ភ្នំពេញៈ រាជរដ្ឋាភិបាលរួមនឹងអង្គការមូលនិធិសកល និងអង្គការដៃគូផ្សេងទៀតត្រូវចំណាយលើថ្នាំព្យាបាលមេរោគអេដស៍ជាង ១០ លានដុល្លារ ក្នុង ១ ឆ្នាំៗ ស្របពេលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដាក់គោលដៅអ្នកឆ្លងមេរោគនេះឱ្យនៅតិចជាងម្នាក់ ក្នុង ១ ថ្ងៃ ត្រឹមឆ្នាំ ២០២៥ ខណៈតាមការប៉ាន់ស្មានគឺមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ១២ ០០០ នាក់មិនទាន់មកទទួលសេវាព្យាបាលនៅឡើយ។
ការដាក់គោលដៅនេះក៏បានធ្វើឱ្យស្ត្រីម្នាក់ដែលកំពុងរស់នៅជាមួយមេរោគអេដស៍អស់ពេលជាង ១០ ឆ្នាំមកហើយនោះសង្ឃឹមថា នឹងមិនមានអ្នកឆ្លងមេរោគអេដស៍ដោយមិនដឹងខ្លួនដូចអ្នកស្រីទៀតឡើយ។
ស្ត្រីឈ្មោះរ័ត្ន សុផា (ឈ្មោះដាក់ឱ្យ) បច្ចុប្បន្នមានអាយុ ៣៩ ឆ្នាំបានរំឭកប្រាប់ថា កាលពីអំឡុងឆ្នាំ ២០១៤ អ្នកស្រីមានអាការគ្រុនក្តៅខ្លាំង ហើយបានទៅរកគ្រូពេទ្យប្រចាំភូមិនៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីចាក់ថ្នាំបំបាត់ជំងឺគ្រុនក្តៅ។
ពេលនោះបុរសជាគ្រូពេទ្យម្នាក់បានយកសេរ៉ាំងដែលមានភ្ជាប់ម្ជុលបូមទឹកថ្នាំ ហើយចាក់លើសាច់ចង្កេះឱ្យអ្នកស្រី។
រ័ត្ន សុផា បានរំឭកប្រាប់ថា៖«ក្រោយចាក់ថ្នាំបានប៉ុន្មានថ្ងៃគឺអាការជំងឺខ្ញុំបានធូរស្រាលពីគ្រុនក្តៅ ក៏ប៉ុន្ដែបន្ទាប់ពីខ្ញុំចាក់ថ្នាំមិនដល់កន្លះខែផងក៏អ្នកភូមិផ្អើលថា ឆ្លងមេរោគអេដស៍ពីការចាក់ថ្នាំនៅផ្ទះលោកគ្រូពេទ្យម្នាក់នោះ ហើយខ្ញុំបានទៅពិនិត្យឈាមក៏ឃើញមានផ្ទុកមេរោគអេដស៍ដែរ»។
អ្នកស្រី សុផា រៀបរាប់ថា កាលនោះ អ្នកស្រីមានផ្ទៃពោះ ហើយកូនដែលកើតមកក៏ឆ្លងមេរោគអេដស៍ដែរ ហើយបច្ចុប្បន្នទាំងម្តាយទាំងកូនកំពុងលេបថ្នាំពន្យារជីវិតជាប្រចាំមិនដែលឱ្យខកខានម្តងណាឡើយ។ ចំពោះស្វាមីអ្នកស្រីមិនបានឆ្លងមេរោគអេដស៍ពីអ្នកស្រីទេ ហើយមិនត្រឹមតែប៉ុណ្ណោះបច្ចុប្បន្នអ្នកស្រីក៏មានកូនប្រុសម្នាក់ទៀត ដែលមានអាយុទើបតែជាង ១ ខួបផងដែរ តែកូនប្រុសម្នាក់នេះមិនឆ្លងមេរោគអេដស៍ពីអ្នកស្រីឡើយ តែក្រោយពេលគេកើតមក គ្រូពេទ្យបានឱ្យលេបថ្នាំរយៈពេល ១ ខែកន្លះ ទើបឈប់ឱ្យប្រើរហូតមកទល់បច្ចុប្បន្ន។
សុផា បញ្ជាក់ថា៖«ប្តីខ្ញុំមិនឆ្លង ខ្ញុំមិនដឹងដែរ ហើយគ្រូពេទ្យឧស្សាហ៍បូមឈាមគាត់ទៅពិនិត្យដែរ តែមិនឃើញឆ្លង តែគាត់អត់មានលេបថ្នាំដូចខ្ញុំទេ។ ដោយសារខ្ញុំផ្ទុកមេរោគអេដស៍ខ្ញុំនឹកថា អាអូនខ្ញុំឆ្លងអេដស៍ពីខ្ញុំហើយ តែពេទ្យពិនិត្យឈាមអត់ឃើញមានឆ្លងទេ។ ខ្ញុំលេបថ្នាំយូរៗទៅសាច់ស្អាតជាងកាលពីមិនទាន់លេប»។
