ភ្នំពេញៈ ក្រុមសិង្ហក្រហម ភ្នំពេញក្រោន បានរកឃើញជ័យជម្នះយ៉ាងសំខាន់ នៅលើទឹកដីស្តាតចាស់របស់ក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ដើម្បីទទួលបាន៣ពិន្ទុបន្ថែម សម្រាប់ការប្រកួតលើកទី១២របស់ខ្លួន នៅលីគកំពូលកម្ពុជា ស្របពេលអតីតកីឡាករជម្រើសជាតិ ជួន ជុំ ក៏ទទួលបានការងារថ្មី នៅក្លិបណាហ្គាវើលដ៍ ផងដែរ។
បើទោះបីជា ភ្នំពេញក្រោន ធ្លាប់បានយកឈ្នះក្រុមទ័ព ត្រឹម ១-០ ទាំងលំបាក សម្រាប់ការប្រកួត នៅលើទឹកដីខ្លួនឯង កាលពីថ្ងៃទី៣០ ខែសីហា ប៉ុន្តែសម្រាប់ការជួបគ្នាជាថ្មី នៅកីឡដ្ឋានស្តាតចាស់ កាលពីយប់ថ្ងៃទី៤ ខែធ្នូនេះ ភ្នំពេញក្រោន បានបង្ហាញការលេងកាន់តែល្អ តាមរយៈបច្ចេកទេសបោះបាល់ឱ្យគ្នាច្បាស់ៗ ក្រោមការរៀបចំរបស់គ្រូបង្គោល លោក Oleg Starynskyi។
ជាមួយការបង្ហាញទម្រង់លេងកាន់តែល្អនេះ ភ្នំពេញក្រោន អាចបង្កើតឱកាសជាបន្តបន្ទាប់ នៅក្នុងតំបន់គ្រោះថ្នាក់របស់ក្រុមទ័ព ហើយការបញ្ជូនបាល់កាត់ឱ្យគ្នាទៅវិញទៅមកយ៉ាងល្អរបស់ខ្សែប្រយុទ្ធកូឡុំប៊ី Neito និងខ្សែប្រយុទ្ធប្រេស៊ីល Rodrigues RoldaoDenilson បានផ្តល់ឱកាសឱ្យ Neito អាចរត់កាត់យកបាល់នោះ រួចស៊ុតបញ្ចូលទី១គ្រាប់ នៅត្រឹមនាទីទី១៤ មុនពេលរូបគេត្រូវបានប្តូរចេញ នៅនាទីទី២៥ ដោយសារបញ្ហារបួស។
ការប្តូរចេញរបស់ Neito ត្រូវបានប្តូរជំនួយវិញ ដោយខ្សែបម្រើ Yudai Ogawa ហើយកីឡាករជប៉ុន ទើបទទួលបានសញ្ជាតិខ្មែររូបនេះ នៅតែបំពេញតួនាទីបានល្អ ក្នុងការរក្សាតុល្យភាពការលេងរបស់ក្រុមភ្នំពេញក្រោន ដើម្បីបន្តដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ហើយនៅក្នុងនាទីទី៤២ ឡុង ភារ៉ាត រកបាន១គ្រាប់ទៀត បន្ទាប់ពីរូបគេឆក់យកបាល់ពីខ្សែការពាររបស់ក្រុមទ័ព បានសម្រេច នៅក្នុងតំបន់គ្រោះថ្នាក់។
បន្ថែមទៅលើការនាំមុខ ២-០ នេះ ក្រុមភ្នំពេញក្រោន នៅតែបន្តគ្រប់គ្រងបាល់បានច្រើន និងបង្កើតឱកាសបានច្រើនជាងក្រុមទ័ព គ្រាន់តែការបញ្ចប់ទីរបស់ពួកគេមិនសូវបានល្អ។ តែទោះបីជាយ៉ាង ការបញ្ជូនបាល់កាត់ចូលទៅក្នុងតំបន់គ្រោះថ្នាក់យ៉ាងល្អរបស់ Yudai Ogawa បានផ្តល់ឱកាសឱ្យ Rodrigues RoldaoDenilson អាចរត់ទៅស៊ុតបាល់នោះបញ្ចូលទីបានសម្រេច នៅនាទីទី៦៣ បន្ទាប់ពីរូបគេបានខកខានឱកាសម្តងជា២ដង ចំណែកខ្សែប្រយុទ្ធ លឹម ពិសុទ្ធ ក៏បានទទួលបាល់ដាច់២ទៅ៣ដងដែរ តែធ្វើមិនបានសម្រេចដូចគ្នា។
យ៉ាងណាក៏ដោយ ការយកឈ្នះក្រុមទ័ព ៣-០ នេះ បានក្លាយជាលទ្ធផលដ៏ល្អមួយ ដែលបានជួយឱ្យក្រុមភ្នំពេញក្រោន ទទួលបាន៣ពិន្ទុយ៉ាងមានន័យ ស្របពេលដៃគូប្រជែងដ៏ខ្លាំងរបស់ខ្លួន គឺក្រុមព្រះខ័នរាជស្វាយរៀង បានចាញ់ក្រុមណាហ្គាវើលដ៍ ១-០ ជាលើកដំបូង កាលពីថ្ងៃទី៣ ខែធ្នូ ដែលធ្វើឱ្យគម្លាតពិន្ទុនាំមុខរបស់ក្រុមលេខ១ ស្វាយរៀង និងក្រុមឈរនៅលេខ២ ភ្នំពេញក្រោន ពេលនេះ ខុសគ្នា៥ពិន្ទុ គឺ ៣១ពិន្ទុ ទល់នឹង២៦ពិន្ទុ ចំណែក វិសាខា ឈរនៅលេខ៣ មាន២៣ពិន្ទុ ខណៈក្រុមឈរនៅលេខ៤ ISI ដង្កោសែនជ័យ មានត្រឹម១៧ពិន្ទុទេ។
ទន្ទឹមជាមួយគ្នានេះ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា ជួន ជុំ ត្រូវបានតែងតាំងជាគ្រូជំនួយរបស់ក្រុមណាហ្គាវើលដ៍ ហើយការតែងតាំងនេះត្រូវបានណាហ្គា ប្រកាសជាផ្លូវការ កាលពីថ្ងៃទី៤ ខែធ្នូ ខណៈ ជួន ជុំ ក៏ធ្លាប់ជាអតីតកីឡាករ ដែលបានលេងឱ្យក្រុមណាហ្គាវើលដ៍ បានច្រើនឆ្នាំផងដែរ មុនពេលរូបគេចូលនិវត្តន៍។
ជាមួយការវិលត្រឡប់មកកាន់គ្រួសារបាល់ទាត់ណាហ្គាវើលដ៍ជាថ្មី ក្នុងនាមជាគ្រូជំនួយនេះ អតីតមិត្តរួមក្រុម ឃឹម បូរី ដែលកំពុងដឹកនាំក្រុមណាហ្គាវើលដ៍ ក្នុងនាមជាគ្រូបង្គោលនោះបានបង្ហោះសារស្វាគមន៍ដល់ ជួន ជុំ ដោយប្រើពាក្យថា «Legend is coming back ដែលមានន័យថា វីរបុរស វិលត្រឡប់មកវិញហើយ» ខណៈប៉ុន្មានឆ្នាំមុននេះ អ្នកទាំង២ ក៏ធ្លាប់បានដឹកនាំក្រុមពាក់កណ្តាលអាជីពជាមួយគ្នាផងដែរ៕