ព្រះវិហារៈ មន្ត្រីសុខាភិបាលខេត្តព្រះវិហារ បានចុះអប់រំសុខភាពភ្នែក និងព្យាបាលជំងឺភ្នែកក្រហមដល់ជនជាប់ឃុំនៅពន្ធនាគារ បន្ទាប់ពីបានរកឃើញជនជាប់ឃុំចំនួន ២១ នាក់ បានឆ្លងជំងឹនេះ ដែលសរុបមកដល់ពេលនេះអ្នកឆ្លងជំងឺភ្នែកក្រហមនៅទូទាំងខេត្តព្រះវិហារមានចំនួនជាង ៦០០នាក់។
លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី៥ ខែធ្នូថា បន្ទាប់ពីមានការរកឃើញជំងឺភ្នែកក្រហមនៅក្នុងខេត្តមួយរយៈមក គិតមកដល់ពេលនេះ នៅទូទាំងខេត្តព្រះវិហារ មានអ្នកឆ្លងជំងឺភ្នែកក្រហម សរុបចំនួនជាង ៦០០ នាក់ ដែលក្នុងនោះមានករណីថ្មីចំនួន ២១នាក់ បានឆ្លងជំងឺនេះខណៈដែលករណីថ្មីទាំងនោះសុទ្ធតែជាជនជាប់ឃុំនៅពន្ធនាគារខេត្ត។
ករណីថ្មីចំនួន ២១ នាក់នេះ មានអ្នកពាក់ព័ន្ធចំនួន ៤៣ នាក់ ហើយឥឡូវនេះខាងមន្ត្រីសុខាភិបាលខេត្ត បានចុះទៅពិនិត្យព្យាបាលជូនជនជាប់ឃុំដែលឆ្លងថ្មីទាំងនោះរួចរាល់ហើយ។
ក្នុងអំឡុងពេលចុះព្យាបាលអ្នកឆ្លងថ្មីនៃជំងឺភ្នែកក្រហមនេះ មន្ត្រីសុខាភិបាល ក៏បានធ្វើការអប់រំ និងណែនាំដល់ជនជាប់ឃុំនៅពន្ធនាគារទាំងអស់ប្រមាណ ៤០០ នាក់ ឱ្យពួកគាត់ចេះធ្វើអនាម័យ លាងសម្អាតដៃជាមួយសាប៊ូ មុននឹងប៉ះពាល់ភ្នែក និងត្រូវចៀសវាងប៉ះ ឬញីភ្នែកជាដើម។
លោក គួង ឡូ បានបញ្ជាក់ទៀតថា៖ «យើងបានកត់សម្គាល់ថា ក្រោយពីមានការអន្តរាគមន៍ ទាំងការចុះអប់រំទៅដល់ប្រជាពលរដ្ឋទូទាំងខេត្ត និងតាមប្រព័ន្ធបណ្ដាញសង្គម យើងឃើញថា មិនមានករណីឆ្លងថ្មីលើប្រជាពលរដ្ឋទេ ប៉ុន្តែបានរកឃើញករណីឆ្លងថ្មីលើជនជាប់ឃុំនៅពន្ធនាគារក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ»។
បើតាមលោក គួង ឡូ ក្រោយពីបានចុះពិនិត្យព្យាបាល និងចុះអប់រំណែនាំជនជាប់ឃុំនៅពន្ធនាគារខេត្តព្រះវិហារកាលពីថ្ងៃទី៤ ខែធ្នូមក មន្ត្រីរបស់លោកបានបន្តចុះពិនិត្យបន្តទៀត គឺរកមិនឃើញមានករណីឆ្លងថ្មីលើជនជាប់ឃុំនៅពន្ធនាគារទៀតទេ។
ទោះបីជារកមិនឃើញករណីឆ្លងថ្មីទាំងទៅលើប្រជាពលរដ្ឋ និងទាំងជនជាប់ឃុំពន្ធនាគារក៏ដោយ ប៉ុន្តែមន្ទីរសុខាភិបាលខេត្តនៅតែបន្តសកម្មភាពអប់រំផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល ទាំងលើបណ្ដាញសង្គម និងចុះផ្ទាល់ ដើម្បីទប់ស្កាត់ករណីឆ្លងថ្មី និងដាស់ស្មារតីឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ជាពិសេសអនាម័យដៃជាប់ជាប្រចាំ។
ដោយឡែក លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ក៏បានឱ្យដឹងដែរថា តាំងពីមានការផ្ទុះដំបូងនៃជំងឺភ្នែកក្រហមក្នុងខេត្តរបស់លោក គឺទាំងអាជ្ញាធរខេត្ត និងទាំងមន្ត្រីសុខាភិបាល បានរួមគ្នាចុះអន្តរាគមន៍ ដោយខិតខំទប់ស្កាត់ការឆ្លងជំងឺនេះពីភូមិ១ ទៅភូមិ១ ឬពីប្រជាពលរដ្ឋម្នាក់ទៅប្រជាពលរដ្ឋម្នាក់ទៀត តាមរយៈការដាក់ចេញវិធានការរបស់ក្រសួងសុខាភិបាល។
លោកបានបញ្ជាក់ថា៖ «សព្វថ្ងៃនេះខេត្តរតនគិរី រកឃើញអ្នកឆ្លងថ្មីតិចតួចទេ ដែលថ្ងៃខ្លះ២ ឬ ៣នាក់ ហើយនិងថ្ងៃខ្លះទៀតស្ទើរតែរកមិនឃើញអ្នកឆ្លងថ្មីផង»។
បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានប្រកាសកន្លងមកថា នៅក្នុងខេត្តរតនគិរី បានផ្ទុះជំងឺភ្នែកក្រហមកម្រិតស្រាលមុនខេត្តផ្សេងៗចំនួនជិត ១០០ករណី។
ប្រភពដដែលបន្តថា ជំងឺភ្នែកក្រហមនេះ វាជាជំងឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ ឬចាប់ដៃគ្នាជាមួយអ្នកជំងឺភ្នែកក្រហម ឆ្លងតាមរយៈខ្យល់ដោយការក្អក ឬកណ្តាស់ ហើយនិងឆ្លងតាមរយៈការប៉ះពាល់របស់ ឬផ្ទៃវត្ថុដែលមានផ្ទុកមេរោគ ហើយយកមកប៉ះភ្នែក។
សម្រាប់វិធីការពារកុំឱ្យឆ្លងជំងឺភ្នែកក្រហមនេះ គឺត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ចៀសវាងប៉ះ ឬញីភ្នែក ចៀសវាងការប្រើប្រាស់របស់របររួមគ្នា ហើយនិងចៀសវាងការប៉ះ ឬប្រើថ្នាំភ្នែកខាងភ្នែកដែលឈឺទៅប្រើភ្នែកដែលមិនឈឺ ឬប្រើថ្នាំភ្នែករួមគ្នា។
លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានថ្លែងថា លោកមិនអាចឆ្លើយតបនឹងសំណួរទាក់ទងនឹងការរកឃើញជំងឺភ្នែកក្រហមសរុបទូទាំងប្រទេស ដោយមិនមានការអនុញ្ញាតពីប្រធានក្រុមអ្នកនាំពាក្យក្រសួងសុខាភិបាលបានឡើយ៕