បើតាម សុផា ទោះជាអ្នកស្រីបានទទួលថ្នាំលេបជាប្រចាំក្តី តែអ្នកស្រីមិនអាចចេញទៅប្រកបរបរឆ្ងាយពីភូមិស្រុកបានឡើយ ព្រោះជំងឺអេដស៍មិនអាចឱ្យដាច់ថ្នាំបានទេ។ បច្ចុប្បន្នអ្នកស្រីរស់ពឹងផ្អែកលើប្តីធ្វើការសំណង់ តែការងារប្ដី ម្តងមាន ម្តងអត់ ធ្វើឱ្យអ្នកស្រីប្រឈមនឹងជីវភាពគ្រួសារដែរ។ តែអ្វីដែលអ្នកស្រីចង់ផ្តាំផ្ញើនោះគឺសូមឱ្យបងប្អូនផ្សេងទៀតត្រូវមានដៃគូ ១ ស្មោះទល់នឹង ១ ហើយបើត្រូវចាក់ថ្នាំព្យាបាលជំងឺសូមទៅរកគ្រូពេទ្យណាដែលមានវិជ្ជាជីវៈច្បាស់លាស់ កុំឱ្យមានវិប្បដិសារីដូចរូបអ្នកស្រី។
អ្នកស្រី សយ ចាន់ដារី ជាបុគ្គលិកនៃសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានឱ្យដឹងថា សមាគមបានធ្វើការជាមួយអ្នកផ្ទុកមេរោគអេដស៍និងទទួលជំនួយពីអង្គការមូលនិធិសកលតាមរយៈរាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្នសមាគមទទួលបម្រើសេវាដល់អ្នកផ្ទុកមេរោគអេដស៍ដោយមិនគិតថ្លៃដូចជា សេវាពិនិត្យឈាមរកមេរោគអេដស៍ សេវាផ្តល់ថ្នាំបង្ការមិនឱ្យចម្លងពីម្តាយទៅកូនក្នុងផ្ទៃ រួមនឹងការប្រឹក្សាផ្តល់យោបល់ជាដើម។
អ្នកស្រីបានបន្តថា សមាគមបានធ្វើការជាមួយស្ត្រីបម្រើសេវាកម្សាន្ត ដូចជា ខារ៉ាអូខេ ខេធីវី នៅតាមហាងម៉ាស្សា និងតាមភោជនីយដ្ឋាន គឺក្រុមការងាររបស់សមាគមបានចុះទៅអប់រំផ្ទាល់ជារៀងរាល់ថ្ងៃដើម្បីឱ្យពួកគាត់បានយល់ដឹងពីវិធីការពារ និងរបៀបនៃការចម្លងមេរោគអេដស៍ ហើយបើពួកគាត់ក្លាហានធ្វើតេស្តឈាមគឺខាងសមាគមនឹងលើកទឹកចិត្តដល់ពួកគាត់។
បើតាមអ្នកស្រី ចាន់ដារី គោលដៅនៃការចម្លងមេរោគអេដស៍មានដូចជា ការរួមភេទមានដៃគូច្រើន ការរួមភេទដោយមិនបានប្រើស្រោមអនាម័យត្រឹមត្រូវ ធ្វើឱ្យអត្រាឆ្លងគឺខ្ពស់បំផុត។ ចំពោះគោលដៅនៃការឆ្លងច្រើនជាងគេ គឺក្រុមស្ត្រីរកស៊ីឯករាជ្យដូចជា ស្ត្រីរកស៊ីផ្លូវភេទឈរនៅតាមសួនសាធារណៈមួយចំនួន និងស្ត្រីបម្រើសេវាខារ៉ាអូខេ ជាពិសេស គឺបុរសរួមភេទជាមួយបុរស ជាដើម។
អ្នកស្រី ចាន់ដារី បានបន្ដថា ក្រៅពីចុះអប់រំផ្ទាល់ ខាងសមាគមក៏មានការអប់រំតាមបណ្តាញសង្គមផ្សេងៗផងដែរ។ បច្ចុប្បន្នសមាគមមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល ក្រុងតាខ្មៅ ខេត្តព្រះសីហនុ និងខេត្តព្រៃវែង ដោយសារគោលដៅទាំងនេះអាចប្រឈមមុខខ្លាំងជាងគេ។
