ភ្នំពេញៈ មេធាវី ត្រូវបានគេចាត់ទុកថាជាអ្នកមានជំនាញផ្នែកច្បាប់ ហើយក៏ជាអ្នកការពារ និងផ្សះផ្សាក្តីដល់ភាគីមានវិវាទផងដែរ ខណៈការប្រកបវិជ្ជាជីវៈនេះកំពុងមានវិសាលភាពដល់សហគមន៍ ដែលនៅឆ្នាំនេះចំនួនមេធាវីមានរហូត ២ ៣៦៥ រូបលើសពីឆ្នាំមុនដែលមានត្រឹមតែ ២ ១២៦ រូប។
ជាធម្មតាអ្វីដែលជាការរំពឹងទុករបស់កូនក្តី គឺការការពារក្តីប្រកបដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់របស់មេធាវី។ ដូចអ្វីដែលលោកមេធាវី ឡោ គីមហ្គិច បានប្រាប់ថា មេធាវីគឺជាអ្នកការពារក្តីជូនកូនក្តីរបស់ខ្លួន ហើយក៏ជាអ្នកតំណាងឱ្យកូនក្តីក្នុងពេលជំនុំជម្រះផងដែរ។
លោកមេធាវី ដែលបានប្រកបអាជីពនេះអស់ពេលជាង ១០ ឆ្នាំរូបនេះ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា បើគិតថា ខ្លួនចង់បានអតិថិជនច្រើនត្រូវពង្រីកវិសាលភាពនៃជំនាញច្បាប់របស់ខ្លួនតាមរយៈការឡើងការពារក្តីក្នុងសាលាជំនុំជម្រះ តែមេធាវីមិនអាចចុះផ្សាយក្នុងសារព័ត៌មានថា ខ្លួនពូកែបានទេ។
លោកបានបញ្ជាក់ថា៖ «ដូច្នេះបើគេឃើញថា គាត់ជាមេធាវីដែលមានការទទួលខុសត្រូវខ្ពស់គឺនៅថ្ងៃក្រោយគេនឹងពឹងគាត់ តែបើឱ្យមេធាវីទៅផ្សព្វផ្សាយថាគាត់ជាមេធាវីអ៊ីចេះ ឬមេធាវីអ៊ីចុះនោះ គឺអត់បានទេ»។
បើតាមលោក ឡោ គីមហ្គិច ពាក់ព័ន្ធនឹងការបកស្រាយច្បាប់នៅតាមទូរទស្សន៍ដើម្បីឱ្យពលរដ្ឋយល់ដឹង ក៏ជាការចែករំលែកចំណេះដឹងច្បាប់មួយល្អ របស់មេធាវីដែរ។ មេធាវីមានភាពផ្ទុយស្រឡះពីអ្នកលក់ដូរ បានន័យថា អ្នកលក់ដូរពេលគាត់លក់ជិតគ្នា គឺតែងបក់ដៃហៅអតិថិជនប្រជែងគ្នា តែសម្រាប់មេធាវីទោះមានចំនួនច្រើនក្តី តែមិនអាចធ្វើដូចអ្នកលក់ដូរបានឡើយ។
ចំណែកលោក ឌិន ស៊ីដែន អ្នកនាំពាក្យគណៈមេធាវីក៏បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដែរថា មេធាវីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបម្រើដល់វិស័យយុត្តិធម៌ ដែលជាមូលដ្ឋានគ្រឹះនៃ"នីតិរដ្ឋ” តាមរយៈការធ្វើជាតំណាងកូនក្តី ការជួយការពារកូនក្តីនៅគ្រប់សាលាជម្រះក្តី និងគ្រប់ដំណាក់កាលនៃនីតិវិធី។ លើសពីនេះទៀត មេធាវីបានចូលរួមផ្ដល់យោបល់ និងតាក់តែងលិខិតស្នាមផ្សេងៗក្នុងវិស័យគតិយុត្ត ហើយអាចបំពេញការងារជាអ្នកផ្សះផ្សា ឬអ្នកសម្រុះសម្រួលតាមការចាត់តាំងដោយគូក្តី ឬចៅក្រម។
លោកថា៖ «គណៈមេធាវីនិយាយជារួម និងមេធាវីនិយាយដោយឡែកបានប្រឹងប្រែងយ៉ាងសកម្មក្នុងការផ្សព្វផ្សាយច្បាប់តាមរយៈការរៀបចំសិក្ខាសាលាកម្មវិធី ៣ សំណួរ កម្មវិធីជជែកពីច្បាប់របស់ស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន (BTV) កិច្ចពិភាក្សាតុមូល និងការបោះផ្សាយព្រឹត្តិបត្រមេធាវី»។
