ភ្នំពេញៈ ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រកាសគម្រោងបរិស្ថានថ្មីមួយដែលមានទឹកប្រាក់ជាង ២០ លានដុល្លារអាមេរិក ដើម្បីការពារនិងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិនៅតាមខេត្តចំនួន ៤ នៅប្រទេសកម្ពុជា។
គម្រោងបរិស្ថានថ្មីនេះឈ្មោះថា «USAID អភិរក្ស» ដែលមានទំហំទឹកប្រាក់ចំនួន ២៤ លានដុល្លារ សម្រាប់រយៈពេល ៥ ឆ្នាំ ដោយអនុវត្តក្នុងខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងខេត្តក្រចេះ ដើម្បីគាំទ្រដល់ការអភិរក្សជីវៈចម្រុះ ការការពារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ និងលើកកម្ពស់ជីវភាពរបស់សហគមន៍នៅប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ USAID ដែលចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
USAID បានលើកឡើងថា គម្រោង USAID អភិរក្សនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ USAID ក្នុងការផ្តល់មូលនិធិផ្ទាល់ដល់សហគមន៍មូលដ្ឋាន តាមរយៈជំនួយបន្តចំនួន ៨ លានដុល្លារសហរដ្ឋអាមេរិក ជាជំនួយខ្នាតតូច ទៅដល់សហគមន៍មូលដ្ឋាន អង្គការ និងវិស័យឯកជន យ៉ាងតិចចំនួន ២៥០ ក្នុងប្រទេសកម្ពុជា។ USAID នឹងបន្តពង្រីកការគាំទ្រទៅលើគម្រោងហិរញ្ញប្បទានកាបូនព្រៃឈើ ដែលធ្លាប់បានទទួលជោគជ័យកន្លងមក តាមរយៈការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍគម្រោងប្ល៊ូកាបូននៅក្នុងតំបន់ព្រៃលិចទឹក និងតំបន់ឆ្នេររបស់កម្ពុជា។
លោកស្រី Kerry Pelzman តំណាង USAID បានថ្លែងតាមរយៈសេចក្ដីប្រកាសព័ត៌មានថា គម្រោង USAID អភិរក្សឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះការធ្វើមូលដ្ឋាននីយកម្មនៃជំនួយអភិវឌ្ឍន៍របស់ទីភ្នាក់ងារ USAID។
លោកស្រីបានបញ្ជាក់ថា ៖ «តាមរយៈគម្រោងនេះ យើងនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដែលដឹកនាំដោយសហគមន៍ក្នុងការបង្កើតការងារក្នុងស្រុក ដោយផ្អែកលើការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ទុនឯកជនដើម្បី វិនិយោគក្នុងដំណោះស្រាយរយៈពេលវែងចំពោះវិបត្តិអាកាសធាតុ»។
លោកស្រី Kerry Pelzman បន្ថែមថា តាមរយៈវិធីសាស្ត្រនេះ គម្រោង USAID អភិរក្ស នឹងផ្តល់ការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះដែរ គម្រោង USAID អភិរក្ស នឹងបង្កើតយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម នៅថ្នាក់ជាតិ ខេត្ត ស្រុក និងឃុំ ដែលផ្តោតលើការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់។
លោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី៥ ខែធ្នូថា ក្នុងនាមជាអាជ្ញាធរខេត្ត គឺលោកចូលរួមអបសាទរដែលមូលនិធិ USAID បានបន្តគម្រោងជួយការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានខេត្តព្រះវិហារ ដែលនឹងត្រូវអនុវត្តគម្រោងបរិស្ថានថ្មីនេះដែរ។
លោកថា ខាងមន្ត្រីបរិស្ថានក៏កំពុងរៀបចំផែនការការងារជាមួយអង្គការផ្សេងទៀត ដែលពាក់ព័ន្ធដើម្បីចាត់ចែងតួនាទី និងភារកិច្ចទៅលើការងារអភិរក្សធនធានធម្មជាតិនៅក្នុងខេត្តព្រះវិហារនេះផងដែរ។
លោក ណុប វុទ្ធី ថ្លែងថា៖ «ឥឡូវនេះយើងកំពុងថែរក្សាបរិស្ថានឡើងវិញ អ៊ីចឹង គម្រោងនេះវាត្រូវនឹងបរិបទកំណែទម្រង់របស់រដ្ឋាភិបាលអាណត្តិទី៧នេះ ខណៈដែលខេត្តព្រះវិហាររបស់យើងខ្ញុំ ជាខេត្តមួយដែលនៅសល់ព្រៃឈើច្រើន រហូតដល់យើងអាចលក់កាបូនទៅឱ្យបណ្ដាប្រទេសអន្តរជាតិជាដើម»។
លោកបានបន្ថែមថា ហេតុនេះគម្រោងបរិស្ថានថ្មីនេះ អាចនឹងជួយច្រើនទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះវិហារផង ក៏ដូចជាអាចទាក់ទាញអ្នកទេសចរចូលទៅកម្សាន្តមើលជីវៈចម្រុះក្នុងខេត្តនេះផងដែរ។
សូមបញ្ជាក់ថា គម្រោង USAID អភិរក្សនេះ នឹងត្រូវដឹកនាំអនុវត្តដោយក្រុមហ៊ុន Tetra Tech ARD និងអង្គការដៃគូរួមមាន៖ អង្គការសមាគមអភិរក្សសត្វព្រៃ និងអង្គការអភិរក្សអន្តរជាតិ៕