ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា «គម្រោងស្អាត» នឹងនៅតែបន្តរួមចំណែកដល់យុទ្ធនាការសាលារៀនស្អាតគ្មានសំរាមរបស់ក្រសួងអប់រំ ដើម្បីសាលាធ្វើជាគំរូដល់សហគមន៍ ទាក់ទងសុខភាព អនាម័យ បរិស្ថាន ធានាបាននូវសិស្សានុសិស្សស្អាត ថ្នាក់រៀនស្អាត គ្រូបង្រៀនស្អាត នាយកសាលាស្អាត សាលារៀនស្អាត ពលរដ្ឋម្នាក់ៗស្អាត សហគមន៍ស្អាត និងកម្ពុជាស្អាត។
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ បានថ្លែងបែបនេះ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្នុងពិធីបិទ «យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៣»នៅមជ្ឈមណ្ឌលម៉ានី (KAMPUS) រាជធានីភ្នំពេញ។
លោកស្រីបានលើកឡើងថា គម្រោងស្អាតនេះ បានរួមចំណែកដល់ការលើកតម្កើងវប្បធម៌ និងសីលធម៌សង្គម បរិស្ថាន និងអនាម័យ នៅកម្ពុជា ដោយនិយាយជារួម និងដោយឡែកនៅតាមសាលារៀនទូទាំងប្រទេសសំដៅនាំមកនូវផ្នត់គំនិត និងទម្លាប់ស្អាត ក្រោមទិសស្លោក ៖ ចិត្តគំនិតស្អាត អាកប្បកិរិយាស្អាត ប្រតិបត្តិស្អាត។
លោកស្រីបានបញ្ជាក់ថា៖« តាំងពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបាន អនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡាធ្វើការវាយតម្លៃនិងផ្តល់ពានរង្វាន់ សម្តេចតេជោសែន ដល់សាលារៀនស្អាត ដែលជ្រើសរើសទូទាំងប្រទេស ចាប់ពីមត្តេយ្យសិក្សាដល់វិទ្យាល័យសរុបចំនួន ២៨សាលា ក្នុងសន្និបាតអប់រំប្រចាំឆ្នាំ»។
លោកស្រីបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រសួងបរិស្ថាន ដើម្បីវាយតម្លៃសាលាមេត្រីបរិស្ថានថ្នាក់ជាតិ និងអាស៊ាន ដែលរហូតមកដល់ពេលនេះ សាលារៀនចំនួន ២៤ ទទួលបានជយលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិ និងសាលារៀនចំនួន ៧ បានទទួលពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ាន ដែលលទ្ធផលទាំងអស់នេះពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែករបស់ «គម្រោងស្អាត» ដែលបានបង្កើតឡើងនិងបានអនុវត្តសកម្មភាពនៅតាមសាលារៀនចាប់តាំងពីឆ្នាំ២០១៩។
លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសហស្ថាបនិកនៃគម្រោងស្អាត បានថ្លែងឱ្យដឹងនាពិធីបិទ «យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៣»ថា យុទ្ធនាការភ្នំពេញស្អាត ផ្តោតលើសកម្មភាពធំៗចំនួន៤គឺ៖ ទី១.ចិត្តខ្ញុំស្អាត ខ្មែរស្អាត, ទី២. ការងារខ្ញុំស្អាត ខ្មែរស្អាត, ទី៣. ខ្ញុំទំពាំងស្អាត ខ្មែរស្អាត និងទី៤. ធុរកិច្ចយើងស្អាត ខ្មែរស្អាត។ នៅឆ្នាំ២០២៣ «យុទ្ធនាការភ្នំពេញស្អាត» បានដាក់ចេញនូវគម្រោងផែនការសកម្មភាពចំនួន៤ ធំៗក្រោមទិសស្លោក«សីលធម៌យើង ប្រពៃណីខ្មែរយើងថ្លាថ្លៃ»។
លោកបានបញ្ជាក់ថា ៖«គម្រោងស្អាត ត្រូវបានបង្កើតឡើងក្នុងគោលបំណង ប្រមូលផ្តុំតួអង្គពាក់ព័ន្ធបង្កើតឱ្យមានសំឡេងតែមួយពីសំណាក់ស្ថាប័ន អង្គភាពគ្រប់លំដាប់ថ្នាក់ ដើម្បីសម្រេច បាននូវចក្ខុវិស័យរួមគ្នាក្នុងការចូលរួមចំណែកលើកកម្ពស់បរិស្ថាន,បញ្ជ្រាបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមស្តីពី ការទប់ស្កាត់សំរាមឱ្យបានត្រឹមត្រូវទៅដល់សាធារណជនគ្រប់ស្រទាប់ និងបំផុសស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា និងលើកកម្ពស់សោភណភាពប្រទេសកម្ពុជាឱ្យកាន់ តែប្រសើរឡើងបន្ថែមមួយកម្រិតទៀត»។
សូមរំឭកថា ដើម្បីគាំទ្របន្ថែមដល់ការអនុវត្តចលនាប្រឡងប្រណាំងនេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញនូវ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម» នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ តទៅ តាមរយៈសារលិខិតបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះ៕