ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា ជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍគ្រួសារ និងសហគមន៍ហើយរាជរដ្ឋាភិបាលនឹងខិតខំលើកកម្ពស់ជនមានពិការភាពឱ្យក្លាយទៅជាអ្នកនយោបាយមន្ត្រីរាជការឱ្យកាន់តែច្រើនបន្ថែមទៀត។
លោកបានលើកឡើងដូចនេះ នាថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
លោកថ្លែងថា នៅកម្ពុជាការប្រារព្ធទិវាជនមានពិការភាពនេះឡើង ដើម្បីរំឭកពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាមជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនរួមមាន ស្ត្រីមេម៉ាយ កុមារកំព្រា ជនមានពិការភាពព្រមទាំងបន្សល់នូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមរាប់លានតោន។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖«ជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍគ្រួសារ និងសហគមន៍។ រាជរដ្ឋាភិបាលអាណត្តិទី ៧ បន្តចក្ខុវិស័យច្បាស់លាស់ សម្រាប់ជនមានពិការភាព និងក្រុមគ្រួសារ មានគុណភាពជីវិតល្អចូលរួមយ៉ាងសកម្មស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទិ្ធ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ»។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រី បានបង្ហាញពីការជឿជាក់ផងដែរថា ប្រធានបទនៃទិវាជនមានពិការភាពក្នុងឆ្នាំ ២០២៣ នេះនឹងក្លាយទៅជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធិជនមានពិការភាពនៅទូទាំងប្រទេសកម្ពុជា។ លោកបញ្ជាក់ថា៖«ត្រូវបង្កើនការធ្វើវិនិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សាប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានាថា ជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយមានសមធម៌ មានឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេសតំបន់ និងសកលលោក»។
លោកបន្ថែមថា ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការលើកកម្ពស់ជនពិការ គ្រប់ក្រសួងស្ថាប័ន និងវិស័យឯកជនត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិ និងសមត្ថភាពឱ្យបំពេញមុខងារទទួលខុសត្រូវក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើងរាប់ទាំងបម្រើការងារជាមន្ត្រីរាជការ កម្មករនិយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។
យោងតាមរបាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា សម្រាប់ឆ្នាំ ២០២៣ នេះ ជនមានពិការភាពចំនួន ៣ ៧៧៦ នាក់ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៦៩ នាក់បានចូលបម្រើការងារក្នុងក្រសួង ស្ថាប័នរដ្ឋចំនួន ៣៩ ស្ថាប័ន។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានគាំទ្រ និងសាទរការជំរុញ និងលើកទឹកចិត្តនេះ ប៉ុន្តែក៏ត្រូវផ្តល់ឱកាសឱ្យពួកគាត់ពង្រឹងសមត្ថភាពជាមូលដ្ឋានគ្រឹះផងដែរ។
លោកថ្លែងថា៖«ដើម្បីឈានទៅដល់ការជំរុញសមធម៌នៅក្នុងសង្គមការងាររបស់បងប្អូនជនពិការ យើងត្រូវផ្តល់ឱកាសឱ្យគាត់កសាងសមត្ថភាពពង្រឹងសមត្ថភាពដែលនេះជាមូលដ្ឋានគ្រឹះរបស់គាត់។ នៅពេលដែលគាត់មានសមត្ថភាព លទ្ធភាពគ្រប់គ្រាន់ហើយ អ៊ីចឹងគាត់ចូលក្នុងសង្គមការងារ គាត់នឹងមិនមានការលំបាកទេ»។
មួយវិញទៀតបើទោះបីជាជនមានពិការភាពមិនបានចូលក្នុងសង្គមការងារក៏ដោយ ប៉ុន្តែនៅពេលដែលគាត់មានសមត្ថភាព ពួកគាត់អាចប្រកបការងារវិជ្ជាជីវៈដោយខ្លួនឯងបាន។ លោកយង់ ពៅ បញ្ជាក់ថា៖ «អ៊ីចឹង! រាជរដ្ឋាភិបាល ជម្រើសទី ១ គឺត្រូវតែផ្តល់ឱកាស ឬបង្កឱកាសឱ្យគាត់ពង្រឹងសមត្ថភាពជំនាញចំណេះដឹង វិជ្ជាជីវៈទៅតាមសម្បទារបស់មនុស្សម្នាក់ៗដែលអាចទទួលយកបាន ដែលនេះគឺជារឿងសំខាន់»៕