អ្នកស្រី សយ ចាន់ដារី បានបញ្ជាក់ថា៖ «អត្រាចម្លងខ្ពស់ជាងគេ គឺបុរសរួមភេទជាមួយបុរស រីឯស្ត្រីរួមភេទជាមួយបុរសមិនមានអត្រាចម្លងមេរោគអេដស៍ខ្ពស់ទេ។ យើងមានអ្នកទាក់ទងយើងចង់ធ្វើតេស្តឈាមរកមេរោគអេដស៍មានបញ្ហាផ្នែកសុខភាពជំងឺកាមរោគអីហ្នឹង គឺមានចំនួនច្រើនដែលបានទាក់ទងមកខាងសមាគម»។
លោក ឈឹម ឃិនដារ៉េត អ្នកនាំពាក្យអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា ពាក្យថា ការលុបបំបាត់ជំងឺអេដស៍ក្នុងឆ្នាំ ២០២៥ មិនមែនមានន័យថា ធ្វើឱ្យអស់មេរោគអេដស៍ទេ តែជាការធ្វើឱ្យការឆ្លងនៅកម្រិតទាបបំផុតនៃមេរោគក្នុងឈាម។ មានន័យថាយើងនឹងមិនអាចរកឃើញមេរោគនៅក្នុងឈាមយ៉ាងហោចណាស់ឱ្យបាន ៩៥ ភាគរយហើយនេះជាអ្វីដែលយើងគ្រោងសម្រាប់ឆ្នាំ ២០២៥។
លោកបានបន្តថា៖ «អ្វីដែលយើងរំពឹងទុកគឺយើងមានយន្តការនៃការឆ្លើយតបរបស់យើងដែលមានសសរស្តម្ភចំនួន ៣ ទី ១ រាជរដ្ឋាភិបាលដែលមានក្រសួងសុខាភិបាល[ជាសេនាធិការ] ទី២ ដៃគូអភិវឌ្ឍន៍ដែលមានអង្គការជាតិ និងអន្តរជាតិ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋអ្នកផ្ទុកមេរោគអេដស៍និងទី ៣ គឺយើងមានការវិនិយោគដោយផ្អែកលើបទពិសោធន៍ដែលមានកន្លងមក»។
បើតាមលោក ឃិន ដារ៉េត ប្រទេសកម្ពុជាបានរងការរាតត្បាតមេរោគអេដស៍នៅក្នុងអំឡុងឆ្នាំ ១៩៩០-៩១ ហើយគិតមកទល់បច្ចុប្បន្នមានរយៈពេលជាង ៣០ ឆ្នាំហើយ។ បញ្ហានេះនៅមិនទាន់មានឱសថសម្រាប់ព្យាបាលជំងឺអេដស៍ឱ្យជាសះស្បើយឡើយ ហើយក៏មិនទាន់មានវ៉ាក់សាំងសម្រាប់ការពារដែរ។ ដូច្នេះកត្តាទាំងនេះហើយដែលមិនអាចធ្វើឱ្យមេរោគអេដស៍អស់បាន ប៉ុន្តែការដាក់ទិសដៅនេះ គឺអាចគ្រប់គ្រងបាន ពោលគឺឱ្យនៅក្នុងកម្រិតនៃការឆ្លងថ្មីតិចជាងម្នាក់ក្នុង ១ ថ្ងៃ នៅក្នុងឆ្នាំ ២០២៥។
លោកឈឹម ឃិនដារ៉េត បានឱ្យដឹងទៀតថា អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ជាមួយមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាល និងអង្គការពាក់ព័ន្ធបានសិក្សាឃើញថា អ្នកផ្ទុកមេរោគអេដស៍ក្នុងឆ្នាំ ២០២២ មានចំនួន ៧៦ ០០០ នាក់។ រីឯអ្នកមកទទួលសេវាមានចំនួន ៦៤ ០០០នាក់។ ដូច្នេះបើប៉ាន់ប្រមាណចំពោះអ្នកដែលនៅសល់មិនទាន់បានទទួលសេវាពិនិត្យធ្វើតេស្តឈាមគឺអាចនៅចន្លោះពីជាង ១១ ០០០ នាក់ទៅ ១២ ០០០ នាក់។
បញ្ហាដោយសារថា ក្នុងចំនួននេះពេលខ្លះគាត់ទៅទទួលសេវាព្យាបាលនៅកន្លែងផ្សេង អ៊ីចឹងទៅធ្វើឱ្យមិនអាចដឹងព័ត៌មានពីពួកគាត់បានជាក់លាក់។
