ភ្នំពេញៈ សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា បានស្នើឱ្យបង្កើតក្រុមការងារចម្រុះ ដែលស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពិភាក្សាគ្នា និងរួមគ្នា ដើម្បីរៀបចំច្បាប់អាពាហ៍ពិពាហ៍ សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។
ការស្នើបែបនេះ ធ្វើឡើងតាមរយៈកិច្ចសន្ទនាជាមួយតំណាងក្រសួង-ស្ថាប័នថ្នាក់ជាតិ និងអ្នកពាក់ព័ន្ធពីវឌ្ឍនភាពនៃជំហានបន្ទាប់ ដើម្បីជំរុញការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់គូស្រករភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងបើកកិច្ចសន្ទនាថា សម្រាប់កម្ពុជា បញ្ហាប្រឈមសំខាន់បំផុតនោះ គឺការមិនអាចលុបបំបាត់នូវផ្នត់គំនិតរបស់ក្រុមគ្រួសារ និងសហគមន៍ ដែលមានការរើសអើងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ព្រោះតាំងពីដើមមកផ្នត់គំនិតក្រុមគ្រួសារដែលជាឪពុកម្ដាយ តែងតែប្រកាន់នូវវប្បធម៌ប្រពៃណីខ្មែរ។
លោកបានបន្តថា ទោះបីមានការរើសអើងខ្លះក៏ពិតមែនប៉ុន្តែការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា គឺមានលក្ខណៈល្អប្រសើរ ដោយសារមានណែនាំពីអតីតនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីបច្ចុប្បន្ននេះ ទៅថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ និងជាពិសេសមានគោលនយោបាយថ្នាក់ជាតិរបស់ក្រសួងកិច្ចការនារីជាដើម។
លោក កែវ រ៉េមី បានថ្លែងថា៖ «ខ្ញុំយល់ថា ការទាមទារ តវ៉ាច្បាប់អាពាហ៍ពិពាហ៍នេះ វារឿងត្រឹមត្រូវហើយ ព្រោះជាសិទ្ធិរបស់ពួកគាត់ ក៏ប៉ុន្តែច្បាប់ហ្នឹង គឺត្រូវការពេលវេលា ដើម្បីយើងបញ្ជ្រាបផ្លាស់ប្ដូរផ្នត់គំនិតនៅក្នុងគ្រួសារ និងសហគមន៍។ នៅពេលដែលក្នុងគ្រួសារ និងសហគមន៍កាន់តែយល់ថា អ្វីដែលបងប្អូនយើងទាមទារនេះ ពួកគាត់នឹងមានការអាណិតស្រឡាញ់ដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា»។
លោកបានថ្លែងបន្ថែមថា ទន្ទឹមនេះក៏មិនមែនតែប្រទេសកម្ពុជានោះដែរ នៅក្នុងប្រទេសតំបន់អឺរ៉ុប ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ក៏នៅតែមានការរើសអើង និងនៅតែមានការបាញ់ប្រហារទៅលើអ្នកគាំទ្រក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេសនៅបណ្ដារដ្ឋមួយចំនួន នៅតែមានការរឹតបន្តឹងច្បាប់ ដែលធ្វើឱ្យមានបញ្ហាប្រឈមដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។
ក្នុងកិច្ចសន្ទនាជាមួយតំណាងក្រសួង-ស្ថាប័នថ្នាក់ជាតិ និងអ្នកពាក់ព័ន្ធ កញ្ញា លី ពិសី ស្ថាបនិកនិងអ្នកសម្របសម្រួលសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់)បានថ្លែងថា សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ស្នើសុំបង្កើតក្រុមការងារចម្រុះ ដែលស្ថិតក្រោមការដឹកនាំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការចូលរួមសហការគាំទ្រដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។
