ភ្នំពេញៈ ក្រសួងយុត្តិធម៌ បានប្រកាសសម្រេចបង្កើតក្រុមការងារទទួលបន្ទុកពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការលើរឿងក្តីរដ្ឋប្បវេណី ខណៈដែលអង្គការសង្គមស៊ីវិលថា ក្រុមការងារនេះ អាចនឹងជួយជំរុញវិស័យប្រព័ន្ធតុលាការឱ្យមានឯករាជភាព និងយុត្តិធម៌។
ក្រុមការងារទទួលបន្ទុកពិនិត្យ និងផ្សព្វផ្សាយនេះ មានភារកិច្ចពិនិត្យ និងផ្សព្វផ្សាយសេចក្ដីសម្រេចរបស់តុលាការលើរឿងក្ដីរដ្ឋប្បវេណី និងសហការ ពិគ្រោះយោបល់ជាមួយអ្នកជំនាញជាតិនិងអន្តរជាតិដែលពាក់ព័ន្ធលើកិច្ចការពិនិត្យ និងផ្សព្វផ្សាយសេចក្ដីសម្រេចរបស់តុលាការ។ នេះបើយោងតាមសេចក្ដីសម្រេចដែលចុះហត្ថលេខាដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះថ្ងៃទី ១ ខែឆ្នូ និងបានចេញផ្សាយកាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣។
លោក កើត រិទ្ធ បានលើកឡើងតាមរយៈសេចក្តីសម្រេចនេះថា ក្រៅពីភារកិច្ចទាំងនេះ ក្រុមការងារដែលបានបង្កើតថ្មីនេះ ក៏ត្រូវមានភារកិច្ចតាមដាន និងវាយតម្លៃពីវឌ្ឍនភាពលើការងារត្រួតពិនិត្យ និងផ្សព្វផ្សាយសេចក្ដីសម្រេចរបស់តុលាការ ជាពិសេសរៀបចំសិក្ខាសាលា វគ្គបណ្ដុះបណ្ដាល ដែលទាក់ទងលើកិច្ចការងារពិនិត្យ និងផ្សព្វផ្សាយសេចក្ដីសម្រេចរបស់តុលាកាជាមួយអង្គភាពពាក់ព័ន្ធ។
លោកបញ្ជាក់ថា៖ «ក្រុមការងារនេះ នឹងត្រូវបំពេញភារកិច្ចផ្សេងៗតាមការប្រគល់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេសត្រូវធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណើវិធានការនានាទាក់ទងនឹងកិច្ចការងារពិនិត្យ និងផ្សព្វផ្សាយសេចក្ដីសម្រេចរបស់តុលាការ»។ ក្រុមការងារនេះត្រូវប្រើប្រាស់កញ្ចប់ថវិការបស់អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូបានថ្លែងនៅថ្ងៃទី ៥ ខែធ្នូថា ការបង្កើតក្រុមការងារនេះឡើង អាចដោយសារក្រសួងយុត្តិធម៌ ចង់ជំរុញ និងពន្លឿននីតិវិធីនៅតាមតុលាការរាជធានីខេត្ត ហើយមួយវិញទៀត ក៏អាចជាការជំរុញវិស័យប្រព័ន្ធតុលាការឱ្យមានឯករាជភាព និងយុត្តិធម៌ ជាពិសេសធ្វើឱ្យមានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា៖ «ដូច្នេះការពិនិត្យ ផ្សព្វផ្សាយរឿងរដ្ឋប្បវេណី ឬក៏កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ហ្នឹង វាជារឿងសំខាន់ហើយ ប៉ុន្តែធ្វើម៉េចត្រូវពង្រឹងឯករាជភាព ហើយនិងប្រព័ន្ធតុលាការហ្នឹងឱ្យមានជំនឿទុកចិត្តសម្រាប់បងប្អូនប្រជាពលរដ្ឋ»។
ជាមួយគ្នានេះដែរលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការសិក្សាស្រាវជ្រាវ បានចោទសួរថា អ្វីដែលសំខាន់ ថាតើក្រុមការងារដែលបង្កើតថ្មីនេះ បានបម្រើសេវាព័ត៌មាន និងធ្វើឱ្យការផ្សព្វផ្សាយទៅកាន់សាធារណជនបានទាន់ពេលវេលាដែរទេ? ប្រសិនជាក្រុមការងារនេះ បានបំពេញតួនាទី ហើយមានការឆ្លើយតបតម្រូវការជាក់ស្ដែងមិនមានការលាក់លៀម ដោយបើកទូលាយឱ្យប្រជាពលរដ្ឋទាំងអស់បានជ្រាបពីព័ត៌មាននៃសេចក្តីសម្រេចរបស់តុលាការ គឺវាជារឿងល្អដែលត្រូវតែអនុវត្ត។
នៅក្នុងរដ្ឋធម្មនុញ្ញបានចែកអំណាច ៣ ឱ្យនៅដាច់ពីគ្នា ក្នុងនោះមានអំណាចនីតិប្បញ្ញត្តិ មានរដ្ឋសភាព្រឹទ្ធសភា អំណាចនីតិប្រតិបត្តិ មានរាជរដ្ឋាភិបាល និងអំណាចតុលាការ។
លោកថ្លែងថា៖ «យើងគិតថា បើកាលណារាល់សមិទ្ធផលទាំងអស់ហ្នឹង ខាងនីតិប្រតិបត្តិយកមកផ្សព្វផ្សាយ វាហាក់បីដូចជាមិនឆ្លុះបញ្ចាំងអំពីឯករាជភាពនៃស្ថាប័នផ្នែកទូទៅរបស់កម្ពុជានោះទេ»។
លោក សុជាតិ ថា ក្នុងករណីដែលអនុវត្តទៅ ធ្វើឱ្យអំណាចទាំង ៣ នេះ មិនអាចនៅដាច់ពីគ្នា នោះវានឹងធ្វើឱ្យមានការយល់ច្រឡំ ឬរងការរិះគន់ចំពោះការប្រើប្រាស់សិទ្ធិអំណាចលើសពីអ្វីដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា៕