដែន»។
នៅថ្ងៃដដែលនោះលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយលោកស្រី Pingkham LASASIMMA អគ្គលេខាធិការរដ្ឋសភាឡាវផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាបានឱ្យដឹងថា ក្នុងជំនួបនោះ លោកឡេង ប៉េងឡុង បានស្នើទៅភាគីឡាវ ពិនិត្យពិភាក្សាគ្នាក្នុងកម្រិតបច្ចេកទេសដើម្បីដាក់ចេញផែនការសកម្មភាពអនុវត្តន៍អនុស្សរណៈយោគយល់គ្នាដែលភាគីទាំង ២ បានចុះហត្ថលេខានាពេលកន្លងមក ដើម្បីឱ្យស៊ីចង្វាក់គ្នារវាងស្ថាប័នអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ប្រាប់ភាគីឡាវថា៖ «រដ្ឋាភិបាលថ្មីមានគោលដៅអាទិភាពលើការបម្រើប្រជាជន អភិវឌ្ឍធនធានមនុស្ស និងការលើកស្ទួយសេដ្ឋកិច្ចឌីជីថល»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ លោកស្រី Pingkham LASASIMMA បានឯកភាពចំពោះសំណើរបស់កម្ពុជាដោយលោកស្រីថា កិច្ចសហការរវាងស្ថាប័នអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទាំង ២ គួរមានចំណុចមួយផ្តោតលើសង្គតភាពច្បាប់សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ដែលចាត់ទុកជាតំបន់ពិសេស។
ជុំវិញបញ្ហានេះ លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានសាទរចំពោះការបង្កើនទំនាក់ទំនងរវាងកម្ពុជានិងឡាវទាំងកម្រិតរដ្ឋសភា និងកម្រិតផ្សេងៗដោយសារប្រទេសទាំង ២ មានទំនាក់ទំនងល្អនឹងគ្នាជាប្រទេសជិតខាង និងមានខឿនវប្បធម៌ ប្រពៃណីកម្រិតជីវភាពប្រជាជន កម្រិតចំណេះដឹងប្រជាជនប្រទេសទាំង ២ មានភាពស្រដៀងគ្នាផង។
លោកបានថ្លែងថា៖ «ដើម្បីឱ្យប្រទេសទាំង ២ កាន់តែស្អិតល្មួតនឹងគ្នា គឺមានតែការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ មន្ត្រី និស្សិត ប្រជាជន ជាញឹកញាប់ បន្ថែមការជជែកគ្នា ការពិភាក្សាគ្នាជាយន្តការល្អដែលភាគីទាំង ២ គួរធ្វើនឹងគ្នាដើម្បីពង្រឹងទំនាក់ទំនង»។
លោកបានបង្ហាញការកត់សម្គាល់ថា បើទោះបីកម្ពុជា និងឡាវ នៅជិតខាងគ្នាក្តី ប៉ុន្តែការជួបពិភាក្សាគ្រប់កម្រិតនៅមិនទាន់ញឹកញាប់នៅឡើយទេ។ លោកបានជំរុញឱ្យភាគីទាំង ២ បន្ថែមការជួបពិភាក្សាគ្នា តួយ៉ាងការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្តូរអាហារូបករណ៍ ការផ្លាស់ប្តូរកម្មសិក្សាជាដើម៕