ភ្នំពេញៈ មន្ត្រីនៃគណៈកម្មការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិនៅកម្ពុជាបានឱ្យដឹងថា តាមការប៉ាន់ស្មាននឹងមានមនុស្សប្រមាណជា១៨ម៉ឺននាក់ចូលរួមការតាំងពិព័រណ៍សៀវភៅថ្នាក់ជាតិនៅកម្ពុជា លើកទី១០ ឆ្នាំ២០២៣ ដោយសារតែចំនួនអ្នកបោះពុម្ពសៀវភៅមានការកើនឡើងច្រើន។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានស្ដីពីដំណើរការរៀបចំ ពិព័រណ៍សៀវភៅថ្នាក់ជាតិនៅកម្ពុជា លើកទី១០ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» នាបណ្ណាល័យជាតិ កាលពីថ្ងៃទី៦ ខែធ្នូ លោកស្រី ខ្លូត វិបុលឡា ប្រធានបណ្ណាល័យជាតិ និងជាអនុប្រធាននាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា កាលពីឆ្នាំ២០២២ ពិព័រណ៍សៀវភៅថ្នាក់ជាតិនៅកម្ពុជា បានរៀបចំឡើងវិញក្រោយពីខកខាន ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងឆ្នាំ២០២០ និង២០២១ ធ្វើតាមអនឡាញ ដែលនាឆ្នាំមុននេះ មានអ្នកចូលរួមជាង ១០ម៉ឺននាក់។
លោកស្រី ខ្លូត វិបុលឡា ដែលជាសមាជិកគណៈកម្មការរៀបចំពិព័រណ៍សៀវភៅផងដែរនោះ បានបន្ថែមថា ពិព័រណ៍សៀវភៅថ្នាក់ជាតិនៅកម្ពុជា លើកទី១០ ឆ្នាំ២០២៣នេះ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃគឺពីថ្ងៃទី១៤ ដល់ទី១៧ ខែធ្នូ ដោយគ្រោងនឹងធ្វើឡើងនៅសួនច្បារខាងមុខសាលបុរីកោះពេជ្រ ដោយសារឆ្នាំនេះ ការរៀបចំស្តង់មានចំនួនច្រើនជាងមុន។
លោកស្រីបានបញ្ជាក់ថា៖«នៅឆ្នាំនេះ ចំនួនអ្នកដាក់ស្តង់ក្នុងពិព័រណ៍នេះ នឹងមានការកើនឡើង ជាពិសេសចំនួនអ្នកបោះពុម្ព។មូលហេតុដែលអ្នកបោះពុម្ពមានការកើនឡើង ដោយសារតែបណ្ណាល័យជាតិ ជាសមាជិក ISBN (The International Standard Book Number) ដូចនេះ ចំនួនអ្នកបោះពុម្ពមានការកើនឡើងចំនួនប៉ុន្មានយើងដឹងទាំងអស់ហ្នឹង»។
បើតាមលោកស្រីវិបុលឡា បណ្ណាល័យជាតិបានចូលជាសមាជិករបស់ស្ថាប័នISBN កាលពីឆ្នាំ២០១៥ ដែលរហូតមកទល់ពេលបច្ចុប្បន្ន អ្នកបោះពុម្ពផ្សាយ ដែលជាអ្នកសរសេរសៀវភៅ មានប្រមាណជិត២ ០០០នាក់ ដោយក្នុងចំណោមអ្នកបោះពុម្ពផ្សាយទាំងនេះ អាចសរសេរសៀវភៅចន្លោះពី ៣០០ទៅ៥០០ចំណងជើង។
ជាមួយគ្នានោះដែរ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងដែរថា គោលបំណងនៃការរៀបចំពិព័រណ៍សៀវភៅលើកទី១០ គឺដើម្បីជួយផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ (ទាំងស្នាដៃអ្នកនិពន្ធចាស់-ថ្មី) ដើម្បីឱ្យមានទីផ្សារទាំងក្នុងនិងក្រៅប្រទេស។
