ភ្នំពេញៈ ការ​ប្រកួត​ប្រដាល់​កម្រិត​អន្តរ​ជាតិ​ថ្មី​មួយ​ទៀត ​គឺCambodia Kun Khmer KKIF នឹង​ត្រូវ​រៀបចំ​ឱ្យ​មាន​ឡើង​ជា​លើក​ដំបូង​ដោយ​ក្លិប​ប្រដាល់​គុន​ខ្មែរ​អន្តរ​ជាតិ ​Kun Khmer International Fight Gym (KKIF) ហើយ​ព្រឹត្តិ​ការណ៍​នេះ​នឹង​ត្រូវ​ធ្វើ​នៅ​បរិវេណ​​មុខ​ផ្សារ​ទំនើប​ជីប​ម៉ុង​ 271 មេ​ហ្គា​ម៉​ល នៅម៉ោង​ ៧ យប់ នា​ថ្ងៃទី​ ១០ ​ខែ​ធ្នូ​ ឆ្នាំ ២០២៣​។​

​សម្រាប់​ការ​ចាប់​ផ្តើម​បង្កើត​ឱ្យ​មាន​ការ​ប្រកួ​ត Cambodia Kun Khmer KKIF ជា​លើក​ដំបូង​នេះ ​លោក ស្រ៊ឺ ស្រេង ​ហៅ​សំណព្វ​ ដែល​ជាអ្នក​ផ្គូផ្គង​កីឡា​បាន​ឱ្យ​ដឹង​ថា កីឡា​ករ​ជើង​ខ្លាំង​កម្រិត ​A មកពី​ ៦​ ប្រទេស​ត្រូវ​បាន​សម្រិត​សម្រាំង​យក​មក​ប្រកួត​ជាមួ​យ​ជើង​ខ្លាំង​លំដាប់ៗ​នៅកម្ពុជា ហើយ​អ្វីដែល​ពិសេស​បំផុត​នោះ​គឺ​ការ​ប្រកួត​នេះ អាច​នឹង​មាន​ការ​ផ្សាយ​ចេញ​ទៅ​កាន់​ ១៩២ ​ប្រទេស នៅ​គ្រប់​ទ្វីប​ទាំង​អស់​។​

​លោក​និយាយ​ថា​៖ «​បើ​មិន​មាន​អ្វី​ប្រែប្រួ​ល​នោះទេ ​ការប្រកួត​Cambodia Kun Khmer KKIF នៅ​ថ្ងៃទី ​១០ ខែធ្នូ​នេះ ​យើង​នឹងមា​ន​ការ​ផ្សាយ​ចេញ​ទៅ​កាន់​ប្រទេស​ចំនួន​ ១៩២​ នៅ​លើ​ពិភព​លោក​ គ្រប់​ទ្វីប​ទាំង​អស់​ ហើយ​ការ​ផ្សព្វ​ផ្សាយ​ធំ​បែប​នេះ ​ស្រុក​ខ្មែរ​យើង​មិន​ធ្លាប់​មានទេ​​វា​ជា​លើក​ទី​១ ក្នុង​ប្រវត្តិ​សាស្ត្រដែល​គុន​ខ្មែរ​របស់​យើង ​ផ្សាយ​ចេញ​ទៅ​កាន់ ​១៩២ ​ប្រទេស ដែល​ជា​ដៃគូ​សហ​ការ​របស់​យើង​»​។​

​ជា​មួយ​គ្នានេះ​ លោក​ ស្រី​ ចាន់​ថន ប្រធាន​ក្លិប KKIF បាន​បង្ហោះ​នៅលើ​ហ្វេស​ប៊ុក​របស់​លោក​ថា ការ​ប្រកួត Cam​bodia​ Kun Khmer KKIF នៅ​ថ្ងៃទី​១០ ខែធ្នូ​នេះ ​មិន​មាន​ការ​លក់​សំបុត្រ​នោះ​ទេ ​គឺ​អ្នក​គាំទ្រ​អាច​ចូល​រួម​ទស្សនា​ដោយ​សេរី ​ចំណែក​សមាស​ភាព​កីឡា​ករ​បរទេស​ទាំង​៦​នាក់មកពី​៦​ប្រទេស​ផ្សេងៗ​គ្នា​នេះ ​សុទ្ធតែជា​​ជើង​ខ្លាំង និង​ជា​ម្ចាស់​ខ្សែ​ក្រវាត់ ដែល​ត្រូវ​តតាំង​ជា​មួយ​កីឡា​ករ​លំដាប់ៗ​នៅ​កម្ពុជា​។​

