ភ្នំពេញៈប្រតិភូកងទ័ពជើងគោកវ័យក្មេងសិង្ហបុរី បានមកបំពេញទស្សនកិច្ចនៅកម្ពុជា តាមរយៈកម្មវិធីផ្លាស់ប្តូរនាយទាហានវ័យក្មេងរវាងកងទ័ពជើងគោកប្រទេសទាំង២ (RAC–SAF Junior Officers Exchange Program) ដើម្បីស្វែងយល់ពីគ្នានិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីកម្ពុជា-សិង្ហបុរី និងក្របខ័ណ្ឌតំបន់អាស៊ាន ដែលជាការផ្លាស់ប្តូរលើកទី១។
ដំណើរទស្សនកិច្ចរបស់នាយទាហានវ័យក្មេងសិង្ហបុរីមកកាន់កម្ពុជានេះ ធ្វើឡើងតាមស្មារតីជំនួបរវាងលោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងលោក DAVID NEO មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ខណៈអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីផ្លាស់ប្តូរនាយទាហានវ័យក្មេងនេះ។នេះបើយោងតាមការផ្សាយលើហ្វេសប៊ុករបស់កងទ័ពជើងគោកនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។
កងយោធពលខេមរភូមិន្ទបានលើកឡើងថា ប្រតិភូកងទ័ពជើងគោកវ័យក្មេងសិង្ហបុរីមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីស្វែងយល់ពីគ្នា ក៏ដូចជាដើម្បីកិច្ចសហប្រតិបត្តិការទ្វេភាគីនៃកងទ័ពជើងគោកប្រទេសទាំង២ ព្រមទាំងកិច្ចសហប្រតិបត្តិការគោកទ័ពជើងគោកនៃបណ្តាប្រទេសអាស៊ានដែលបានឯកភាពកន្លងទៅក្នុងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ានលើកទី២៤ នៅហួហ៊ីន ប្រទេសថៃ។
អំឡុងដំណើរទស្សនកិច្ចនៅកម្ពុជានេះប្រតិភូនាយទាហានជើងគោកវ័យក្មេងសិង្ហបុរីមានជំនួបសម្តែងការគួរសម ជា មួយលោក ម៉ៅ សុផាន់ ព្រមទាំងធ្វើទស្សនកិច្ចការងារនៅតាមបណ្តាអង្គភាពនានា ដូចជា បញ្ជាការដ្ឋានទ័ពពិសេស, បញ្ជាការដ្ឋានវិស្វកម្ម,កងពលតូចលេខ៧០, មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក, យោធភូមិភាគទី៤, សាលាហ្វឹកហ្វឺនសង្គ្រោះមិត្តភាព កម្ពុជា-ជប៉ុន ក្រុងព្រះសីហនុ និងវិទ្យាស្ថានកងទ័ពជើងគោកផងដែរ។
ប្រភពដដែលបានបន្តថា ក្រៅពីនេះ នាយទាហានវ័យក្មេងទាំងនេះ នឹងធ្វើបទបង្ហាញអំពីការអនុវត្តកាតព្វកិច្ចយោធា និងការជ្រើសរើសកងទ័ពពិសេស នៅឯកងពលតូចលេខ៧០ កងទ័ពជើងគោក ផងដែរ។
ជុំវិញទស្សនកិច្ចនេះដែរ លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ជាការល្អដែលមានដំណើរទស្សនកិច្ចផ្លាស់ប្តូរនាយទាហានវ័យក្មេងសិង្ហបុរីមកសិក្សាស្វែងយល់ពីកម្ពុជានេះ ដែលអាចធ្វើឱ្យកម្ពុជានិងសិង្ហបុរីយល់គ្នាកាន់តែស៊ីជម្រៅ និងអាចរឹតចំណងមិត្តភាពក្នុងតំបន់កាន់តែល្អ។
លោកបានបន្តថា សិង្ហបុរីតែងរៀបចំដំណើរទស្សនកិច្ចសិក្សានានាសម្រាប់យុវជននិងមន្ត្រីរបស់ខ្លួនទាំងក្របខ័ណ្ឌស៊ីវិលនិងយោធាដែលជាលក្ខណពិសេសមួយ ដោយសារសិង្ហបុរីហាក់មានលទ្ធភាពជាងគេក្នុងចំណោមបណ្តាប្រទេសអាស៊ាន។
លោកបានបញ្ជាក់ថា៖«យើងសរសើរណាស់ចំពោះកិច្ចខិតខំរបស់រដ្ឋាភិបាលសិង្ហបុរីក្នុងកិច្ចការផ្លាស់ប្តូរកម្មសិក្សាបែបនេះ ខណៈកម្ពុជាយើងរង់ចាំតែធ្វើកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ។ ការផ្លាស់ប្តូរកម្មសិក្សានេះ ក្នុងផ្នែកស៊ីវិល សិង្ហបុរីធ្លាប់ធ្វើច្រើនហើយ ខណៈផ្នែកយោធាទើបតែចាប់ផ្តើមនោះទេ»។
លោក ឯម សុវណ្ណារ៉ា បានបង្ហាញការយល់ឃើញដែរថា ប្រសិនបើមានលទ្ធភាពគ្រប់គ្រាន់ រដ្ឋាភិបាលកម្ពុជាគួរយកគំរូតាមរដ្ឋាភិបាលសិង្ហបុរីដើម្បីបើកលទ្ធភាពមន្ត្រីរបស់ខ្លួនក្នុងជំនាញណាមួយទៅសិក្សាធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងៗ៕