ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ជា សុមេធី បានថ្លែងថា គិតត្រឹមខែសីហា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាល បានចំណាយថវិកាជាង ១ ៣០០ លានដុល្លារ ជួយឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះជិត ៧០ ម៉ឺនគ្រួសារ ដោយក្នុងនោះជនមានពិការភាពចំនួនជិត ៦ ម៉ឺនគ្រួសារ។
នៅក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ លោកជា សុមេធី បានឱ្យដឹងថា រាជរដ្ឋាភិបាលតាមរយៈមូលនិធិជាតិជំនួយសង្គមបានផ្ដល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ សរុបចំនួន ៦៩៨ ៧២៩ គ្រួសារ។ លោកបន្តថា៖«ក្នុងចំណោមគ្រួសារក្រីក្រ និងងាយរងគ្រោះជិត ៧០ ម៉ឺនគ្រួសារនោះ គឺមានជនមានពិការភាពចំនួន ៥៩ ៩៧៧ គ្រួសារ បានទទួលផលពីកម្មវិធីនេះ ហើយបើគិតចាប់តាំងពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ រហូតដល់ត្រឹមខែសីហា ឆ្នាំ ២០២៣ គឺបានចំណាយថវិការដ្ឋអស់ប្រមាណចំនួន ១ ៣២៨ លានដុល្លារ»។
រាជរដ្ឋាភិបាលបានខិតខំកែលម្អជីវភាពរស់នៅ ធានាដល់ការកាត់បន្ថយភាពក្រីក្រ របស់ជនមានពិការភាពតាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ ការងារ និងការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ។ ក្រៅពីនេះសប្បុរសជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាបានចូលរួមចំណែកទាំងធនធានថវិកា និងធនធានមនុស្ស ដើម្បីជាឧត្តមប្រ-យោជន៍សម្រាប់ជនមានពិការភាពកម្ពុជា។
លោកបញ្ជាក់ថា៖ «ក្រសួងរៀបចំដែនដី ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ និងក្រសួងធម្មការបានដាក់បញ្ចូលការគិតគូរដល់ជនមានពិការភាពក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិនិងតាមវត្តអារាម ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជនមានពិការភាពក្នុងការប្រើប្រាស់សេវាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឱ្យកាន់តែមានភាពងាយស្រួលឡើង»។
លើសពីនេះ ក្រសួងសាធារណៈ និងដឹកជញ្ជូន និងក្រសួងសុខាភិបាលក៏បានអនុញ្ញាតដល់ជនមានពិការភាពមានសិទ្ធិប្រើបណ្ណបើកបរ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួន និងការចល័តទីផងដែរ។ លោកជា សុមេធី បន្ថែមថា សេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍ក៏ត្រូវបានពង្រឹង ខណៈមនុស្សគថ្លង់ និងជនពិការភ្នែកក៏ត្រូវបានអភិវឌ្ឍផងដែរដូចជា៖ អក្សរប្រៃយ៍ (អក្សរស្ទាប) ភាសាសញ្ញាត្រូវបានបង្កើតឡើងដោយដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៃវិស័យអប់រំ ព័ត៌មានវិទ្យា និងតាមស្ថានីយទូរទស្សន៍នានា ដើម្បីបម្រើឱ្យការផ្តល់ព័ត៌មានជូនជនមានពិការភាពឱ្យបានកាន់តែប្រសើឡើងផងដែរ។
ទន្ទឹមនឹងនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានថ្លែងនៅក្នុងទិវាជនមានពិការភាពដែរថា ក្នុងនាមរាជរដ្ឋាភិបាល មានសុទិដ្ឋិនិយមចំពោះទស្សនវិស័យរួមគ្នាក្នុងការបន្តលើកកម្ពស់វិស័យពិការភាព ការផ្ដល់អំណាច និងការគាំទ្រដល់ជនមានពិការភាព ដែលជាគុណតម្លៃដ៏វិសេសវិសាល សម្រាប់ការអភិវឌ្ឍសង្គមជាតិទាំងមូល ពិសេសក្នុងបរិការណ៍នៃការស្តារសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញប្រកបដោយចីរភាព បរិយាបន្ន និងភាពរឹងមាំ ក្រោយវិបត្តិនៃជំងឺកូវីដ ១៩។
លោកថា៖ «ជាក់ស្តែងរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាព រួមមានការរៀបចំជម្រាលធ្នាក់ដៃ ចំណតយានយន្តអាទិភាព ភាសាសញ្ញា និងផ្លូវដើរសម្រាប់ជនពិការភ្នែកជាដើម»។
បើតាមក្រសួងសង្គមកិច្ច ក្នុងឆ្នាំ ២០២៣ ជនមានពិការភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន ៣៩ ដែលមានចំនួន ៣ ៧៧៦ នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៦៩ នាក់,ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២ ៣៥១ នាក់ បើគិតជាភាគរយ ២,០៥%។
ដោយឡែកវិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជិកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានចំនួន ២៤១ គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមានជនមានពិការភាពចូលបម្រើការងារចំនួន ៣ ៧៥៩ នាក់ (ស្ត្រី ៣ ៦៣១ នាក់) សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសមានជនមានពិការភាព ៧ ៥៤៥ នាក់កំពុងបម្រើការងារ៕