ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានបង្ហាញពីសមិទ្ធផលការងារធំៗចំនួន ៣ របស់ខ្លួនដែលបានអនុវត្តក្នុងរយៈពេល ១០០ ថ្ងៃ ក្នុងអាណត្តិទី៧ នៃរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល។
សមិទ្ធផលការងារធំៗទាំងនេះរួមមាន៖ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ, ការពង្រឹងប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌, និងការបន្តនយោបាយការបរទេសឯករាជ្យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ របស់ គ.ស.ម.ក។
សេចក្តីប្រកាសបន្តថា៖ «ពាក់ព័ន្ធនឹងការបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈគ.ស.ម.ក បានចូលរួមជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដោយបានពិគ្រោះយោបល់ថ្នាក់ជាតិ និងសិក្ខាសាលាពីសិទ្ធិមនុស្ស និងមានការបញ្ចូលនូវការពង្រឹងការគាំពារសង្គមក្នុងយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ»។
ចំណែកសមិទ្ធផលធំទី២ គឺពាក់ព័ន្ធការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ គ.ស.ម.ក បានធ្វើការលើយន្តការទទួលនិងដោះស្រាយបណ្តឹងចំនួន ៥ ដែលក្នុងនោះ គ.ស.ម.ក បានដាក់ដំណើរការយន្តការទទួលបណ្តឹងតាមកម្មវិធីទូរស័ព្ទ (CHRC APPs)។
លើសពីនេះ គ.ស.ម.ក បានផ្តល់ជូនការប្រឹក្សាផ្នែកច្បាប់និងមេធាវីមិនគិតថ្លៃដល់ពលរដ្ឋក្រីក្រដែលរងការបំពានសិទ្ធិមនុស្ស ក៏ដូចជាពិគ្រោះយោបល់ច្បាប់តាមទូរស័ព្ទមិនគិតថ្លៃ។ សម្រាប់សមិទ្ធផលទី៣ គឺពាក់ព័ន្ធនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ និងឈ្លាសវៃដែល គ.ស.ម.ក បានចូលរួមសកម្មកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ អន្តរជាតិនិងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
គ.ស.ម.ក បានសង្កត់ធ្ងន់ថា៖ «គ.ស.ម.ក នឹងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចដោយដាក់ចេញផែនការសកម្មភាពបន្ត ក្នុងគោលដៅសម្រេចឱ្យបាននូវសមិទ្ធផលធំៗបន្ថែមទៀតលើវិស័យសិទ្ធិមនុស្ស»។
ជាមួយគ្នានេះលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងតាមរយៈតេឡក្រាមកាលពីថ្ងៃទី ៤ ខែធ្នូ ថា គ្រប់នយោបាយរបស់រាជរដ្ឋាភិបាលគឺមានគោលដៅលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា តួយ៉ាងកម្មវិធីនយោបាយអាទិភាព ៦ ចំណុច ដែលបានដាក់ចេញដើម្បីគាំពារពលរដ្ឋក្រីក្រ រងហានិភ័យជាដើម។
លោកបន្តថា៖ «តាំងពីការដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ ចតុកោណ រហូតដល់បញ្ចកោណ សុទ្ធសឹងតែជាការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ថ្នាក់ដឹកនាំរដ្ឋាភិបាលតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពលរដ្ឋ ដោយទទួលយកសំណូមពរនានាទៅដោះស្រាយ ទាំងការសំណូមលើបណ្តាញសង្គមហ្វេសប៊ុក តាមលិខិតឬតាមវេទិកាសាធារណៈ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកបានលើកឡើងថា ការងាររបស់គ.ស.ម.ក ភាគច្រើនពាក់ព័ន្ធគោលនយោបាយ និងកិច្ចការទំនាក់ទំនង សហប្រតិបត្តិការការបរទេស ដែលហាក់មិនឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋចំពោះបញ្ហាសិទ្ធិមនុស្សនោះទេ។ តួយ៉ាងដូចជា ការរំលោភសិទ្ធិមនុស្ស ពលរដ្ឋរងការបំពានដីធ្លី ធនធានធម្មជាតិ រងការគំរាមកំហែងពីអ្នកមានអំណាចជាដើម ដែលមិនទាន់ឃើញមានសកម្មភាពឆ្លើយតបលើបញ្ហានេះទេ។
លោកថ្លែងថា៖ «យើងចង់ឃើញគណៈកម្មាធិការនេះធ្វើយ៉ាងណាធានាឱ្យបាននូវសិទ្ធិមនុស្សជាមូលដ្ឋាន ការបញ្ចេញមតិ ការជួបជុំ សេរីភាពខាងសមាគម សិទ្ធិនយោបាយ សកម្មជននិងសិទ្ធិផ្សេងៗទៀតដែលយើងបានផ្តល់សច្ចាប័ន ដែលគួរធ្វើការកែលម្អឱ្យប្រសើរ និងផ្តល់យុត្តិធម៌ដល់អ្នករងគ្រោះ»។
លោក ស៊ឹង សែន ករុណា ក៏បានស្នើឱ្យ គ.ស.ម.ក ពិនិត្យមើលអនុសាសន៍ពីខាងអង្គការសង្គមស៊ីវិលរបាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីយកមកកែលម្អស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលលោកថា អង្គការជាតិ អន្តរជាតិមិនចេះតែចេញរបាយការណ៍ផ្តេសផ្តាសឡើយ។
ដោយឡែក នៅថ្ងៃទី ៥ ខែធ្នូ លោក កែវ រ៉េមី ប្រធាន គ.ស.ម.ក បានជួបជាមួយលោកវីទីត មុនតាប៊នអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅសាលប្រជុំគ.ស.ម.ក។ យោងតាមសេចក្តីប្រកាសរបស់ គ.ស.ម.ក កិច្ចជំនួបនេះបានពិភាក្សាពីវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានិងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។ នាឱកាសនោះលោក កែវ រ៉េមីបានលើកឡើងថា ប្រទេសកម្ពុជានៅតែប្តេជ្ញាបន្តថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ ក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិរស់រានមានជីវិត។
លោកបញ្ជាក់ថា ចំពោះសេចក្តីព្រាងរបាយការណ៍ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់លើកទី៤ ជាការបង្ហាញនូវលទ្ធផល ដែលកម្ពុជាសម្រេចបានក្នុងការអនុវត្តអនុសាសន៍ចំនួន ១៧៣ ដែលបានទទួលយក កាលពីឆ្នាំ ២០១៩ នោះ បានបញ្ចប់កិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសហើយនឹងដាក់ពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធ នៅថ្ងៃទី ៦ ធ្នូ ឆ្នាំ ២០២៣។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរលោក វីទិត មុនតាប៊ន បានសម្តែងនូវការកោតសរសើរចំពោះប្រទេសកម្ពុជា ដែលមានវឌ្ឍនភាពជាវិជ្ជមានលើវិស័យសិទ្ធិមនុស្ស ជាពិសេសការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនិងបានថ្លែងអំណរគុណចំពោះ គ.ស.ម.ក ដែលបានរៀបចំកិច្ចជំនួបនេះ ប្រកបដោយបរិយាកាសស្និទ្ធស្នាលយោគយល់ និងនាំមកនូវលទ្ធផលគួរជាទីមោទនៈនេះ៕