ភ្នំពេញៈ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈថ្លែងថា បេក្ខជនដែលបានចុះឈ្មោះប្រឡងធ្វើជាមន្ត្រីកសិកម្មឃុំ ក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួនសរុប ១២ ៧៤៤ នាក់ ប៉ុន្តែអ្នកដែលបានបំពេញបែបបទត្រឹមត្រូវ និងមានលក្ខណសម្បត្តិគ្រប់គ្រាន់មានតែ ៣ ៣២៩ នាក់ប៉ុណ្ណោះ ដែលនឹងត្រូវចូលប្រឡងនៅថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០២៣ ខណៈក្រសួងប្រកាសជ្រើសរើសជំហានដំបូងត្រឹម ២៥០ នាក់។
លោកបានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣» នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី ៤ ខែធ្នូ។ លោក ហ៊ុន ម៉ានី ឱ្យដឹងថា ចំពោះការផ្សព្វផ្សាយកន្លងមកក្រសួងបានរៀបចំធ្វើជាវីដេអូ និងឯកសាររដ្ឋបាលដើម្បីផ្សព្វផ្សាយនៅថ្នាក់ជាតិ។
ជាមួយគ្នានោះ តាមរយៈមន្ទីរមុខងារសាធារណៈ រាជធានី ខេត្តក៏បានធ្វើការរៀបចំច្រក ១ ដើម្បីសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីផ្សព្វផ្សាយបន្តធ្វើយ៉ាងណាឱ្យការផ្សព្វផ្សាយបានទូលំទូលាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅផ្តល់ឱកាសស្មើៗគ្នាក្នុងការចូលរួម។ លោកថា តួលេខដែលទទួលបានគឺមានការចុះឈ្មោះចំនួន ១២ ៧៤៤ នាក់ ប៉ុន្តែការសម្រេចយកអ្នកដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ មានប្រមាណតែ ៣ ៣២៩ នាក់ ដោយសារផ្អែកលើមូលដ្ឋានឈ្មោះ ឬព័ត៌មានណាពាក់ព័ន្ធនឹងលក្ខណៈបុគ្គល ដែលរកឃើញថា មិនស្របទៅតាមឯកសារយោង គឺមិនអាចអនុញ្ញាតឱ្យឡើយ។
លោកមានប្រសាសន៍ថា៖ «ចំពោះការជ្រើសរើសមន្ត្រីកសិកម្ម ជំហានទី១ ចំនួន ២៥០ នាក់នេះ គឺត្រូវការជំនាញមួយច្បាស់លាស់ ដែលមានការកំណត់រួចស្រេចទៅហើយ អ៊ីចឹងនៅពេលគាត់ដាក់មក តែជំនាញមិនស័ក្តិសមហើយខ្លះឆ្ងាយពីជំនាញមូលដ្ឋានគ្រឹះដែលយើងកំណត់គឺមិនអាចបំពេញលក្ខណសម្បត្តិសមស្រប»។
ជាមួយគ្នានេះលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានថ្លែងក្នុងសន្និសីទនេះដែរថា ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ សង្កាត់នេះ ក្រសួងបានកំណត់ទិសដៅភូមិសាស្ត្រដែលមានសកម្មភាពកសិកម្មចំនួន ១ ៥៥២ ឃុំ ហេតុនេះការជ្រើសរើសនេះ ត្រូវពិនិត្យមើលទៅតាមសមត្ថភាពនៃមូលដ្ឋានកសិកម្ម ផងដែរ។ ដើម្បីធានាដល់ការធ្វើការងារ និងត្រៀមប្រសិនបើមានអ្នកធ្វើការផ្លាស់ប្តូរកន្លែងការងារផងនោះការជ្រើសរើសទាំងអស់រួមទាំងមន្ត្រីបម្រុងផងសរុបចំនួ ១ ៦០០ នាក់។
លោកថ្លែងថា៖ «ដំបូងកំណត់ការជ្រើសរើសយក ២៥០ នាក់សិន ដែលនឹងពង្រីកទៅតាមឃុំ សង្កាត់ចំនួន ២៥០ លើខេត្តមួយចំនួនដែលមានសកម្មភាពកសិកម្ម ពាក់ព័ន្ធជាមួយនឹងដំណាំស្រូវ។ ឯឆ្នាំ ២០២៤ ខាងមុខនេះយើងនឹងមានរៀបចំជ្រើសរើស ៨០០ នាក់ទៀត ហើយនៅឆ្នាំ ២០២៥ រើសបង្គ្រប់ ៥៥០ នាក់បន្ថែមទៀត»។
ការចុះឈ្មោះចូលរួមប្រឡងធ្វើជាមន្ត្រីកសិកម្មឃុំនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ផ្តល់ឱកាសស្មើៗគ្នា សម្រាប់អ្នកចាប់អារម្មណ៍ ចង់ចូលបម្រើការងារពិតប្រាកដដែលនេះគឺសបញ្ជាក់ថាការជ្រើសរើសគឺធ្វើឡើងប្រកបដោយតម្លាភាព។ បន្ថែមលើនេះ ការប្រឡងជ្រើសរើសនេះក៏ជាការសម្រាំង យកមន្ត្រីកសិកម្ម ដែលមានជំនាញពិតប្រាកដ មិនអាចយកជំនាញផ្សេងមកធ្វើការងារនោះទេ ចំណែកវិញ្ញាសាគឺធ្វើភ្លាមដាក់ប្រឡងភ្លាម។
លោកថ្លែងថា៖ «អ្វីដែលសំខាន់គឺយើងធ្វើគណៈកម្មការជាមួយក្រសួងមុខងារសាធារណៈដែលមានជំនាញច្បាស់លាស់ក្នុងការជ្រើសរើសមន្ត្រីរាជការ ជាអ្នកដឹកនាំការងារនេះ។អ៊ីចឹងទាំងនីតិវិធីក្នុងការរៀបចំវិញ្ញាសាប្រឡង ការរៀបចំកុំឱ្យមានបញ្ហាសង្ស័យថា មិនយុត្តិធម៌គឺគណៈកម្មការបច្ចេកទេសបានរៀបចំអស់ហើយ មកដល់ពេលនេះអត់ទាន់មានវិញ្ញាសាទេ វិញ្ញាសាគឺធ្វើភ្លាមចេញភ្លាម អត់ធ្វើទុកមុនទេ»។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ស្តីពីការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានឱ្យដឹងថា ការជ្រើសរើសដំបូងចំនួន ២៥០ នាក់នេះនឹងយកទៅបម្រើការងារ នៅតាមភូមិសាស្ត្រគោលដៅ ក្នុងខេត្តចំនួន ១៧ រួមមាន តាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និងខេត្តមណ្ឌលគិរី៕