​សម្រាប់​ការប្រ​កួត​នេះ ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម សុ​ខ រិ​ទ្ធ នឹ​ងត្រូវ​ប្រកួត​មុន​គេ ​ជាមួយ​កីឡាករ​ជម្រើស​ជាតិ​ ២ ​សម័យ​កាល​របស់​ប្រទេស​យេម៉ែន ​ZahranAbdulraoebក្នុង​ទម្ងន់​ ៥៤​ គីឡូ​ក្រាម​។ បន្ទាប់​មកជា​ការ​ជួប​គ្នា​រវាង​ សូត្រ ខេ​វិន​ ជាមួ​យ​អតីត​កីឡាករ​ជម្រើស​ជាតិ​អ៊ីតាលី ​Alex Gabriel ក្នុង​ទម្ងន់​៦៥​គីឡូ​ក្រាម ​ហើយ​គូ​ទី​៣ ជា​ការ​ជួប​គ្នា​រវាង​ អ៊ុង វិ​រៈ និង​ថៃ P.Nikhomដែល​សុទ្ធ​តែ​ធ្លាប់​បាន​សាង​ភាព​ល្បី ​កាល​ពី​អតីត​កាល​ តែពេ​ល​នេះ ​អ្នក​ទាំង​២បាន​ឡើង​ទម្ងន់​ដល់​ ៨០​ គីឡូ​ក្រាម​ហើយ​។​

​ចំណែក​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម បឺត សង្ឃឹម ​និង​ជា​ជើង​ខ្លាំង​ទម្ងន់​ ៥៧​ គីឡូ​ក្រាម​របស់​កម្ពុជា ត្រូវ​ប្រកួត​ជា​មួយ​កីឡា​ករ​អាជីព​ជា​ម្ចាស់​មេដាយ​មាស​៣​សម័យ​កាល​របស់ ​ម៉ាឡេស៊ី Muhamm Ad Shaiful   រីឯ​ជើង​ខ្លាំង សុខ ធី ​របស់​កម្ពុជាត្រូវ​ប្រឈម​ជា​មួយ​កីឡាករ​ជំនាញ​វ៉ៃ​ឃី​ក​បុក​ស៊ី​ង និង​វាយ​ដាក់​ទ្រុង​របស់​ហ្វីលី​ពីន ​CasipeSalvadico Rhino ក្នុង​ទម្ងន់​ ៦០​ គីឡូ​ក្រាម​ ហើយ​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម ​ឈឿង ល្វៃ ត្រូវ​វ៉ៃ​ជា​មួយ​អតីត​ជើង​ខ្លាំង​លំដាប់​លេខ​ ៣​ របស់​ពិភព​លោក​ និង​ជា​ជើង​ឯក​រង​ ២​ សម័យ​កាល​ប្រចាំ​នៅ​ប្រេ​ស៊ី​ល Victor Cam​arg​o ក្នុង​ទម្ងន់​ ៧២ ​គីឡូ​ក្រាម​។​

​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​ទាំង ​៦ ​គូ​នេះ ​ត្រូវ​បាន​លោក ​សំណព្វ​ បញ្ជាក់ថា​ ត្រូវធ្វើឡើ​ង​តាម​បទ​បញ្ជា​ប្រកួត​គុន​ខ្មែរ​ ហើយ​ដោយ​សារ​ការ​ផ្គូផ្គង ​ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល​ ១ ​ខែ​មក​ហើយ​នោះ ​លោក​បាន​អះអាង​ថា កីឡាករ​បរទេស​ទាំង ​៦​ នាក់​នេះ បាន​ស្គាល់ ​និង​យល់​ពី​របៀប​ប្រកួត​គុន​ខ្មែរ​រួចហើយ ​ហើយ​ការប្រ​កួត​នេះ នឹ​ងត្រូវ​ធ្វើឡើ​ង​ដោយ​យុត្តិ​ធម៌ គឺ​មិន​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​លទ្ធ​ផល​ឈ្នះ​ពេក​នោះ​ទេ​។ 

