ភ្នំពេញៈ មន្ត្រីពន្ធនាគារកម្ពុជា-ឡាវ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (Mou) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពន្ធនាគារឱ្យកាន់តែស៊ីជម្រៅថែមទៀតរវាងប្រទេសទាំង ២ ខណៈភាគីទាំង ២ ក៏បានផ្លាស់ប្ដូរបទពិសោធន៍គ្នាដើម្បីពង្រឹង និងពង្រីកដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជួយគ្នាទៅវិញ-ទៅមកដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម និងបញ្ហាអវិជ្ជមានផ្សេងៗ។
ការចុះ MoU នេះធ្វើឡើងក្នុងកិច្ចប្រជុំរវាងគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃកម្ពុជាដែលដឹកនាំដោយ លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារកម្ពុជា និងគណៈប្រតិភូនៃនាយកដ្ឋានពន្ធនាគារ ក្រសួងសន្តិសុខសាធារណៈឡាវ ដែលដឹកនាំដោយលោក ស៊ុមលិត ដាវហ៊ុងស៊ុលិ ប្រធាននាយកដ្ឋានពន្ធនាគារឡាវនាថ្ងៃទី ៥ ខែធ្នូ នៅរាជធានីភ្នំពេញ។
ក្នុងជំនួបនោះ លោក ដាវហ៊ុងស៊ុលិ បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទូទៅនៃការគ្រប់គ្រង ការចាត់ចែង និងបទពិសោធន៍ការងារទូទៅរបស់នាយកដ្ឋានពន្ធនាគាររបស់លោកជូនគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធនាគារកម្ពុជា ខណៈ លោក ឈន សាណាត ក៏បានចែករំលែកបទពិសោធន៍ការងារពាក់ព័ន្ធនានាដែលជាសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានពន្ធនាគារកម្ពុជាដល់គណៈប្រតិភូឡាវ ដើម្បីសិក្សា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។
បណ្តាញសង្គមក្រសួងមហាផ្ទៃបញ្ជាក់ក្រោយជំនួបនេះថា៖ «ក្រោយពីបានបញ្ចប់កិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញ-ទៅមករួច ភាគីទាំង២ក៏បានចុះ MoUដើម្បីពង្រឹងចំណងនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀតផងដែរ»។
យោងតាមបណ្តាញសង្គមដដែល លោក ដាវហ៊ុងស៊ុលិ បានថ្លែងថា ឡាវមានកេរដំណែលនៃកិច្ចសហប្រតិបត្តិការជាប្រទេសភូមិផងរបងនឹងគ្នាជាមួយកម្ពុជា មានព្រំដែនជាប់គា្នទាំងព្រំដែនគោក និងព្រំដែនទឹក ជាប្រទេសបងប្អូន មានទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ស្រដៀងគ្នា។
លោកថ្លែងថា៖ «ប្រជាជននៃប្រទេសទាំង ២ មានការចេញ-ចូលរាប់រកគ្នា ជួយទុក្ខធុរៈគ្នាទៅវិញទៅមកតាំងពីយូរលង់មកហើយមិនថាអំឡុងពេលនៃការបង្រួបបង្រួមប្រទេសជាតិ ការដណ្ដើមឯករាជ្យពីពួកឈ្លានពានបរទេស ក៏ដូចជាអំឡុងពេលនៃការអភិវឌ្ឍប្រទេសនាពេលបច្ចុបុ្បន្ន។ កេរដំណែលនៃសាមគ្គីភាពទាំងអស់នេះហើយ ដែលជាកត្តាធ្វើឱ្យចំណងទំនាក់ទំនងមិត្តភាព រវាងប្រទេសយើងទាំង ២ កម្ពុជា-ឡាវ គ្មានអ្វីអាចមកកាត់ផ្ដាច់ទំនាក់ទំនងនេះបានឡើយ»។
លោក ដាវហ៊ុងស៊ុលិ បន្ថែមថា ដោយសារការអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមរបស់រដ្ឋាភិបាលនៃប្រទេសទាំង ២ កម្ពុជា-ឡាវ និងកំណត់ហេតុស្ដីពីកិច្ចសហ ប្រតិបត្តិការរវាងក្រសួងទាំង ២ ប្រចាំឆ្នាំ ២០២៣ ភាគីទាំង ២ បានរួមគ្នាពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ការងារជំនាញនាពេលនេះ ដើម្បីពង្រឹង និងពង្រីកដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមានស្ថិរភាពយូរអង្វែង រវាងស្ថាប័នទាំង២ឱ្យកាន់តែរីកចម្រើនដើម្បីសហការជួយគ្នាទៅវិញទៅមក រួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម និងបញ្ហាអវិជ្ជមានផ្សេងៗដែលកើតឡើងនៅក្នុងប្រទេសទាំង២តាមផ្លូវច្បាប់ និងតាមបទប្បញ្ញត្តិដែលប្រទេសទាំង ២ បានឯកភាពគ្នា។
កាលពីខែកុម្ភៈ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា រួមនឹងថ្នាក់ដឹកនាំធុរកិច្ចទៅទស្សនកិច្ចរយៈពេល ២ ថ្ងៃ នៅប្រទេសឡាវ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២។
ក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោក សនសៃ ក្នុងពេលទស្សនកិច្ចនេះ លោក ហ៊ុន សែន បានប្រកាសថា កម្ពុជាគ្រោងនឹងបញ្ជូនអ្នកទោសជាជនជាតិឡាវ និងថៃ ដែលកំពុងជាប់ពន្ធនាគារនៅកម្ពុជានាពេលនោះទៅកាន់ប្រទេសកំណើតពួកគេវិញឱ្យបានមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខែមេសា ឆ្នាំ ២០២៣៕