ភ្នំពេញៈ លោក ជាម យៀប ប្រធានរដ្ឋសភាស្ដីទី​នៃ​កម្ពុជា​បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក FANG Chunming​ អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មក​កម្ពុជា គឺជា​ការពង្រឹង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ ក៏ដូចជា​ការផ្លាស់ប្តូរ​ទស្សនៈ​ទៅវិញទៅមក​នៃ​សភា​ប្រជាជន​ចិន និង​រដ្ឋសភា​កម្ពុជា​។​

លោក ជាម យៀប លើកឡើង​ដូចនេះ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា នា​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២៣ បន្ទាប់ពី​លោក​អនុញ្ញាតឱ្យ​គណៈប្រតិភូ​គណៈកម្មាធិការ​កណ្ដាល​ស​ភា​ប្រជាជន​ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ លោក FANG Chunming ​ជួប​សម្តែង​ការគួរសម នា​វិមាន​រដ្ឋសភា​។​

លោក​បាន​ថ្លែងថា ៖ «​ដំណើរ​ទស្សនកិច្ច​រប​ស់លោក FANG Chunming មក​កម្ពុជា​នាពេលនេះ ក៏​ជា​សក្ខីភាព​បង្ហាញឱ្យឃើញ​កាន់តែច្បាស់​ថែមទៀត ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​បស់​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង២ ដែល​មហាមិត្ត​ចិន​ជា​ប្រទេស​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែប​របស់​កម្ពុជា​»​។​

នាឱកាស​នោះដែរ លោក ជាម យៀប ក៏បាន​បង្ហាញ​នូវ​ក្តី​រីករាយ​បំផុត ដែល​ប្រទេស​កម្ពុជា និង​មិត្ត​ចិន​មាន​ចំណងមិត្តភាព​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​ឈានឡើង​មួយកម្រិត​ពី​មិត្តភាព​ដែកថែប ទៅជា​មិត្តភាព​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ និង​យល់​ចិត្តថ្លើម​គ្នា ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង២ បាន​ប្ដេជ្ញា​ខិតខំ​រួមគ្នា​ជំរុញ​ការកសាង​សហគមន៍​ជោគវាសនា​តែមួយ និង​ជំរុញ​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​កើនឡើង​ថែមទៀត​ក្នុង​បណ្តា​ឆ្នាំ​ខាងមុខ​។​

ជាការ​ឆ្លើយតប លោក FANG Chunming​ លើកឡើង​ដែរ​ថា កន្លងមក​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង២ បាន​ជំរុញ​លើកកម្ពស់ ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង២ កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ ដោយ​រដ្ឋាភិបាល​កម្ពុជា​-​ចិន បាន​ប្ដេជ្ញា​ខិតខំ​រួមគ្នា​ក្នុងការ​ជំរុញ​ការកសាង​សហគមន៍​ជោគវាសនា​តែមួយ​ផងដែរ​។​

បន្ថែម​ពីនេះ លោក FANG Chunming​ ក៏បាន​ថ្លែង​ឱ្យដឹង​ផងដែរ​ពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ពាណិជ្ជកម្ម រវាង​ចិន និង​កម្ពុជា ដែលមាន​ការរីកចម្រើន​ឡើងជា​លំដាប់ ហើយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង២ បាន​ចុះ​អនុស្សរណៈ​ស្តីពី​ការកសាង​សួន​ឧ​ស្សាហកម្ម​កម្ពុជា​-​ចិន នៅ​ទីក្រុង​ប៉េកាំង​ផងដែរ​។ 

ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក  FANG Chunming ​បាន​អញ្ជើញ លោក ជាម យៀប ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញទស្សនកិច្ច​នៅ​ប្រទេស​ចិន តាម​ពេលវេលា​សមស្រប​ណាមួយ នាពេលខាងមុខ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ  លោក ជាម យៀប បាន​ឆ្លើយតប​ផងដែរ​ថា ៖ «​រដ្ឋសភា​កម្ពុជា បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សភា​ប្រជាជន​ចិន​ទូទាំងប្រទេស ក៏ដូចជា​មួយ​នឹង​សភា​ប្រជាជន​ខេត្ត​ក្វាង​ស៊ី​ដោយផ្ទាល់ ដើម្បី​បន្ត​ថែរក្សា និង​ជំរុញ​មិត្ត​ភាពជា​ប្រពៃណី ដែល​ត្រូវបាន​កសាង​យ៉ាងរឹងមាំ ដោយ​ថ្នាក់ដឹកនាំ​ជំនាន់​មុនៗ​ឱ្យ​កាន់តែ​ប្រសើរឡើង និង​ស្ថិតស្ថេរ​យូរអង្វែង​តទៅទៀត​»​។​

​ជាមួយគ្នា​នោះ លោក ជាម យៀប បានស្នើ​ដល់​ខេត្ត​ក្វាង​ស៊ី​ជួយ​គាំទ្រ​កម្ពុជា​ ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ មួយ​សម្រាប់​គ្រប់គ្រង​ធនធានធម្មជាតិ ដើម្បី​ជំរុញ ច្រករបៀង​មច្ឆា​និង​អង្ករ ព្រោះ​ខេត្ត​ក្វាង​ស៊ី​ជា​ខេត្ត​មួយ ​ដែលមាន​ប្រព័ន្ធ គ្រប់គ្រង​ទិន្នន័យ​យ៉ាង​ល្អ​សម្រាប់​ពាណិជ្ជកម្ម និង​ភ័ស្តុភា​រកម្ម​ជាមួយ​អាស៊ីអាគ្នេយ៍​៕