ភ្នំពេញៈ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលកុមារសរុបប្រមាណជាង ៨ ម៉ឺននាក់ ដែលក្នុងនោះកុមារឈឺធ្ងន់ប្រមាណជាង ១ ម៉ឺននាក់ ត្រូវបានដាក់សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈដែលមានស្ដ្រីសម្រាលកូនជាង ២ ពាន់នាក់។
នេះបើតាមរបាយការណ៍សង្ខេបសកម្មភាពក្នុងខែវិច្ឆិកា របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលរបាយការណ៍ដដែលនេះ បានលើកឡើងថា ក្នុងចំណោមកុមារ ៨ ម៉ឺននាក់ នោះ កុមារដែលមានជំងឺធ្ងន់ៗ ចំនួន ១៥ ៥៣២ នាក់ និងកុមារចំនួន ១ ៧៤៩ នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
របាយការណ៍ដដែលបានបញ្ជាក់ថា៖«ក្រៅពីនេះ មានកុមារចំនួន ២ ៥៥២ នាក់ បានទទួលការវះកាត់ ហើយក្នុងនោះ វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូង តាមសរសៃឈាម នៅគន្ធបុប្ផាសៀមរាប និងភ្នំពេញ បានចំនួន ១១៣ នាក់»។
របាយការណ៍បានបន្ថែមថា ចំណែកនៅផ្នែកសម្ភពវិញស្ដ្រីមានផ្ទៃពោះចំនួន ៨ ៧៣០ នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាល ខណៈដែលមានស្ត្រីចំនួន ២ ០៥៩ នាក់ បានមកសម្រាលកូន។
លោក គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានប្រាប់ឱ្យដឹងនាពេលកន្លងមកថា ក្នុងចំណោមកុមារដែលមកទទួលការព្យាបាលនិងពិគ្រោះយោបល់ទាំងនោះ កុមារមានជំងឺរលាកផ្លូវដង្ហើម ទារកកើតមិនគ្រប់ខែ និងកើតមកមិនប្រក្រតីជំងឺឆ្លងផ្សេងៗប្រចាំរដូវជំងឺវះកាត់ផ្សេងៗជំងឺគ្រុនឈាម ជំងឺរលាកខួរនិងស្រោមខួរក្បាលជំងឺបេះដូងពីកំណើត គ្រោះថ្នាក់ចរាចរណ៍ និងផ្សេងៗ។
លោកបានស្នើ និងអំពាវនាវដល់អាណាព្យាបាលទាំងអស់ យកចិត្តទុកដាក់ថែរក្សាកូនចៅ រស់នៅស្អាត និងមានអនាម័យ និងចូលរួមទាំងអស់គ្នា ពិសេសលុបបំបាត់មូសខ្លាការពារជំងឺគ្រុនឈាម ដោយលោកបានបញ្ជាក់ថា៖«អាណាព្យាបាល ត្រូវស្វែងរកការពិគ្រោះព្យាបាលជំងឺ ជាមួយគ្រូពេទ្យមានជំនាញវិជ្ជាជីវៈ ពេលកូនចៅមានជំងឺដង្កាត់។ កុំស្វែងរកទិញថ្នាំ ព្យាបាលកូនចៅដោយខ្លួនឯង តែត្រូវស្វែងរកការព្យាបាលមួយត្រឹមត្រូវ នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកជាដើម»។
សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) មានគ្រែអ្នកជំងឺប្រមាណ ២ ២០០គ្រែ ដោយក្នុង ១ ថ្ងៃ មានកុមារចំនួនជាមធ្យមប្រមាណជាង ៣ ០០០ នាក់ មកពិគ្រោះពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ។ ក្នុង ១ ថ្ងៃ មានកុមារ ដែលមានជំងឺធ្ងន់ត្រូវបានដាក់ឱ្យសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យចំនួន ៥០០ នាក់ ហើយជារៀងរាល់ថ្ងៃ មានកុមារកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ជាមធ្យមចំនួន ២ ០០០ នាក់ ក្នុងនោះកុមារប្រមាណ ៥០០ នាក់ ត្រូវបានសម្រាកផ្នែកសង្គ្រោះបន្ទាន់៕