ភ្នំពេញៈ សួនសុវត្ថិភាពចរាចរណ៍ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ក្នុងរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមការឧបត្ថម្ភដោយកាកបាទក្រហមកម្ពុជា និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹងដល់យុវជន សិស្សានុសិស្ស អាណាព្យាបាល លោកគ្រូអ្នកគ្រូ យល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ផ្លាកសញ្ញាចរាចរណ៍ និងក្រមសីលធម៌ក្នុងការបើកបរជាដើម។
កាកបាទក្រហមកម្ពុជា បានប្រកាសពីការប្រើប្រាស់នេះតាមរយៈហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៤ ខែធ្នូ ថា សួនសុវត្ថិភាពចរាចរណ៍នេះ ធ្វើឡើងដើម្បីជាការផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស អាណាព្យាបាល លោកគ្រូអ្នកគ្រូ និងដើម្បីឱ្យក្លាយជាកម្លាំងចលករក្នុងការអនុវត្តសកម្មភាពលើកកម្ពស់សុវត្ថិភាពចរាចរណ៍។
សួនសុវត្ថិភាពចរាចរណ៍នេះ វាក៏ជាការជំរុញការរួមចំណែកជាមួយរដ្ឋាភិបាល អនុវត្ត និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែទូលាយ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន ៥០% នៅចុងឆ្នាំ២០៣០ តាមផែនការទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ២០២១-២០៣០។
នាឱកាសនោះដែរ លោកស្រីពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអំពាវនាវឱ្យយុវជនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលាយ ទៅដល់ក្រុមគ្រួសារ ឪពុកម្តាយ បងប្អូន និងមិត្តភក្តិ និងត្រូវធ្វើជាគំរូក្នុងការគោរពស្លាកសញ្ញាចរាចរណ៍ ច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។
ទាក់ទងនឹងការបង្កើតសួនសុវត្ថិភាពចរាចរណ៍នេះ លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៥ ខែធ្នូ ថា ការដាក់ស្លាកសញ្ញាសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងសាលាដូចនេះជាការរួមចំណែកក្នុងការផ្តល់ចំណេះដឹងដល់សិស្សានុសិស្សពីការប្រើប្រាស់ផ្លូវ ខណៈនៅតាមសាលារៀនមួយចំនួនទៀតក៏បានរៀបចំសួនសុវត្ថិភាពនេះផងដែរ។
លោក ហែម ស៊ីណារ៉េត បានថ្លែងថា៖«កាកបាទក្រហមកម្ពុជា បានដាក់ស្លាកសញ្ញាចរាចរណ៍ ច្រើនគួរសមដែរតាមសាលារៀន ក្នុ្ងងគោលបំណងដើម្បីផ្តល់ចំណេះដឹង និងស្វែងយល់ពីការប្រើប្រាស់ទ្រូងផ្លូវឱ្យកាន់តែត្រឹមត្រូវបន្ថែមទៀត ជាពិសេស ការធ្វើដូចនេះនឹងរួមចំណែកដ៏ធំក្នុងការជួយកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាយើង»។
ទាក់ទិននឹងបញ្ហានេះដែរ លោក គឹម បញ្ញា នាយកអង្គការបង្ការរបួសអាស៊ី ក៏បានបង្ហាញការស្វាគមន៍ និងគាំទ្រចំពោះការដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍តាមសាលារៀននេះ ដើម្បីរួមចំណែកដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានិងសូមឱ្យបង្កើតសួននេះ ឱ្យបានច្រើនថែមទៀតនៅតាមសាលារៀននានា និងប្រើប្រាស់សួននេះឱ្យបានញឹកញាប់តាមរយៈការដកស្រង់បទពិសោធន៍នូវចំណុចខ្វះខាត ឱ្យមានប្រសិទ្ធភាពដើម្បីអនុវត្តនៅតាមសាលារៀនផ្សេងទៀត។
លោកបានថ្លែងថា៖ «អ្វីដែលសំខាន់ សាលារៀនដែលអាចធ្វើបាន គឺគួរដាក់បញ្ចូលនូវការកំណត់ការអនុវត្តច្បាប់ចរាចរណ៍ ដោយដាក់ការពាក់មួកសុវត្ថិភាពទៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន និងត្រូវអនុវត្តឱ្យបានតឹងរឹង ខណៈយើងឃើញសិស្សនៅថ្នាក់បឋម មិនដល់ ១០% ផង ដែលបានពាក់មួកសុវត្ថិភាព»។
សូមបញ្ជាក់ដែរថា កាកបាទក្រហមកម្ពុជា នឹងបន្តរៀបចំសួនសុវត្ថិភាពចរាចរណ៍ ចំនួន២ទៀត នៅក្នុងគ្រឹះស្ថានសិក្សារដ្ឋ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រសីហនុ ដែលគាំទ្រដោយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា។ ការរៀបចំសួនសុវត្ថិភាពនេះដែរ កាកបាទក្រហមកម្ពុជា បានប្រគល់ជូនវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រួមមាន៖ ផ្ទាំងបញ្ឈរធំៗដែលបំពាក់ផ្លាកសញ្ញាចរាចរាចរណ៍ ចំនួន ៦ ផ្ទាំង ស្លាកសញ្ញាបញ្ជា ស្លាកសញ្ញាបម្រាម រនាំងសុវត្ថិភាពចំនួន ២ រនាំង ផ្ទាំងរូបភាពស្តីពីការពាក់មួកសុវត្ថិភាព ២០០ សន្លឹក បណ្ណប្រកាសមួកសុវត្ថិភាព ២ ០០០ សន្លឹក ចំណាំងប្លាត ៤០០ សន្លឹក និងមួកសុវត្ថិភាពចំនួន ១០ មួក៕