ភ្នំពេញៈ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន មន្ត្រី និងអតីតមន្ត្រីដែលបានចូលនិវត្តន៍ បានជួបជុំគ្នានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នៃការរស់ឡើងវិញនៃប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ១៩៧៨ ក្រោយរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំ ដោយមេដឹកនាំគណបក្សប្រជាជនកម្ពុជា។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី ៤ ខែធ្នូថា៖ «ខ្ញុំសូមឧទ្ទិសស្មារតីថ្ងៃ ៣ ធ្នូ ឱ្យនៅស្ថិតស្ថេរក្នុងចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់រូប ហើយសូមឱ្យចងចាំជានិច្ចនូវគុណូបការៈរបស់ឥស្សរជនទាំងអស់ក្នុងការប្ដេជ្ញា លះបង់ទាំងកម្លាំងកាយចិត្ត និងខ្លះបានពលីជីវិតដើម្បីបុព្វហេតុការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចាប់តាំងពីថ្ងៃនៃការដំណើរការឡើងវិញ រហូតមកដល់បច្ចុប្បន្ននេះ ហើយបានបន្សល់ទុកនូវកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ»។
លោក នេត្រ ភក្ត្រា ថ្លែងទៀតថា៖ «ខ្ញុំសូមប្ដេជ្ញាចិត្តការពារនូវរាល់ស្នាដៃ និងសមិទ្ធផលទាំងឡាយ ដែលឥស្សរជនថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់បានកសាងឡើងឱ្យនៅស្ថិតស្ថេរគង់វង្ស ព្រមទាំងប្តេជ្ញាកសាងនិងបង្កើនសមិទ្ធផលថ្មីៗទៀត ដើម្បីបង្ហាញ និងបន្សល់ទុកឱ្យអ្នកជំនាន់ថ្មីៗខាងមុខបន្តទៀត ហើយដើម្បីជាសក្ខីភាពនៃការប្ដេជ្ញាចិត្តនេះ ខ្ញុំសូមកំណត់យកថ្ងៃ ៣ ធ្នូនេះ សម្រាប់ការរំឭកខួបអនុស្សាវរីយ៍នៃការបង្កើតឡើងវិញនូវប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយប្រារព្ធជារៀងរាល់ឆ្នាំ ចាប់ពីពេលនេះតទៅ»។
លោក នេត្រ ភក្ត្រា បានថ្លែងរំឭកថា ក្រោយពេលដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមនៃរបបខ្មែរក្រហមដែលនៅក្នុងរបបប្រល័យពូជសាសន៍នោះ អ្វីៗត្រូវបានបំផ្លិចបំផ្លាញទាំងអស់ស្ទើរគ្មានសល់ រីឯវិស័យព័ត៌មានត្រូវបានរលាយសាបសូន្យអស់ ដោយពុំមានសារព័ត៌មានណាមួយអាចចេញផ្សាយបានទេ លើកលែងតែទស្សនាវដ្ដី និងស្ថានីយវិទ្យុដែលគ្រប់គ្រងដោយអង្គការខ្មែរក្រហម ដែលសម្រាប់ផ្សាយតែពាក្យស្លោកនៃលទ្ធិកុម្មុយនីស្តប៉ុណ្ណោះ។
លោកថ្លែងថា៖ «មកទល់ពេលបច្ចុប្បន្ននេះ គឺមានរយៈកាលជាង ៤ ទសវត្សរ៍ហើយ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋដ៏សំខាន់ៗ ទាំងនេះបាននិងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់ព័ត៌មាន ចំណេះដឹង និងការកម្សាន្ត ដល់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេសកម្ពុជា និងលើពិភពលោក»។
