ភ្នំពេញៈអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ការលើកទឹកចិត្តក្នុងការបន្តការអនុគ្រោះពន្ធសម្រាប់រយៈពេល ៥ ឆ្នាំ បន្ថែមទៀត គឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ជូនដល់ផលិតករភាពយន្តក្នុងស្រុក ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យសិល្បៈនិងការផលិតភាពយន្តខ្មែរ។
ការសម្រេចនេះត្រូវបានបញ្ជាក់តាមរយៈលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានផ្ញើជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីអំឡុងខែវិច្ឆិកាកន្លងទៅ ដោយបានឱ្យដឹងថា ការអនុគ្រោះនោះត្រូវធ្វើឡើងតាមរយៈការអនុញ្ញាតព្យួរទុកការអនុវត្តពន្ធកាត់ទុក ១៥ ភាគរយ លើសួយសារនៃទ្រព្យអរូបី (ការផ្ដល់សិទ្ធិបញ្ចាំងខ្សែភាពយន្តផលិតក្នុងស្រុក)។
ប្រភពដដែលបន្តថា អនុញ្ញាតព្យួរទុកពន្ធលើប្រាក់ចំណូលជូនក្រុមហ៊ុនផលិតកម្មភាពយន្តខ្មែរ និងអនុញ្ញាតព្យួរទុកការអនុវត្តអាករពិសេសលើសេវាលម្ហែកម្សាន្ត (១០ ភាគរយ) ជូនដល់សិល្បៈសៀកនៃក្រុមហ្វារពន្លឺសិល្បៈខេត្តសៀមរាប(PHARE PERFORM-ING SOCIAL ENTERPRISE)។
នាយកដ្ឋានពន្ធដារ បានបញ្ជាក់បន្ថែមថា៖«ផលិតករភាពយន្តក្នុងស្រុកនិងសៀក ត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ កត់ត្រានិង កាន់កាប់បញ្ជិកាគណនេយ្យ ដាក់លិខិតប្រកាសពន្ធប្រចាំខែនិងប្រចាំឆ្នាំ ព្រមទាំងបំពេញកាតព្វកិច្ចពន្ធដារផ្សេងទៀត ឱ្យបានត្រឹមត្រូវដូចក្រុមហ៊ុនអាជីវកម្មដទៃទៀតដែរដើម្បីជាការចូលរួមចំណែកពង្រឹងអនុលោមភាពសារពើពន្ធនិងវប្បធម៌ពន្ធដារនៅកម្ពុជា»។
ចំពោះការអនុគ្រោះពន្ធពីសំណាក់រាជរដ្ឋាភិបាល ចំពោះផលិតករភាពយន្ត និងសៀក ក្នុងស្រុកនេះដែរ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឱ្យដឹងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ថា ការអនុគ្រោះពន្ធពីសំណាក់រាជរដ្ឋាភិបាល ដល់ផលិតករភាពយន្តនេះពិតជាមានសារៈសំខាន់ណាស់ ដោយសារបានសម្រួលដល់បន្ទុករបស់ផលិតករបានយ៉ាងច្រើន ខណៈកាលពីអាណត្តិមុន បន្ទុកបង់ពន្ធនេះក៏បានព្យួរម្តងរួចមកហើយ នៅក្នុងចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣។
លោកប្រាប់ដូច្នេះថា៖«នៅក្នុងការអនុគ្រោះក្នុងរយៈពេល៥ឆ្នានេះ យើងឃើញថា វាមិនត្រឹមតែជាការលើកទឹកចិត្តខ្លាំងដល់ផលិតកររបស់យើងទេតែវាជាការសម្រាលបន្ទុករបស់ពួកគាត់មួយផ្នែកធំ ដែលអាចធ្វើឱ្យផលិតករមានលទ្ធភាពនិងឱកាស ក្នុងការកសាងធនធាន និងគុណភាពបន្ថែមទៀតក្នុងការផលិតភាពយន្តរបស់ខ្លួន»។
លោកប៉ុក បូរក្ស បានបន្ថែមថា នៅក្នុងអំឡុងវិបត្តិកូវីដ១៩ ការផលិតកុន គឺមានចំនួនតិចតួចប៉ុណ្ណោះ ជាពិសេសនៅក្នុងអំឡុងឆ្នាំ២០២១ ខណៈដែលឆ្នាំ២០២២ កំណើននៃការផលិតនិងចាក់បញ្ចាំង កើនឡើងបន្តិចបន្តួច តែមិនទាន់វិលត្រឡប់ទៅរកភាពប្រក្រតីនោះទេ។
លោកបញ្ជាក់បន្ថែមថា៖«ដោយឡែកក្នុងឆ្នាំ២០២៣នេះ យើងឃើញថា ទាំងការផលិតនិងចាក់បញ្ចាំងតាមរោងភាពយន្ត បានងើបឡើងមកវិញខ្លាំង ដែលស្ទើរតែប្រហាក់ប្រហែលនឹងមុនពេល ដែលមិនទាន់មានកូវីដ១៩ ដែលក្នុងឆ្នាំនេះ មានភាពយន្តបានចាក់បញ្ចាំងនៅតាមរោងភាពយន្តនានាប្រមាណ ៣០ រឿង»។
អ្នកចាត់ការទូទៅនៃផលិតកម្មកងចក្រ ភីកឈ័រ លោក ម៉ែន ចនសុន បាននិយាយឱ្យដឹងដែរថា នេះជាផ្នែកមួយនៃសម្រាលបន្ទុកដល់ផលិតករបានខ្លះដែរ ប៉ុន្តែ លោក និងផលិតករភាពយន្តដទៃទៀត មានសំណូមពរដល់រាជរដ្ឋាភិបាលបន្ថែមទៀតពីបញ្ហាហិរញ្ញប្បទានសម្រាប់ផលិតករ ក៏ដូចជាការសម្របសម្រួលម៉ោងចាក់ផ្សាយសម្រាប់ភាពយន្តខ្មែរ។
លោកបានបញ្ជាក់ថា៖«ជាការពិតណាស់ គោលដៅរបស់អ្នកផលិតភាពយន្ត គឺចង់ឱ្យអ្នកទស្សនារំសាយអារម្មណ៍ពីការនឿយហត់ក្នុងការងារ ទស្សនានូវខ្សែភាពយន្តខ្មែរ ដែលមានគុណភាព និងល្អមើល។ពិតណាស់ ការបន្តអនុគ្រោះពន្ធរបស់រាជរដ្ឋាភិបាលនេះ ពិតជាបានសម្រួលច្រើនដល់ពួកយើង»។
បើតាមនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ការផ្តល់ការអនុគ្រោះព្យួរទុកកាតព្វកិច្ចបង់ជូនផលិតករភាពយន្តក្នុងស្រុកនេះ គឺធ្វើឡើងតាមរយៈសំណើសុំកិច្ចអន្តរាគមន៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: យោងតាមកាស្នើរបស់សមាគមផលិតករភាពយន្តកម្ពុជា៕