ភ្នំពេញៈ ស្ថាប័នអន្តរជាតិប្រចាំកម្ពុជា រួមមានស្ថានទូតអូស្ត្រាលី ធនាគារពិភពលោក គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា (WVI-C) បានប្រកាសបន្ថែមថវិកាចំនួន ១៥ លានដុល្លារអូស្ត្រាលី ដើម្បីបន្តរយៈពេលនៃការអនុវត្តគម្រោងគណនេយ្យភាពសង្គម (ISAF)។
ការប្រកាសនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានរួម ដែលបានចេញផ្សាយ នាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣។
សេចក្តីប្រកាសព័ត៌មានរួម បានលើកឡើងថា គម្រោងអនុវត្តន៍ក្របខ័ណ្ឌគណនេយ្យភាពសង្គម ដំណាក់កាលទី២ (ISAF II) នេះគឺចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៣-២០២៥ ដែលមានគោលបំណងជួយប្រជាពលរដ្ឋក្នុងការស្វែងយល់អំពីសេវាសាធារណៈដែលពួកគេមានសិទ្ធិនឹងទទួលបាន ព្រមទាំងផ្តល់សិទ្ធិអំណាចដល់ពួកគេក្នុងការផ្តល់មតិកែលម្អជាប្រចាំលើគុណភាពនៃសេវាសាធារណៈ។
លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ការងារគណនេយ្យភាពសង្គម ជាផ្នែកមួយដ៏សំខាន់នៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីធានាដល់ការលើកកម្ពស់ការប្រស្រ័យទាក់ទងគ្នារវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងកិច្ចដំណើរការអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន។
លោកបានបន្ថែមថា៖ «ដោយសហការជាមួយនឹងអង្គការជាតិ អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ យើងប្រាកដជាអាចធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈនៅមូលដ្ឋានសម្រាប់កុមារ និងប្រជាពលរដ្ឋរាប់លានគ្រួសារនៅទូទាំងប្រទេសកម្ពុជា ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី១»។
លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាក៏បានលើកឡើងដែរថាគម្រោងអនុវត្តន៍ក្របខ័ណ្ឌគណនេយ្យភាពសង្គមដំណាក់កាលទី ២ នេះ នឹងបន្តបង្កើនទំនាក់ទំនងរវាងអ្នកផ្តល់សេវាសាធារណៈ និងអ្នកទទួលសេវាសាធារណៈ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ព្រមទាំងជួយប្រជាជនកម្ពុជាទាំងអស់អាចមានលទ្ធភាពទទួលបានសេវាសាធារណៈផងដែរ។
លោកបានថ្លែងថា៖ «យើងក៏សង្ឃឹមផងដែរថា តាមរយៈការបន្តដំណើរការគម្រោងនេះ នឹងជួយបង្កើនភាពជឿជាក់ និងភាពជាដៃគូនៅតាមថ្នាក់មូលដ្ឋាន»។
ចំណែកនាយកប្រចាំប្រទេសរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជាលោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ ក៏បានសង្កត់ធ្ងន់ដែរថា អង្គការលោកបានគាំទ្រការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គមតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។
លោកបន្តថា ហេតុនេះ គម្រោងនេះពិតជាបានរួមចំណែកក្នុងការលើកកម្ពស់គុណភាពនៃសេវាសាធារណៈសំខាន់ៗ ដូចជាសេវានៅមណ្ឌលសុខភាព សាលាបឋមសិក្សា និងសេវារដ្ឋបាលនៅឃុំ/សង្កាត់ជាដើម។
លោកបញ្ជាក់ថា៖ «ក្រោមជំនួយថវិកាបន្ថែមពីរដ្ឋាភិបាលអូស្ត្រាលីតាមរយៈធនាគារពិភពលោកនាពេលនេះ យើងនឹងពង្រីកវិសាលភាពតំបន់ការងារគណនេយ្យភាពសង្គមជាមួយអង្គការដៃគូក្នុងស្រុកដោយបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈក្នុងឃុំគោលដៅសរុបចំនួន ១ ០៤៣ សាលាបឋមសិក្សាចំនួន ៤៦៣៣ និងមណ្ឌលសុខភាពចំនួន ៨២៦ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ៥ លាននាក់នៅត្រឹមឆ្នាំ ២០២៥»។
គម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២ នេះទទួលបានថវិកាហិរញ្ញប្បទានក្រោមគម្រោង «ភាពជាដៃគូរវាងប្រទេសអូស្ត្រាលី និងធនាគារពិភពលោក ដើម្បីលើកកម្ពស់បរិយាបន្ន និរន្តរភាព និងសមធម៌នៅកម្ពុជា» ដែលបានផ្តល់ហិរញ្ញប្បទានបន្ថែមដល់មូលនិធិបរធនបាលកិច្ចរបស់ធនាគារពិភពលោកចំនួន ១៥លានដុល្លារអូស្ត្រាលី។
គម្រោងនេះ ក៏នឹងមានដំណើរការពង្រឹង និងរៀបចំរចនាសម្ព័ន្ធប្រព័ន្ធ និងដំណើរការដែលបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ នឹងពង្រឹងតម្លាភាព និងកែលម្អគុណភាពសេវាសាធារណៈឱ្យកាន់តែប្រសើរឡើងស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី ២ ឆ្នាំ ២០២១-២០៣០ ផងដែរ៕