ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU) លោក Igor Driesmans បានប្រកាសបញ្ចេញថវិការបស់ EU ប្រមាណ ៧ លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការធ្វើកំណែទម្រង់វិស័យជលផលនៅកម្ពុជា។
Driesmans បានប្រកាសដូច្នេះ ក្នុងជំនួបជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី ៤ ខែធ្នូ នៅទីស្តីការក្រសួងក្នុងរាជធានីភ្នំពេញ។ កិច្ចជំនួបនេះមានបញ្ហាជាច្រើនដែលបានពិភាក្សាក្នុងលក្ខណៈស្ថាបនា ដែលរួមមាន និរន្តរភាពនៃវិស័យកសិកម្ម និងជលផល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ EU នៅកម្ពុជាកាលពីថ្ងៃទី ៤ ខែធ្នូ។
សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយជាភាសាអង់គ្លេសនេះបញ្ជាក់ថា៖ «ជាផ្នែកមួយនៃភាពជាដៃគូរបស់យើងលើវិស័យជលផល ឯកឧត្តម Igor Driesmans បានប្រកាសពីការបញ្ចេញថវិកាចំនួន ៦,៣ លានអឺរ៉ូ (ប្រហែល ៧ លានដុល្លារអាមេរិក) ដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់វិស័យសំខាន់ៗនៃកំណែទម្រង់ជលផលដូចជាការតាមដាន និងត្រួតពិនិត្យ ការការពារព្រៃលិចទឹកការអភិរក្សជលផលសមុទ្រ ការផ្ទេរជំនួយដល់សហគមន៍នេសាទ ការស្រាវជ្រាវ និងសុវត្ថិភាពចំណីអាហារ។
លោក Driesmans ថ្លែងថា៖ «ភាពជាដៃគូរបស់យើងលើវិស័យជលផលមានទំហំធំ និងរឹងមាំ ទោះបីជាមានបញ្ហាប្រឈមខ្លាំងក៏ដោយ។ យើងមានបំណងនិងត្រៀមខ្លួនជាស្រេចក្នុងការគាំទ្របន្ថែមទៀតចំពោះវឌ្ឍនភាពក្នុងវិស័យសំខាន់នៃសុវត្ថិភាពកសិចំណីអាហារដើម្បីបង្កើនគុណភាពផលិតផលដែលផលិតដោយវិស័យឯកជន និងប្រើប្រាស់ដោយប្រជាជនកម្ពុជានៅក្នុងប្រទេស ក៏ដូចជាគាំទ្រដល់គ្រឹះស្ថានកែច្នៃរបស់កម្ពុជាដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងតំបន់និងអន្តរជាតិ។ ទាំងនេះអាចផ្តល់ឱកាសទីផ្សារថ្មីសម្រាប់ផលិតផលរបស់កម្ពុជា និងបង្កើតការងារផងដែរ»។
សេចក្តីប្រកាសព័ត៌មាននេះបានដកស្រង់សម្ដីលោក ឌិត ទីណា ថា វិស័យកសិកម្ម រួមមានជលផល និងព្រៃឈើកំពុងជួបប្រទះបញ្ហាប្រឈមជាសកលដែលបន្តទាមទារភាពជាដៃគូរឹងមាំជាមួយអ្នកពាក់ព័ន្ធទាំងអស់ រួមមាន EU ដើម្បីកាត់បន្ថយ និងសម្របខ្លួនទៅនឹងផលប៉ះពាល់អវិជ្ជមាននិងប្រែក្លាយឧបសគ្គទៅជាឱកាស។
