ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងការឆ្លើយតបនឹងគ្រោះអាសន្ន គឺជាធាតុផ្សំដ៏សំខាន់នៅក្នុងគោលនយោបាយអាទិភាពមួយក្នុងការធានាផលប្រយោជន៍ជូនប្រជាពលរដ្ឋ ទោះបីជាបានតិច ឬច្រើនក៏ដោយ ក៏រដ្ឋាភិបាលមិនចោលពលរដ្ឋខ្លួនឡើយ។
ជាក់ស្តែងរាជរដ្ឋាភិបាលបានបញ្ចេញថវិកាជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំងឺកូវីដ ១៩ និងបញ្ហាអតិផរណាប្រមាណ ១ ៣៥៥ លានដុល្លារនៅឆ្នាំ ២០២១ និងប្រមាណ ៦០០ លានដុល្លារ នៅឆ្នាំ ២០២២។
នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «គោលការណ៍ណែនាំស្ដីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនិងគោលការណ៍ណែនាំស្ដីពីក្របខ័ណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលនេះជាគោលនយោបាយអាទិភាពទី៣ ក្នុងចំណោមអាទិភាពទាំង ៦ របស់រដ្ឋាភិបាលនាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣។
លោកបានលើកឡើងថា ចាប់តាំងពីកម្ពុជាបញ្ចប់សង្គ្រាមមកជាមោទនភាពដែលប្រទេសកម្ពុជាទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះជីវភាពរបស់ប្រជាពលរដ្ឋបានរីកចម្រើនដោយអត្រានៃភាពក្រីក្របានកាត់បន្ថយជាបន្តបន្ទាប់ផងដែរ ប៉ុន្តែទោះជាកម្រិតជីវភាពមធ្យមក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែទទួលស្គាល់ថាប្រជាពលរដ្ឋក្រីក្រនៅតែមានដែរ។
លោកមានប្រសាសន៍ថា៖ «នៅក្នុងរយៈពេលត្រឹម ៤ ឆ្នាំមកនេះ ពិភពលោកបានជួបប្រទះបញ្ហាផ្ទួនៗ ទី១ បញ្ហានៃវិបត្តិកូវីដ ១៩ ដែលប៉ះពាល់ដល់បញ្ហាសង្គម ជីវភាព និងអាយុជីវិតពលរដ្ឋ។ ក្រោយមកយើងក៏មានបញ្ហាដែលបង្កឡើងដោយសង្គ្រាម ក្រៅពីនោះក៏មានការប្រឈមវិបត្តិអតិផរណាពិភពលោកផងដែរ»។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «នៅក្នុងន័យនេះ គឺទាមទារឱ្យរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដោយរដ្ឋាភិបាលបានដាក់គោលការណ៍ និងស្មារតីដោយមិនទុកអ្នកណាម្នាក់ចោលដោយមិនមានការយកចិត្តទុកដាក់នោះទេ ហើយរាជរដ្ឋាភិបាលយើងក៏មិនមែនធ្វើសកម្មភាពតែពេលល្អ តែពេលលំបាកទុកពលរដ្ឋចោលដែរ តែរដ្ឋាភិបាលនេះជារដ្ឋាភិបាលបុរេសកម្ម»។
នៅក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា ជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ គឺបន្តគោលការណ៍ដោយធ្វើយ៉ាងណាត្រូវបន្តផ្តល់ប្រព័ន្ធគាំពារសង្គមដល់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងដោះស្រាយជូនពលរដ្ឋទាន់ពេលវេលា ជាពិសេសពលរដ្ឋដែលត្រូវការជំនួយសង្គម។
ចំពោះជំនួយសង្គមដល់ពលរដ្ឋដែលជួបបញ្ហាដោយសារកូវីដ ១៩ រដ្ឋាភិបាលមិនអាចជួយរហូតទេ ដោយសារកូវីដបានបញ្ចប់ហើយ ប៉ុន្តែតម្រូវការរបស់ជនរងគ្រោះមួយចំនួននៅតែបន្ត ការស្តារសេដ្ឋកិច្ចឡើងវិញក៏នៅមិនទាន់រឹងមាំ ដែលតម្រូវឱ្យមានការរៀបចំជួយពលរដ្ឋបន្តទៀតសម្រាប់អ្នកដែលត្រូវការការជួយនេះ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា៖ «ដូចនេះ ការអនុវត្តគោលការណ៍នេះគឺជាធាតុផ្សំដ៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គមយើងឱ្យបានយូរអង្វែង ដើម្បីធានាផលប្រយោជន៍ជូនប្រជាពលរដ្ឋរបស់យើង ទោះបានតិចឬបានច្រើន រដ្ឋាភិបាលមិនចោលប្រជាពលរដ្ឋទេ។ លទ្ធភាព គឺយើងនឹងធ្វើទៅតាមលទ្ធភាពរដ្ឋាភិបាល តាមលទ្ធភាពថវិកាជាតិ តែសំខាន់យើងខិតខំដើម្បីធានាឱ្យពលរដ្ឋកក់ក្តៅ»។
