ភ្នំពេញៈ ការងារបោសសម្អាតមីននេះ ធ្វើឡើងដើម្បីឱ្យអនាគតរបស់ប្រជាពលរដ្ឋ និងក្មេងៗជំនាន់ក្រោយទាំងអស់មានការរីកចម្រើនក្នុងជីវភាពរស់នៅកាន់តែប្រសើរឡើង និងរួចផុតពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
នេះជាការថ្លែងឡើងពីសំណាក់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កម្ពុជា ក្នុងពិធីប្រកាសស្រុកពួក ខេត្តសៀមរាប ជាស្រុកអស់មីន កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។
លោក លី ធុជ បានថ្លែងថា៖ «ពិធីនេះ គឺជាពិធីដ៏វិសេសវិសាលមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិ សហការរួមគ្នាដើម្បីបញ្ចប់ទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋពីការគំរាមកំហែងដោយសារគ្រាប់មីន ហើយក៏ជាថ្ងៃដែលម្ចាស់ជំនួយទាំងអស់បង្ហាញពីទឹកចិត្តអាណិតអាសូរ និងក្តីស្រឡាញ់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅលើតំបន់មានការគំរាមដោយសារមីន»។
លោកបានបញ្ជាក់ទៀតថា៖ «ការងារបោសសម្អាតមីននេះ គឺធ្វើឡើងដើម្បីឱ្យអនាគតរបស់ប្រជាពលរដ្ឋ និងក្មួយៗទាំងអស់មានការរីកចម្រើន ជីវភាពរស់នៅកាន់តែប្រសើរឡើង និងរួចផុតពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ស្របតាមបំណងប្រាថ្នារបស់ សម្តេចធិបតី ដែលតែងតែយកចិត្តទុកដាក់ដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។
យោងតាមអាជ្ញាធរមីន បានឱ្យដឹងថា ស្រុកពួក គឺជាស្រុកទី៣ បន្ទាប់ពីក្រុងសៀមរាប និងស្រុកក្រឡាញ់ ដែលធ្វើការបោសសម្អាតមីនចុងក្រោយរបស់អង្គការ HALO Trust ក្នុងទំហំផ្ទៃដី ៣ ៥១២,៦៤ម៉ែត្រក្រឡា និងរួមជាមួយអង្គភាពស៊ីម៉ាក់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គការ NPA។
អភិបាលរងខេត្តសៀមរាប លោក ពិត ប្រាកដ បានថ្លែងនាពិធីប្រកាសស្រុកពួក បានលើកឡើងដែរថា ក្រោមការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ននេះ ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានបោសសម្អាតមីន លើទំហំផ្ទៃដីសរុបជាង១៣ ០០០ហិកតាផងដែរ។
លោកបានបន្តថា ក្នុងនោះ ប្រតិបត្តិករដោះមីន បានរកឃើញមីនថ្មើរជើងចំនួន២៣ ៤៦៨គ្រាប់, មីនតោន៧២៣គ្រាប់, សំណល់ជាតិផ្ទុះពីសង្គ្រាមគ្រប់ប្រភេទចំនួន១១៧ ៤៦៩គ្រាប់ ហើយក្នុងនោះអ្នកទទួលផលមានចំនួន២២៨៩៦៥គ្រួសារ។
លោកបានបញ្ជាក់ថា៖ «រដ្ឋបាលខេត្តគ្រោងនឹងស្នើសុំអនុម័តផែនការបោសសម្អាត និងចម្ការគ្រាប់នៅតាម៦៦ទីតាំងបន្ថែមទៀត សម្រាប់ផែនការប្រចាំឆ្នាំ២០២៤ខាងមុខនេះ ដែលទីតាំងទាំងនោះអាចរកឃើញមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីសរុបចំនួនជាង១១លានម៉ែត្រការ៉េ»។
សូមរំឭកដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ កម្ពុជា បានទទួលការគាំទ្រ និងវាយតម្លៃខ្ពស់ពីបណ្តាប្រទេសជារដ្ឋភាគីនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលមាន ១៦៤ប្រទេស បោះឆ្នោតជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ នៃអនុសញ្ញា ដោយជ្រើសយកខេត្តសៀមរាប ជាទីតាំងរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរនេះ។
ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នឹងបង្ហាញទៅកាន់ពិភពលោកឱ្យបានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រែក្លាយអតីតតំបន់សមរភូមិប្រយុទ្ធ និងមានការគំរាមដោយសារមីន ឱ្យទៅជាតំបន់ដែលពោរពេញដោយស្នាមញញឹម និងមានសុខសន្តិភាពពេញលេញ។
ដោយឡែក នៅថ្ងៃដដែលនោះដែរលោកឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោកស្រី Deirdre NíFhallúinឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអៀរឡង់ប្រចាំកម្ពុជានៅទីស្តីការក្រសួង។
យោងតាមក្រសួងការបរទេស នៅក្នុងជំនួបនោះ លោក ឃួន ផុនរតនៈ បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋអៀរឡង់ ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លាដល់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ជាពិសេសលើវិស័យដោះមីន និងការអប់រំ។
តាមរយៈក្រសួង លោកស្រីDeirdre NíFhallúinក៏បានអះអាងសាជាថ្មីពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអៀរឡង់ក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជាក្នុងវិស័យដោះមីន និងជំនួយអាហារូបត្ថម្ភតាមរយៈជំនួយថ្នាក់តំបន់៕