ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្លឹបអ្នកកាសែតកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលលើកទី ៣ ស្តីពីការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន ដើម្បីបង្កើនសមត្ថភាពជំនាញឌីជីថលស្របតាមតម្រូវការទីផ្សារ សារព័ត៌មាននៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លឹបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលលើកទី ៣ ស្ដីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន» មានរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ៥ និងទី ៧ ខែធ្នូ ឆ្នាំ ២០២៣ ដែលវគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានបានបន្តថា៖«ការបណ្តុះបណ្តាលនេះ មានសិក្ខាកាមជាអ្នកសារព័ត៌មានចូលរួមចំនួន ៣៧ នាក់មកពី ២៥ ស្ថាប័នដែលសិក្ខាកាមសិក្សាពីកម្មវិធីផលិតភាពរបស់ទូរស័ព្ទដៃ ដោយស្វែងយល់ពីមាតិកាហ្វេសប៊ុក, កម្មវិធីថត និងកាត់តវីដេអូតាមទូរស័ព្ទដៃ, ការប្រើប្រាស់កម្មវិធីផលិតភាពយន្តលើទូរស័ព្ទដៃ»។
ក្លឹបអ្នកកាសែតកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖«វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីផ្តល់ឱ្យអ្នកសារព័ត៌មាននូវចំណេះដឹងបន្ថែមពីការប្រើប្រាស់កម្មវិធីថត កាត់ត និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដូចជា Messenger, Telegram, What's App ជាដើម។ វគ្គសិក្សាជំនាញទាំងនេះ គឺជាការចាប់ផ្តើមវគ្គបណ្តុះបណ្តាលថ្មីមួយទៀតក្នុងឆ្នាំ ២០២៣ នេះ ក្រៅពីវគ្គសិក្សាជាច្រើនដែលបានដំណើរការតាំងពីដើមឆ្នាំមក»។
លោក ឈឹម មករា អ្នកយកព័ត៌មានឱ្យអគ្គនាយកដ្ឋានស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ បានប្រាប់ឱ្យដឹងថា វគ្គសិក្សានេះ មានសារៈសំខាន់ណាស់សម្រាប់រូបលោកបន្ទាប់ពីលោកបានស្វែងយល់ដឹង និងទទួលចំណេះដឹងថ្មីៗពីប្រព័ន្ធបច្ចេកវិទ្យានាពេលនេះ ខណៈកាលពីមុនមក លោកមិនទាន់បានដឹងពីកម្មវិធីបច្ចេកវិទ្យាដែលគេកំពុងអនុវត្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារឡើយ។
លោកបានថ្លែងថា៖«ខ្ញុំសូមអរគុណដល់ក្លឹបអ្នកកាសែតកម្ពុជាដែលរៀបចំឱ្យមានវគ្គសិក្សាបន្ថែមនេះឡើងដល់អ្នកកាសែតគ្រប់រូបដែលចង់មានចំណេះដឹងថ្មីពីបច្ចេកវិទ្យាព្រោះវាជួយសម្រួលដល់កិច្ចការសរសេរព័ត៌មាន រក្សាទុកព័ត៌មានដោយសុវត្ថិភាព និងតភ្ជាប់ទំនាក់ទំនងមនុស្សជុំវិញខ្លួនឆាប់រហ័សចំណេញពេលវេលាច្រើនមិននឹកស្មានដល់»។
ជាមួយគ្នានេះ លោក ឈឹម មករា ក៏បានប្រាប់ដែរថា ក្នុងនាមជាអ្នកសារព័ត៌មាននៅក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ លោកនឹងយកចំណេះដឹងទាំងអស់នេះ ទៅអនុវត្តឱ្យបានល្អប្រសើរ និងចំទិសដៅការងារលើវិស័យព័ត៌មានដែលលោកកំពុងបំពេញសព្វថ្ងៃនេះ។
ជាមួយគ្នានេះដែរលោកហេង នាង អ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មានរបស់ក្លឹបអ្នកកាសែតកម្ពុជា បានប្រាប់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ បានរៀបចំធ្វើក្រោមកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយក្នុងនោះ ក្រសួងបានអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ចូលរៀនវគ្គបណ្តុះបណ្តាលនេះ ដែលគិតមកដល់ពេលនេះ បានឆ្លងកាត់ ៣ វគ្គហើយ ដោយមានអ្នកសារព័ត៌មានជាង ១០០ នាក់បានចូលរួម។
លោក ហេង នាង បញ្ជាក់ថា ក្លឹបអ្នកកាសែតកម្ពុជា នឹងបន្តសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ថែមទៀតដើម្បីផ្តល់ចំណេះដឹងផ្នែកបច្ចេកវិទ្យាជូនដល់អ្នកសារព័ត៌មានកម្ពុជាផ្សេងៗទៀត ដែលមិនទាន់បានចូលរៀន។ ដោយឡែក អ្នកដែលធ្លាប់បានចូលរៀន គឺមិនត្រូវបានអនុញ្ញាតទៀតទេ។
លោកបានបញ្ជាក់ថា៖«ការបណ្តុះបណ្តាលនេះ ធ្វើយ៉ាងណាដើម្បីឱ្យអ្នកសារព័ត៌មានរបស់យើងដើរឱ្យទាន់បច្ចេកវិទ្យាបច្ចុប្បន្ន។ ជាក់ស្តែងក្រោយពេលអ្នកសារព័ត៌មានរបស់យើងបានចូលរៀនវគ្គបណ្តុះបណ្តាលនីមួយៗ ពួកគាត់មានការយល់ដឹងច្រើនពីការវិវឌ្ឍបច្ចេកវិទ្យារបស់ពិភពលោកកាន់តែច្រើនទៀត»៕