លោកថ្លែងថា៖ «ចំពោះវិស័យជលផល ក្រសួងប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការគាំទ្រចំពោះការអភិវឌ្ឍជលផលប្រកបដោយនិរន្តរភាព ទាំងលើដីទាំងនៅតំបន់សមុទ្រ តាមរយៈខ្សែច្រវាក់តម្លៃទាំងមូល ដើម្បីជាប្រយោជន៍ដល់ប្រជានេសាទ កសិករវារីវប្បកម្ម និងសហគ្រិន ក៏ដូចជាអ្នកប្រើប្រាស់របស់យើង។ យើងក៏ប្តេជ្ញាចិត្តក្នុងការការពារនិងអភិរក្សជម្រក និងធនធានទឹករបស់យើង»។
កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន (CAPFISH-Capture) ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០១៩ ដែលជាកម្មវិធីដ៏សំខាន់បំផុតដែលមិនធ្លាប់មានដែលផ្តល់ថវិកាដោយ EU ក្នុងការជួយដល់វិស័យជលផលក្នុងប្រទេសជាដៃគូ និងនៅក្នុងប្រទេសកម្ពុជាដែលមានទឹកប្រាក់ចំនួន ១១២ លានអឺរ៉ូ (១២១ លានដុល្លារ) ត្រូវបានអនុវត្តដោយរដ្ឋបាលជលផលដែលគាំទ្រដល់សសរស្តម្ភទាំងអស់នៃយុទ្ធសាស្ត្រជាតិក្នុងវិស័យជលផលរហូតដល់ឆ្នាំ ២០២៥។
យោងតាមបណ្តាញសង្គមក្រសួងកសិកម្ម នៅក្នុងកិច្ចប្រជុំនេះលោក ឌិត ទីណា បានលើកឡើងអំពីផែនការរបស់ក្រសួងដែលចង់ប្រែក្លាយការនេសាទទឹកសាបមកធ្វើវារីវប្បកម្ម ដើម្បីបង្កើនចំណូល ទ្រទ្រង់ជីវភាព និងបានលើកឡើងពីផែនការមេដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានជលផលសមុទ្រឱ្យបានគង់វង្ស។
លោករដ្ឋមន្ត្រីបញ្ជាក់ថា គោលនយោបាយអាទិភាពវិស័យកសិកម្ម គឺផ្តោតលើសហគមន៍កសិកម្មទំនើប ដែលមានទុន និងធនធានមនុស្ស ដើម្បីសម្របសម្រួលការផលិតផលិតផលកសិកម្មក្នុងទ្រង់ទ្រាយធំ មានគុណភាព សុវត្ថិភាព ដើម្បីឱ្យកសិករបានទទួលបានតម្លៃបន្ថែមខ្ពស់ និងស្របតាមតម្រូវការទីផ្សារ។
លោករដ្ឋមន្ត្រីបញ្ជាក់ប្រាប់លោក Driesmans ថា គោលនយោបាយដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ១៦០០ នាក់ នឹងជួយកសិករទាំងបច្ចេកទេស និងបញ្ហាប្រឈមផ្សេងៗ បានឆាប់រហ័សទាន់ពេលវេលា និងមានប្រសិទ្ធភាពព្រមទាំងជំរុញការផលិត និងកែច្នៃផលិតផលកសិកម្មអាទិភាព រួមមាន ស្រូវ ស្វាយចន្ទី ម្រេច និងបន្លែ។
នៅក្នុងសិក្ខាសាលាបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលនាថ្ងៃទី ៤ ខែធ្នូ លោក Everaert Koen អនុប្រធានផ្នែកសហប្រតិបត្តិការនៃ EU ប្រចាំកម្ពុជាថ្លែងថា ចាប់តាំងពីឆ្នាំ ២០២០ មក កម្មវិធី CAPFISH នេះ បានផ្តល់ថវិកាចំនួន ៤ លានរៀល (ប្រមាណ ១ ០០០ ដុល្លារ) ដល់សហគមន៍នីមួយៗ។ សហគមន៍ចំនួន ១៥០ បានទទួលថវិកាក្នុងឆ្នាំ ២០២០ និងបានបង្កើនចំនួនសហគមន៍ដល់ ២៥០ ក្នុងការទទួលបានថវិកា ដែលក្នុងនោះមាន ១៥០ សហគមន៍នេសាទនៅ ១៥ ខេត្តគោលដៅ និង ១០០ សហគមន៍ស្រះជម្រកត្រី៕