សូមបញ្ជាក់ផងដែរថា កម្មវិធីជំនួយសង្គមនេះនឹងត្រូវអនុវត្តលើគ្រួសារគោលដៅចំនួន ៤ រួមមាន (១) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ, (២) កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ, (៣) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និង (៤) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ ឆ្នាំឡើង)។
កម្មវិធីជំនួយសង្គមនេះ នឹងចាប់អនុវត្តពីខែមេសា ឆ្នាំ ២០២៤ តទៅ បន្ទាប់ពី «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩» ត្រូវបិទបញ្ចប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ក្នុងបរិការណ៍នៃជំងឺកូវីដ ១៩ និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាប្រមាណ ១ ៣៥៥ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ និង ៦០១ លានដុល្លារនៅក្នុងឆ្នាំ ២០២២។
លោកបានបន្តថា គិតមកទល់ខែវិច្ឆិកា ឆ្នាំ ២០២៣ ថវិកាប្រមាណជាង ១ ២០០ លានដុល្លារ បានប្រើប្រាស់សម្រាប់ការអនុវត្តវិធានការអន្តរាគមន៍ក្នុងការដោះស្រាយផលប៉ះពាល់ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ពិសេសលើកម្មវិធីប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ ១៩, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារ,ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ,កម្មវិធីសាច់ប្រាក់ពលកម្ម,កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់ និងពេលមានសម្ពាធអតិផរណាជាដើម។
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនាពិធីនោះដែរថា រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជាតិជំនួយសង្គមសំខាន់ៗជាច្រើនដែលកម្មវិធីខ្លះបានបិទបញ្ចប់និងខ្លះបាននិងកំពុងបន្ដអនុវត្តដែលបានជួយដល់ប្រជាពលរដ្ឋរាប់សិបម៉ឺនគ្រួសារ និងចំណាយថវិការាប់លានដុល្លារផងដែរ។
លោកបានបន្តថា ស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងផ្អែកតាមបទពិសោធន៍នៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមកន្លងមក រាជរដ្ឋាភិបាលបានរៀបចំធ្វើសមាហរណកម្មកម្មវិធីជាតិជំនួយសង្គមដែលមានស្រាប់ និងបន្ថែមរបបគោលនយោបាយមួយចំនួនទៀតដើម្បីឱ្យមានភាពរឹងមាំគ្រប់ជ្រុងជ្រោយផងដែរ។
លោក ជា សុមេធី បានបន្តថា ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ណែនាំ ស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមចំនួន ២ គឺគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន។
លោកបានបញ្ជាក់ថា៖ «ក្នុងនាមថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចខ្ញុំប្តេជ្ញាចិត្តបំពេញបេសកកម្មនេះដោយស្មារតីម្ចាស់ការ ច្នៃប្រឌិត ប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់ដើម្បីធានាការអនុវត្តក្របខ័ណ្ឌទាំង ២ នេះ ទទួលបានជោគជ័យ»។
លោកបានបន្តថា ក្រសួងសង្គមកិច្ចនឹងបន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រសួងផែនការ ក្រសួងសុខាភិបាល ក្រសួងអប់រំ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ស្ថាប័នពាក់ព័ន្ធ រួមនឹងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានាក្នុងការអនុវត្តក្របខ័ណ្ឌទាំង ២ នេះផងដែរ៕