ភ្នំពេញៈ ក្រុមហ៊ុន Guangzhou Youdi Bio-technology ដែលជាក្រុមហ៊ុនវិនិយោគធំមួយរបស់ប្រទេសចិន បានបង្ហាញបំណងរបស់ខ្លួនចង់វិនិយោគបង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្ត្រ និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើបនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ផលិតផលទាំងនេះនៅលើទីផ្សារ។
ការបង្ហាញពីបំណងរបស់ក្រុមហ៊ុននេះ បានធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាង លោក Li Laiqing អគ្គនាយក ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd.ជាមួយនឹងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
យោងតាមហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ភាគីទាំង ២ បានជជែកពិភាក្សាលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិននេះ ក្នុងការបង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្ត្រ និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើប ដើម្បីផ្គត់ផ្គង់ផលិតផលទាំងនេះនៅលើទីផ្សារប្រទេសកម្ពុជា និងនៅក្នុងតំបន់។
ប្រភពដដែលលើកឡើងថា នៅក្នុងជំនួបនោះដែរ តំណាងក្រុមហ៊ុនខាងលើ ក៏បានបន្ថែមថា ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd ក៏មានគោលបំណង ក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្ត្រ ដែលរួមបញ្ចូលលើការផលិតសម្ភារវេជ្ជសាស្ត្រ កន្លែងសិក្សាស្រាវជ្រាវនវានុវត្ត ន៍មន្ទីរពេទ្យ និងគ្លីនិក ជាដើមផងដែរ។
ជុំវិញកិច្ចពិភាក្សានេះដែរ លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ឱ្យដឹងថា នេះជាមោទនភាពប្រសិនបើគម្រោងបង្កើតរោងចក្រផលិតផលិតផលវេជ្ជសាស្ត្រ និងឧបករណ៍ធ្វើរោគវិនិច្ឆ័យទំនើបនៅកម្ពុជា បានលេចចេញជារូបរាងពិតមែន ព្រោះលោកថា នៅកម្ពុជា មិនមានរោងចក្របែបនេះនៅឡើយទេ។
លោកបានថ្លែងថា៖«រោងចក្រផ្នែកវេជ្ជសាស្ត្រនៅកម្ពុជាមិនទាន់មានទេ កន្លងមកយើងមានតែការវិនិយោគលើគម្រោងមន្ទីរពេទ្យធំៗពីសំណាក់បរទេសប៉ុណ្ណោះ ហេតុនេះខ្ញុំយល់ថា បើគម្រោងនេះមានដំណើរការមែនគឺជារឿងល្អ ព្រោះស្ថានភាពនៃការនាំចូលសម្ភារវេជ្ជសាស្ត្រនៅកម្ពុជា ភាគច្រើនគឺយើងនាំចូលទាំងអស់ មានខ្លះថ្មី និងខ្លះជារបស់ដែលគេប្រើប្រាស់រួច ហើយការនាំចូលនេះក៏មានតម្លៃថ្លៃទៀត។ អ៊ីចឹងខ្ញុំរំពឹងថាគម្រោងនេះហ្នឹងលេចចេញរូបរាងនាពេលខាងមុខឆាប់ៗ»។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Guangzhou Youdi Bio-Technology Co., Ltd. នេះគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដទៃទៀត ដែលលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានធ្វើទស្សនកិច្ចក្នុងកំឡុងដំណើរទស្សនកិច្ចដើម្បីទាក់ទាញវិនិយោគិន នៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។
ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. បង្កើតឡើងនៅក្នុងឆ្នាំ២០១០ ដែលជាសហគ្រាសវេជ្ជសាស្ត្រប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលមានឯកទេសក្នុងការអភិវឌ្ឍ ផលិត ចែកចាយវត្ថុធាតុដើមឱសថ សារធាតុសម្រាប់ផលិតផលិតផលវេជ្ជសាស្ត្រ និងបច្ចេកវិទ្យារោគវិនិច្ឆ័យ។ ក្រុមហ៊ុននេះរួមបញ្ចូលការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត ការចែកចាយ សេវាកម្មស្រាវជ្រាវរកបច្ចេកវិទ្យា វិទ្យាសាស្ត្រដែលទាក់ទងនឹងថ្នាំ និងឧបករណ៍ធ្វើតេស្តរោគវិនិច្ឆ័យជាដើម៕