កញ្ញាថា ការស្នលនេះ ក្នុងគោលបំណងធ្វើការពិភាក្សា សិក្សា និងពិនិត្យក្របខ័ណ្ឌច្បាប់ ជាពិសេសការជំរុញទទួលស្គាល់សមភាពអាពាហ៍ពិពាហ៍សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។
កញ្ញាបានបញ្ជាក់ថា៖ «តើអាចទៅរួចទេ បង្កើតក្រុមការងារមួយដែលមានតំណាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានធនធានពូកែៗទាំងផ្នែកច្បាប់ ទាំងផ្នែកស្រាវជ្រាវ ដើម្បីពិភាក្សាពិនិត្យមើលផ្លូវច្បាប់ហ្នឹង ថាតើពួកយើងអាចចូលរួមបំពេញផ្នែកណាបាន ក្នុងការវែកផ្លូវអាចឱ្យយើងដើរទៅមុខ ពីព្រោះក្ដីសង្ឃឹមរបស់យើង ប្រសិនបើគ្មានការពិភាក្សារួមគ្នាទេ នោះមិនអាចធ្វើច្បាប់ហ្នឹងបានឡើយ»។
លោក ឌឿន ចាន់ដារ៉ា នាយកផ្នែករដ្ឋបាលសរុប នៃការិយាល័យគ្រប់គ្រងសន្តិសុខឯកជន នៃក្រសួងមហាផ្ទៃ បានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជាបានបើកទូលាយឱ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នា អាចរៀបអាពាហ៍ពិពាហ៍បាន ក៏ប៉ុន្តែមិនអាចចុះសំបុត្រអាពាហ៍ពិពាហ៍បាននោះទេ ខណៈកន្លងមកនៅតាមមូលដ្ឋានមានក្រុមអ្នកស្រឡាញ់ភេទដូចគ្នា អាចរៀបចំអាពាហ៍ពិពាហ៍របស់ខ្លួនបាន។
លោកបានបន្តថា ដោយឡែក ប្រសិនជាអាចចុះសំបុត្របាន លុះត្រាតែមានការកែសម្រួលច្បាប់មួយចំនួនសិន ស្របពេលដែលការកែសម្រួលច្បាប់នេះ គឺត្រូវការពេលវេលា។
លោកឌឿន ចាន់ដារ៉ា លើកឡើងថា៖ «ការបង្កើតក្រុមការងារចម្រុះនេះ ដែលមានរាជរដ្ឋាភិបាលជាតំណាង គឺវាមានការលំបាកខ្លះ ត្រង់ថាស្ថាប័នរាជរដ្ឋាភិបាលមិនដែលជួបប្រទះទេក្រុមបែបនេះពីព្រោះធ្លាប់តែមានការបង្កើតក្រុមប្រឹក្សាអាជ្ញាធរកណ្ដាល និងក្រុមប្រឹក្សាផ្ដល់យោបល់ ដែលមានភាគីគណបក្សនយោបាយ និងភាគីរាជរដ្ឋាភិបាល»។
លោកបានបន្តថា៖ «យើងគិតថា វាមានការលំបាកដែរ ពីព្រោះត្រូវដឹងថាអ្នកណាជាប្រធានក្រុមការងារ ក្រសួងណា ស្ថាប័នណា ហើយបន្ទាប់មកតើស្ថាប័នណាដែលត្រូវស្នើសុំទៅរាជរដ្ឋាភិបាល។ ហើយបញ្ហាលំបាកមួយទៀតនោះ គឺជាពេលវេលា ដោយសារស្ថាប័នរដ្ឋមានភារកិច្ចច្រើនត្រូវធ្វើ»។
ទោះបីជាមានការលំបាកខ្លះក្នុងការបង្កើតក្រុមការងារចម្រុះនេះ ប៉ុន្តែប្រសិនជាក្រុមការងារនេះអាចបង្កើតទៅបាន វាក៏មានភាពងាយស្រួលដែរ នៅពេលមានទម្រង់លិខិត ឬការស្នើសុំអ្វីមួយគឺវាមានរបៀបរបបត្រឹមត្រូវ។ លោក ឌឿន ចាន់ដារ៉ា បញ្ជាក់បន្ថែម។
យោងតាមសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) បានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៣នេះ មានប្រទេស និងដែនដីចំនួន៣៥ នៅលើសកលលោកបានទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់គូស្រករភេទដូចគ្នា។ បទពិសោធន៍នៃបណ្តាប្រទេសទាំងនោះបានបង្ហាញថា ការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍មានផលវិជ្ជមានចំពោះការកសាងគ្រួសារ កាត់បន្ថយការរើសអើសប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នា មានបរិយាបន្ន ព្រមទាំងសុខដុមរមនាក្នុងសង្គម៕