លោក នេត្រ ភក្ត្រា ថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋគ្រប់ប្រភេទ បាននិងកំពុងពង្រីកវិសាលភាពផ្សាយប្រកបដោយគុណភាព និងលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈ សំដៅផ្សព្វផ្សាយព័ត៌មានឱ្យស្របតាមការរីកចម្រើននៃសម័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ជាពិសេសការរីកចម្រើននៃបណ្ដាញសង្គមនានាជាច្រើន។
លោកថ្លែងថា៖ «នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ នេះ ក្រសួងព័ត៌មានបានកំណត់នូវចក្ខុវិស័យក្នុងការប្រែក្លាយខ្លួនឱ្យទៅជាស្ថាប័នកិច្ចការងារសាធារណៈរបស់រាជរដ្ឋាភិបាល។ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋគ្រប់ប្រភេទបាននិងកំពុងពង្រឹង និងពង្រីកវិសាលភាពផ្សាយប្រកបដោយគុណភាព លើកកម្ពស់ស្តង់ដាវិជ្ជាជីវៈដោយប្រកាន់ខ្ជាប់នូវអភិក្រមក្នុងការផ្សព្វផ្សាយព័ត៌មាន ថ្មី ពិត លឿន និងទូលំទូលាយ ហើយរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយព័ត៌មានក្លែងក្លាយ»។
ជុំវិញរឿងនេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី ៤ ខែធ្នូ បានប្រាប់ឱ្យដឹងថា បើទោះបីជាកម្ពុជាបែរមកជាប្រទេសបែបលទ្ធិប្រជាធិបតេយ្យក្តី តែកម្ពុជានៅតែអាចរក្សាបាននូវប្រព័ន្ធផ្សព្វផ្សាយឃោសនារដ្ឋរបស់ជាតិមួយ និងបានបើកចំហនូវប្រព័ន្ធផ្សព្វផ្សាយឯកជនថែមទៀត។
ទន្ទឹមគ្នានេះ លោក ពុយ គា បានឱ្យដឹងថា បច្ចុប្បន្នលោកសង្កេតឃើញថា ប្រព័ន្ធផ្សព្វផ្សាយរបស់ឯកជននៅកម្ពុជា គឺដើរលឿនជាងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ។
លោក ពុយ គា បានបញ្ជាក់ថា៖ «ប្រព័ន្ធផ្សព្វផ្សាយឯកជនដើរលឿនជាង ដោយសារគេមានលទ្ធភាពអាចរកចំណូលបានតាមរយៈការផ្សាយពាណិជ្ជកម្ម ផ្តល់ប្រាក់ខែបានខ្ពស់ដល់បុគ្គលិក និងកត្តាផ្តល់សម្ភារប្រើប្រាស់បានល្អ ប៉ុន្តែបើយើងមើលប្រព័ន្ធផ្សព្វផ្សាយរដ្ឋវិញទោះបីមិនអាចរកចំណូលបានច្រើន តែមានធនធានមនុស្សល្អៗច្រើន»។ «ហេតុនេះខ្ញុំយល់ថាដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជនដើរទន្ទឹមគ្នា គឺទាមទារការលើកទឹកចិត្តលើប្រាក់ខែ និងវិន័យរបស់ស្ថាប័នឃោសនារបស់រដ្ឋបន្ថែមទៀត»។
លោក ភក្ត្រា បានឱ្យដឹងថា ឆ្នាំ ១៩៧៨-២០២៣ រយៈពេល ៤៥ ឆ្នាំនៃការរស់ឡើងវិញនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលមានឈ្មោះដើមថា សារព័ត៌មានកម្ពុជា ហៅកាត់ថា SPK។ ឆ្នាំ ១៩៧៨-២០២៣ រយៈពេល ៤៥ ឆ្នាំនៃការរស់ឡើងវិញនៃវិទ្យុជាតិកម្ពុជា (RNK) ដែលមានឈ្មោះដើមថា វិទ្យុសំឡេងប្រជាជនកម្ពុជា។ ឆ្នាំ ១៩៨៣-២០២៣ រយៈពេល៤០ឆ្នាំ នៃការបង្កើតឡើងទូរទស្សន៍ជាតិកម្ពុជា (TVK)។
ទូរទស្សន៍នេះបានចាប់បដិសន្ធិនៅឆ្នាំ ១៩៦៣ មកដល់ឆ្នាំ ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ប៉ុន្តែនៅតែបន្តផ្សាយរហូតដល់ឆ្នាំ ១៩៧០។ ក្នុងឆ្នាំ១៩៧៥-១៩៧៩ ស្ថានីយទូរទស្សន៍ត្រូវបានកម្ទេចសម្ភារបចេ្ចកទេសស្ទើរទាំងស្រុង៕