លោក ឌិន ស៊ីដែន បានឱ្យដឹងថា គណៈមេធាវីបានសង្កេតឃើញការប្រកបវិជ្ជាជីវៈរបស់មេធាវីមានលក្ខណៈកាន់តែប្រសើរឡើងដោយកត្តាជាច្រើន រួមមាន ទី១- កំណើនការយល់ដឹងអំពីច្បាប់ និងសិទ្ធិរបស់ខ្លួនពីសំណាក់សាធារណជនទូទៅ។
ទី២- កំណើនតម្រូវការមេធាវីតាមរយៈការដាក់ចេញកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលនឹងកសាងសង្គមដោយផ្អែកលើច្បាប់ សេដ្ឋកិច្ចរីកចម្រើន សុខដុមរមនា គោរពសិទ្ធិមនុស្ស។ ការជំរុញពាណិជ្ជកម្មអន្តរជាតិនិងអភិវឌ្ឍវិស័យឯកជន ឧទាហរណ៍ ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការកាលពីពេលថ្មីៗនេះជាដើម។
ទី៣- កំណើននៃការផ្សព្វផ្សាយច្បាប់របស់គណៈមេធាវីតាមរយៈសិក្ខាសាលា វគ្គបណ្តុះបណ្តាលនានា និងការកសាងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិជាដើម និងទី៤-ការជួបសំណេះសំណាលជាប្រចាំរវាងថ្នាក់ដឹកនាំគណៈមេធាវី និងមេធាវីកំពុងធ្វើកម្មសិក្សា មេធាវីទើបចេញប្រកប [វិជ្ជាជីវៈ] និងមេធាវីដែលចេញប្រកបហើយ។
លោក ស៊ីដែន បានបញ្ជាក់ថា ការប្រកបវិជ្ជាជីវៈមេធាវីគឺអាស្រ័យលើចំណេះដឹង បទពិសោធន៍ សមត្ថភាព និងការកសាងកេរ្តិ៍ឈ្មោះល្អរបស់មេធាវីម្នាក់ៗ។ កាលពីពេលថ្មីៗនេះមេធាវីជាច្រើនក៏ត្រូវបានតែងតាំងឱ្យបម្រើការនៅតាមស្ថាប័នរដ្ឋផងដែរ។ ចំណុចទាំងនេះ សុទ្ធសឹងជាសក្ខីកម្មអំពីដំណើរការកាន់តែប្រសើរឡើងនៃការប្រកបវិជ្ជាជីវៈ និងការទទួលស្គាល់សមត្ថភាពមេធាវី ពីថ្នាក់ដឹកនាំកំពូលក្នុងការប្រគល់ភារកិច្ចដ៏សំខាន់ៗទាំងនេះដល់មេធាវីរបស់យើងដែរ។
លោកឱ្យដឹងដែរថា បច្ចុប្បន្នគណៈមេធាវីមានសមាជិកចំនួន ២ ៨៧៩ នាក់ ក្នុងនោះ មេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈ ២ ៣៦៥ នាក់ (ប្រុស ១ ៦៤៩ នាក់ និងស្ត្រី ៧១៦ នាក់)។ ចំពោះសមាជិកជាមេធាវីបរទេសវិញមានចំនួន ១២ នាក់ (ស្រី ៦ នាក់) ដែលបម្រើការក្នុងក្របខ័ណ្ឌអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។
លោក សា វន ជាពលរដ្ឋដែលកំពុងរស់នៅក្នុង ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងបានថ្លែងថា លោកធ្លាប់មានរឿងក្តីពាក់ព័ន្ធនឹងរឿងរដ្ឋប្បវេណីម្តងដែរ ដោយពេលនោះលោកមានមេធាវីសម្រាប់ជួយការពារក្តី (គិតសេវា) តែការជំនុំជម្រះចុងក្រោយ គឺលោកចាញ់ក្តីភាគីម្ខាងទៀត ប៉ុន្តែទោះយ៉ាងណាលោកនៅតែពេញចិត្តមេធាវីដែលបានជួយការពារក្តី ហើយលោកបានយល់ដឹងខ្លះៗពីច្បាប់តាមការពន្យល់ពីលោកមេធាវីពាក់ព័ន្ធជម្លោះក្នុងសហគមន៍។
លោក សា វន បានបន្ថែមថា៖ «មេធាវីមិនត្រឹមតែជួយការពារក្តីក្តាំយើងតែ ១ មុខតាមវិជ្ជាជីវៈទេ តែគាត់បានចែករំលែកចំណេះដឹងផ្នែកច្បាប់ខ្លះៗដល់ខ្ញុំទៀតផង។ ខ្ញុំគ្រាន់តែសំណូមពរថាអ្នកច្បាប់ រៀនចេះដឹងហើយធ្វើម៉េចរកយុត្តិធម៌ក្នុងការជម្រះក្តីក៏ដូចការពារក្តីទៅតាមវិជ្ជាជីវៈដែលខ្លួនបានរៀនចេះដឹង»។