លោកថ្លែងថា៖ «ជំងឺអេដស៍យើងមិនដឹងថា ពេលណានឹងចប់ទេ មិនដឹងថាពេលណាគេរកវ៉ាក់សាំងឃើញឬពេលណាគេរកឱសថដើម្បីព្យាបាលឱ្យជាដាច់ទាំងស្រុងទេ។ ឥឡូវនេះយើងគ្រាន់តែព្យាបាល ដើម្បីឱ្យបងប្អូនអ្នកផ្ទុកមេរោគនេះមានសុខភាពល្អឱ្យគាត់រស់នៅធម្មតាដូចយើងធម្មតា បំពេញការងារបានធម្មតាអ៊ីចឹងដែរ ព្រោះបើគាត់លេបថ្នាំទៀងទាត់ គឺសុខភាពគាត់ល្អប្រសើរជាងមុន»។
លោកបានបញ្ជាក់ថា គិតត្រឹមត្រីមាសទី ៣ នៃឆ្នាំ ២០២៣ នេះគឺបងប្អូនចូលមកទទួលសេវាមានចំនួនជាង ៦៧ ០០០ នាក់ក្នុងនោះមានអ្នកស្លាប់ប្រមាណ ១ ១០០នាក់ ក្នុង ១ ឆ្នាំៗ។អ៊ីចឹងចង់និយាយថា ប្រជាពលរដ្ឋបានទទួលដំណឹង ឬបានទទួលព័ត៌មានពីការផ្សព្វផ្សាយកាន់តែទូលំទូលាយហើយគាត់បានចូលមកក្នុងសេវាធ្វើតេស្តឈាមរកមេរោគអេដស៍ច្រើនជាងមុនដែលធ្វើឱ្យគាត់ដឹងពីស្ថានភាពជំងឺ។
លោកបានបន្ថែមថា បច្ចុប្បន្នប្រទេសកម្ពុជាមានឱសថគ្រប់គ្រាន់សម្រាប់ផ្ដល់ដល់អ្នកផ្ទុកមេរោគអេដស៍។ បានន័យថាឱ្យតែពិនិត្យឈាមទៅឃើញវិជ្ជមានមេរោគអេដស៍ គឺទទួលបានការព្យាបាលភ្លាម។ ហេតុដូច្នេះហើយបានជាអត្រានៃការព្យាបាលមេរោគអេដស៍នៅកម្ពុជាបានដល់ ៩៩ ភាគរយដែលស្ទើរតែ ១០០ ភាគរយទៅហើយ។ រីឯប្រសិទ្ធភាពនៃការព្យាបាលវិញមានរហូតដល់ ៩៨ ភាគរយ។
លោកបានបញ្ជាក់ថា៖ «អ៊ីចឹងអ្វីដែលយើងត្រូវជំរុញបន្តទៀតនោះគឺធ្វើយ៉ាងម៉េចឱ្យបងប្អូនយើងចូលមកធ្វើតេស្តរកមេរោគអេដស៍។ យើងមានកន្លែងធ្វើតេស្ត និងផ្តល់ឱសថមានរហូតដល់ ៧៣ កន្លែងនៅទូទាំងប្រទេសកម្ពុជា និងអាចទាក់ទងលេខ ១១៥ មិនគិតប្រាក់ទេ។អ៊ីចឹងបងប្អូនយើងអាចទទួលសេវាធ្វើតេស្ត និងព្យាបាលបាននៅទូទាំងប្រទេសតែម្តង»។
បើតាមអ្នកនាំពាក្យអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍រូបនេះ ផ្អែកតាមការសិក្សាឃើញថា ក្នុង ១ ឆ្នាំៗមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន ១ ៤០០ នាក់ ហើយការរកឃើញថ្មីនេះក៏មានអ្នកស្លាប់ចំនួន ១ ១០០ នាក់ដែរ។
ចំពោះអ្នកដែលប្រឈមនឹងការចម្លងខ្លាំងជាងគេគឺបុរសរួមភេទជាមួយបុរសដែលតាមការប៉ាន់ប្រមាណអ្នកមានភេទដូចគ្នា [SMS] មានជាង ៩ ម៉ឺននាក់។ បន្ទាប់មកក្រុមបំប្លែងភេទ (ស្ត្រីបំប្លែងភេទ) ក្រុមអ្នកបម្រើសេវាកម្សាន្ត និងក្រុមអ្នកប្រើប្រាស់គ្រឿងញៀន។ ចំពោះអ្វីដែលអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍កំណត់ឃើញថ្មីៗនេះគឺក្រុមយុវវ័យមានអាយុពី ១៥ ឆ្នាំ ទៅ ២៤ ឆ្នាំដែលមានរហូតដល់ ៤៣ ភាគរយ៕