​អតីត​អ្នក​គ្រប់​គ្រង​ប្រដាល់​ប្រចាំ​នៅ​សង្វៀន PNN លោក ស្រ៊ឺ ស្រេង ​បាន​បញ្ជាក់ថា​​៖ «​អ្វីដែល​ក្រុម​ការងា​រ​របស់KKIFនិង​លោក​ប្រធាន​ឧកញ៉ាស្រី ​ចាន់​ថន ផ្តោត​ខ្លាំង​លើ​​ការប្រ​កួត​នេះគឺ​ការផ្ស​ព្វផ្សា​យ​គុន​ខ្មែរទៅកា​ន់​ពិភពលោ​ក ​ដោយ​យើង​ត្រូវ​ប្រកួត​ឱ្យ​អស់​ពី​លទ្ធ​ភាព និង​កាត់សេ​ចក្តី​​ដោយ​យុត្តិ​ធម៌ ​ព្រោះ​បើ​យើង​ចាញ់​អ្នក​ខ្លាំង​ដ៏​ពិត​ប្រា​កដ​នោះក៏​ជា​មេរៀន​ដ៏​ល្អ ​តែបើ​យើង​ឈ្នះ​ យើង​នឹង​ឈាន​ទៅ​ជួប​កីឡាករ​លំដាប់​កាន់​តែខ្លាំ​ង​ថែម​ទៀត​»​។​

​ជា​មួយ​ការ​ដាក់​គោល​ដៅ​យ៉ាង​ច្បាស់​លាស់​នេះ ​លោក​ សំណព្វ ​បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​ក្លិប​ KKI​F ថា​៖ «​កីឡាករ​លំដាប់​ណាក៏​ដោយ​របស់​ពិភព​លោក ឱ្យតែ​គេច​ង់​មក​វ៉ៃ​នៅ​ស្រុក​ខ្មែរ គឺ​តម្លៃ​ខ្លួន​ប៉ុន្មាន​ក៏​យើង​យក​មក​បាន​ដែរ ​ហើយ​ការ​និយាយ​បែប​នេះ ​មិន​មែន​យើង​អួត​នោះ​ទេ ​ប៉ុន្តែ​សំខាន់​យើង​ចង់​ធ្វើឱ្យ​ល្អ​ និង​ឱ្យ​មាន​ភាព​ល្បី​ល្បាញ​ទាំង​នៅ​ក្នុង​ស្រុក និង​នៅក្រៅ​​ប្រទេស​»​។​

​លោក​ សំណព្វ បាន​បន្ថែម​ថា​៖ «​តាម​ពិត​យើង​ចង់​រៀបចំ​ព្រឹត្តិកា​រណ៍​នេះ ​នៅក្រៅ​ប្រទេស​មុន ដោយ​ចាប់​ផ្តើម​ចេញពី​អាមេរិ​ក ប៉ុន្តែ​ដោយសារ​​ឱកាស និង​កត្តា​អំណោយ​ផល​ល្អ ​ទើប​យើង​រៀបចំ​នៅ​ស្រុក​ខ្មែរ​មុន​វិញ ​ហើយ​បើ​ព្រឹត្តិ​ការណ៍​លើក​ទី​១​ នេះ​ ទទួ​លបាន​ការ​គាំទ្រ​ខ្លាំង​ពី​អ្នក​គាំទ្រ ​គឺ​យើង​នឹង​រៀបចំ​ការ​ប្រកួត​អន្តរជា​តិ​បែបនេះ​ ឱ្យមាន​​ជា​បន្តប​ន្ទាប់​ទៀត ​ទាំង​នៅក្នុ​ង​ស្រុក និ​ង​ក្រៅ​ស្រុក ដើម្បី​ផ្សព្វផ្សា​យ​គុន​ខ្មែរ​របស់​យើង ឱ្យបា​ន​កាន់​តែ​ខ្លាំង​ថែម​ទៀត ​ទៅកាន់​ពិភព​លោក​»៕