បើតាមលោក ស៊ីដែន គណៈមេធាវី និងមេធាវីក៏បានចូលរួមការពារក្តីជូនជនក្រីក្រ តាមរយៈការប្រឹក្សាយោបល់ច្បាប់ដោយឥតយកកម្រៃផងដែរ។លោកថា ការដាក់ចេញគោលនយោបាយស្តីពីការប្រឹក្សាយោបល់ និងការពារក្តីជូនជនក្រីក្រ និងកម្មករ កម្មការិនីដោយឥតយកកម្រៃ រួមមាន ការចាត់តាំងមេធាវីការពារស្ត្រី និងក្មេងស្រីរងគ្រោះដោយអំពើហិង្សា គម្រោងលើកកម្ពស់ជំនួយផ្នែកច្បាប់សម្រាប់កុមារ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីចូលរួមបម្រើវិស័យយុត្តិធម៌។
លោកបានឱ្យដឹងថា សម្រាប់ឆ្នាំ ២០២៣ គណៈមេធាវីបានចាត់តាំងមេធាវីឱ្យការពារក្តីជូនជនក្រីក្របាន ៥ ៤៧០ ករណី មានកូនក្តីសរុបចំនួន ៨ ៧៥៧ នាក់, ផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ជូនជនក្រីក្របាន ៤៥៦ ករណី, ផ្តល់មេធាវីឱ្យជួយការពារស្ត្រី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សាបាន ២៤២ ករណីដែលមានជនរងគ្រោះ ២៥៦ នាក់, ផ្តល់ការការពារក្ដីជូនកុមារបាន ៦០ ករណី មានកុមារ ៨៧ នាក់ និងផ្តល់ការការពារក្តីចំនួន ៣៤ ករណី ព្រមទាំងប្រឹក្សាយោបល់ចំនួន ៣១០ ករណីដោយឥតគិតកម្រៃ។
ចំណែកលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូបានថ្លែងថា ជាទូទៅពេលមានករណីប្តឹងគ្នានៅតុលាការទាំងរឿងព្រហ្មទណ្ឌ និងរឿងរដ្ឋប្បវេណី ភាគីទាំងអស់តែងតែត្រូវការមេធាវីដើម្បីការពារសិទ្ធិឬជាតំណាងដោយអាណត្តិរបស់ខ្លួន លើកលែងតែបទឧក្រិដ្ឋឬអនីតិជនក្នុងរឿងព្រហ្មទណ្ឌដែលតុលាការសុំការចាត់តាំងពីគណ:មេធាវីដើម្បីការពារសិទ្ធិដល់ជនជាប់ចោទ ឬជនត្រូវចោទក្នុងករណីពួកគាត់គ្មានមេធាវីការពារ។ ក្រៅពីនោះភាគីទាំង ២ អាចស្វែងរកសេវាមេធាវីដោយខ្លួនឯង តែមេធាវីត្រូវតែគោរពតាមលក្ខន្តិក: វិជ្ជាជីវ: និងក្រមសីលធម៌របស់ខ្លួន។
លោកថា៖ «គណៈមេធាវីបានពង្រឹងការគោរពលក្ខន្តិក:វិជ្ជាជីវ: និងក្រមសីលធម៌វិជ្ជាជីវ:និងការបណ្តុះបណ្តាលបន្ថែម ដូច្នេះការបង្កើនទំនុកចិត្ត និងការខិតខំបំពេញវិជ្ជាជីវ:របស់មេធាវីដល់អតិថិជន (កូនក្តី) របស់ខ្លួនជារឿងសំខាន់ក្នុងការចូលរួមលើកកម្ពស់វិស័យច្បាប់ និងប្រព័ន្ធយុត្តិធម៌»។
លោក សំអាត បានបន្ថែមថា ប្រសិនបើមើលទៅលើចំនួនមេធាវីនៃគណ:មេធាវីព្រះរាជាណាចក្រកម្ពុជា ២ ៣៦៥ នាក់ គឺមិនទាន់ឆ្លើយតបនឹងតម្រូវការនៃចំនួនប្រជាពលរដ្ឋទូទាំងប្រទេសបាននៅឡើយទេ។
លោកថា មេធាវីជាតួអង្គមួយចូលរួមចំណែកសំខាន់នៅក្នុងវិស័យយុត្តិធម៌ និងច្បាប់ ដោយជួយការពារកូនក្ដីតាមផ្លូវច្បាប់ ការប្រឹក្សាយោបល់ផ្លូវច្បាប់ និងនីតិវិធី ក៏ដូចជាការចូលរួមផ្សព្វផ្សាយច្បាប់ដល់ពលរដ្ឋ ប៉ុន្តត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវ:របស់ខ្លួន និងគោរពតាមលក្ខន្តិក:មេធាវី៕