ភ្នំពេញៈ សភាកម្ពុជា-ឡាវ-វៀតណាម ប្តេជ្ញានឹងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាង៣ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីផលប្រយោជន៍ប្រទេសទំាង៣ ជាពិសេសការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA)។
ការប្តេជ្ញារវាងសភានៃប្រទេសទាំង៣នេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នាទីក្រុងវៀងចន្ទន៍ប្រទេសឡាវ ដែលរដ្ឋសភាប្រទេសឡាវ ធ្វើជាម្ចាស់ផ្ទះ ដោយមានលោក សាយសំផន ភុមវិហាន (XAYSOMPHONE Phomvihane) ប្រធានរដ្ឋសភាឡាវ និងលោកថងលុន ស៊ីស៊ុលីត (THONGLOUN Sisoulith) ប្រធានរដ្ឋឡាវ ជាអ្នកដឹកនាំកិច្ចប្រជុំនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) នោះ លោកថងលុន ស៊ីស៊ុលីត បានលើកឡើងពីសារៈសំខាន់នៃការជួបប្រជុំជាប្រវត្តិសាស្រ្តនេះថា នឹងលើកកម្ពស់យន្តការសភា នៅក្នុងការចូលរួម និងជំរុញការអភិវឌ្ឍតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) ដែលបង្កើតឡើងដោយរដ្ឋាភិបាលប្រទេសទំាង៣កាលពីឆ្នាំ១៩៩៩ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល នាំមកនូវផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។
ជាមួយគ្នានោះដែរ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោក សាយសំផន ភុមវិហាន បានវាយតម្លៃខ្ពស់ចំពោះការជួបប្រជុំរបស់តំណាងប្រជាពលរដ្ឋនាឱកាសនេះថា នឹងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាង៣ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ឡើង ដើម្បីផលប្រយោជន៍ប្រទេសទំាង៣ ជាពិសេសការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA)។
បើតាមការចេញផ្សាយរបស់រដ្ឋសភាកម្ពុជាដដែល កិច្ចប្រជុំកំពូលសភា CLV នាពេលនេះ បានលើកកម្ពស់កម្រិតពីកិច្ចប្រជុំកម្រិតគណៈកម្មការជំនាញ នៃរដ្ឋសភាប្រទេសទំាង៣ ដែលបានជួបប្រជុំជាប្រចាំនាពេលកន្លងមក។
លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងនាកិច្ចប្រជុំនោះថា កិច្ចប្រជុំកំពូលសភា CLV នាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ប្រកបដោយចក្ខុវិស័យសំដៅលើកកម្ពស់យន្តការសភា ពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ ប្រទេសទំាង៣ ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត ដែលស្តែងចេញពីគុណតម្លៃរួម នៃការថែរក្សាសន្តិភាព ការលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់។
លោកស្រីបញ្ជាក់ថា ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលលោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាបានផ្តួចផ្តើម គឺជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំង៣ នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។
លោកស្រី បានថ្លែងថា៖ «ការពង្រឹងយន្តការសភាក្នុងការចូលរួមការអភិវឌ្ឍន៍តំបន់CLV ជាសក្ខីភាពមួយ បម្រើឱ្យគោលដៅជាយុទ្ធសាស្ត្រដែលឈរលើមូលដ្ឋាន នៃការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ ដែលរហូតមកដល់ពេលនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើន សម្រាប់ប្រជាជន នៃប្រទេសទាំង៣»។
សូមបញ្ជាក់ដែរថា នៅឆ្នាំ២០២២ ប្រធានរដ្ឋសភាប្រទេសទំាង៣ បានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាក្នុងក្របខ័ណ្ឌCLV ទៅជាកិច្ចប្រជុំកំពូលសភាប្រទេសទំាង៣ ដែលនៅឆ្នាំ២០២៣នេះ រដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ បន្ទាប់មករដ្ឋសភាវៀតណាម និងកម្ពុជា ត្រូវប្តូរវេនគ្នារៀបចំកិច្ចប្រជុំជាបន្តបន្ទាប់។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីក្តីសង្ឃឹមថា កិច្ចប្រជុំនេះ នឹងលើកកម្ពស់យន្តការសភា នៅក្នុងការចូលរួមជាមួយរដ្ឋាភិបាលប្រទេសទំាង៣ ក្នុងការអភិវឌ្ឍតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ជាពិសេសការពង្រឹងទំនាក់ទំនងរដ្ឋសភា ប្រជាជន និងប្រជាជន នឹងត្រូវបានលើកកម្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទំាង៣នៅគ្រប់កម្រិត និងគ្រប់វិស័យ។
លោកបានប្រាប់ឱ្យដឹងថា យន្តការនេះ ក៏ដើម្បីដោះស្រាយបញ្ហាប្រឈម ជាពិសេស ការកៀរគរធនធានហិរញ្ញវត្ថុ ដើម្បីចូលរួមកសាង និងអភិវឌ្ឍតំបន់អភិវឌ្ឍន៍ត្រីកោណឱ្យក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងបច្ចេកវិទ្យា។
លោកបានថ្លែងដូច្នេះថា៖ «ខ្ញុំមើលឃើញថា ការជំរុញការអភិវឌ្ឍតំបន់ត្រីកោណនេះ គឺជារឿងមួយសំខាន់ដែរ ដែលជំរុញការតភ្ជាប់រវាងប្រទេសទាំង៣ ជាពិសេសដូចជាការបង្កើតរបៀងសេដ្ឋកិច្ចបន្ថែមមួយទៀត រវាងប្រទេសទាំង៣នេះ ដែលធ្វើឱ្យមានសក្តានុពលក្នុងការអភិវឌ្ឍ ហើយវាក៏អាចជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នាផងដែរ»។
សម្រាប់កម្ពុជា លោក គិន ភា មើលឃើញថា នៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើដើម្បីទាញយកផលប្រយោជន៍ពីតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ដោយសារតែការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង ពីកម្ពុជាទៅកាន់តំបន់ត្រីកោណនៅមានភាពលំបាកខ្លាំង ខណៈកម្លាំងពលកម្មពីកម្ពុជា ដែលទៅធ្វើការនៅក្នុងតំបន់នេះ ក៏នៅមានកម្រិតដែរ។
សូមជម្រាបថា តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទំាង៣ មានចំនួន ១៣ខេត្ត ក្នុងនោះ ប្រទេសវៀតណាមមានចំនួន ៥ខេត្ត ប្រទេសឡាវ មានចំនួន ៤ខេត្ត និងព្រះរាជាណាចក្រកម្ពុជា មានចំនួន ៤ខេត្ត គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ៕