ភ្នំពេញៈ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងធនាគារវីង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីជួយសម្រួលដល់សមាជិកយុវជនឱ្យទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថចាំបាច់នានាក្នុងការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេតាមរយៈការទទួលយកបទពិសោធន៍នៃដំណោះស្រាយធនាគារឌីជីថលដ៏ទំនើប ក៏ដូចជាចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មីៗ ជាច្រើនទៀត។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះមានការចុះហត្ថលេខាដោយ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារវីងកាលពីរសៀលថ្ងៃទី៥ ខែធ្នូ នៅមជ្ឈមណ្ឌល ម៉ានី អគារ The Kampus ក្បាលថ្នល់។
ចូលរួមជាអធិបតី និងសក្ខីភាពក្នុងពិធីនោះ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងថា អនុស្សរណៈនេះមានគោលបំណងសិក្សាស្វែងរកឱកាសក្នុងការផ្តល់ការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅដល់សមាជិក ស.ស.យ.ក ការជួយសម្របសម្រួលកម្មសិក្សានៅធនាគារវីងព្រមទាំងអនុវត្តគំនិតផ្តួចផ្តើមដើម្បីជួយទៅដល់យុវជនជាច្រើនផ្សេងទៀត។
លោកបានថ្លែងថា៖ «ភាពជាដៃគូជាមួយធនាគារវីងនាពេលនេះគឺជាការឆ្លុះបញ្ចាំងពីការតាំងចិត្តឥតឈប់ឈររបស់យើងក្នុងការជំរុញដល់សក្តានុពលរបស់យុវជនកម្ពុជា។ តាមរយៈកិច្ចសហការនេះ យើងផ្តល់ឱ្យសមាជិករបស់យើងនូវចំណេះដឹង និងប្រភពនៃការយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាដំណើរឆ្ពោះទៅសម្រេចគោលដៅអនាគតរបស់ពួកគេ»។
លោកបន្ថែមថា ស.ស.យ.ក មានការប្តេជ្ញាចិត្តក្នុងការបំពាក់បំប៉នយុវជនកម្ពុជានូវចំណេះដឹងនិងជំនាញចាំបាច់នានាដើម្បីក្លាយជាសសរស្តម្ភរបស់ប្រទេសជាតិក្នុងការជួយរក្សានិរន្តរភាពសមិទ្ធផលកន្លងមកនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាថ្ងៃអនាគត។
លោក គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងជាអគ្គនាយកនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបថ្លែងថា កិច្ចសហការរវាងធនាគារ
វីង និង ស.ស.យ.ក គឺជាកម្លាំងសាមគ្គីដោយឈរលើចក្ខុវិស័យរួមតាមរយៈការប្រើប្រាស់ជំនាញនៃស្ថាប័នទាំង២ដើម្បីជួយអភិវឌ្ឍសហគមន៍ឱ្យបានកាន់តែប្រសើរឡើង។
លោកថ្លែងថា៖«អនុស្សរណៈនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការជំរុញឱ្យមានបរិយាបន្នហិរញ្ញវត្ថុនិងជួយពង្រឹងសមត្ថភាពទៅដល់់យុវជនកម្ពុជាផងដែរ។យើងខ្ញុំមានទំនុកចិត្តថាតាមរយៈគំនិតផ្តួចផ្តើមរួមគ្នារបស់យើងនាពេលនេះយើងនឹងរួមចំណែកក្នុងការកសាងយុវជនជំនាន់ថ្មីមួយដែលពោរពេញទៅដោយចំណេះដឹងផ្នែកហិរញ្ញវត្ថុហើយថែមទាំងមានសមត្ថភាពរឹងមាំ»។
លោកបន្ថែមថា ទន្ទឹមគ្នានេះ ធនាគារ វីង ត្រូវបានជំរុញដោយការតាំងចិត្តរបស់ខ្លួនក្នុងការធានាបានថា ប្រជាជនកម្ពុជាគ្រប់រូបមានភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ដែលពាក់ព័ន្ធហើយអាចជួយសម្រួលទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេឱ្យបានកាន់តែប្រសើរ៕