លោកស្រីបានបន្ថែមថា ពិព័រណ៍នេះ ក៏ដើម្បីជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅហើយជាសារមួយបញ្ចូនទៅដល់យុវជនឱ្យស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍចំណេះដឹងនិងបង្កើនគំនិតសម្រាប់ការសិក្សានិងការងារ,បង្កើនកម្មវិធីនិទានរឿងនិងគូរគំនូររូបភាពផ្សេងៗដល់កុមារដើម្បីបណ្តុះទឹកចិត្តកុមារឱ្យស្រឡាញ់និងចូលចិត្ដសៀវភៅតាំងពីនៅតូចៗ។
លោកស្រី ឡងឌី សាន់ណារ៉ា បានបញ្ជាក់បន្ថែមថា៖ «វាក៏នឹងគាំទ្រដល់ឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជានិងនៅក្នុងពិភពលោក ថែមទាំងលើកទឹកចិត្តកវី អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ដើម្បីបង្កើតស្នាដៃថ្មីៗបន្ថែមទៀត»។
ចំណែក លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា (Sipar)ក៏បានលើកឡើងនាសន្និសីទសារព័ត៌មាននោះដែរថា ដើម្បីបង្កើតទម្លាប់អាន គឺត្រូវសប្បាយនៅក្នុងការអានជាមុនសិនហើយពិព័រណ៍សៀវភៅនេះ គឺជាយន្តការក្នុងការបញ្ជ្រាបការអានដល់សាធារណជនគ្រប់ស្រទាប់វណ្ណៈ ឱ្យងាកមកចាប់អារម្មណ៍ការអានសៀវភៅវិញ។
លោកបានបញ្ជាក់ថា៖«នៅក្នុងពិព័រណ៌សៀវភៅយុវជនភាគច្រើន គេមកទិញសៀវភៅណាដែលធ្វើឱ្យគេសប្បាយ។ ប្រភេទសៀវភៅច្បាប់ នយោបាយ និងប្រវត្តិសាស្ដ្រ គេនឹងអាននៅពេលដែលគេត្រូវការ។ ដូចនេះយើងចង់ផ្លាស់ប្តូរការគិតរបស់ពលរដ្ឋ ឱ្យយល់ថា ការអានគឺជារឿងសប្បាយ ហើយធ្វើវាឱ្យក្លាយទៅជាទម្លាប់»។
សូមជម្រាបថា នៅក្នុងពិព័រណ៍សៀវភៅថ្នាក់ជាតិនៅកម្ពុជា លើកទី១០ ឆ្នាំ២០២៣នេះ នឹងមានការដាក់តាំងសៀវភៅដែលចូលរួមពីអ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារនានានៅក្នុងប្រទេសកម្ពុជា,ការលក់សៀវភៅក្នុងតម្លៃពិសេស,វេទិកាស្តីពីការបោះពុម្ពផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក,ការធ្វើបទបង្ហាញនានាទាក់ទងទៅនឹងអក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរ និងវិទ្យាសាស្ត្រ,ការទទួលយកបទពិសោធន៍ពីអ្នកនិពន្ធល្បីៗ និងមានការចុះហត្ថលេខាពីអ្នកនិពន្ធព្រមទាំងវិចិត្រករ,កម្មវិធីអានរឿង និងល្បែងសិក្សាសម្រាប់កុមារ, ការប្រគំតន្ត្រី និងសំណួរចម្លើយចាប់យករង្វាន់ផ្សេងៗជាដើម។
យោងតាមរបាយការណ៍ នាយកដ្ឋានសៀវភៅនិងការអាន បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០២២ មានការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិនៅកម្ពុជាចំនួន៩លើក និងមានអ្នកចូលរួមប្រមាណជាង៥២ម៉ឺននាក់៕