ភ្នំពេញៈ រដ្ឋាភិបាលបានបង្កើតក្រុមការងារដើម្បីអនុវត្តមុខងារសេសសល់ពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ឬសាលាក្តីខ្មែរក្រហម ដែលធ្វើសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ (UN) និងដៃគូអភិវឌ្ឍន៍។
ការបង្កើតក្រុមការងារនេះ ដើម្បីធានាឱ្យការងាររលូន គិតគូរថែរក្សាគម្រោងសំណងសមូហភាពនិងផ្លូវចិត្តដល់ជនរងគ្រោះពីរបបខ្មែរក្រហម ច្របាច់បញ្ចូលចំណេះដឹងពីសាលាក្តីខ្មែរក្រហម សម្រាប់អ្នកជំនាន់ក្រោយ និងការងារផ្សេងៗទៀត។
តាមរយៈសេចក្តីសម្រេចរបស់រដ្ឋាភិបាលចុះថ្ងៃទី១៧ ខែវិច្ឆិកាដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតនិងបានចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ បានលើកឡើងថា រដ្ឋាភិបាលបង្កើតក្រុមការងារសហប្រតិបត្តិការជាមួយ UN និងដៃគូអភិវឌ្ឍន៍ដើម្បីបំពេញមុខងារសេសសល់របស់សាលាក្តីខ្មែរក្រហម ដែលដឹកនាំដោយលោក វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយសមាជិកសរុបចំនួន ១៧រូប និងអាចមានសមាសភាពបន្ថែមតាមការចាំបាច់។
សេចក្តីសម្រេចនេះ បានបញ្ជាក់ថា ៖ «ក្រុមងារងារនេះមានភារកិច្ចដូចជាធ្វើកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ UN ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ដើម្បីធានាការអនុវត្តមុខងារសេសសល់របស់សាលាក្តីខ្មែរក្រហមប្រព្រឹត្តទៅដោយរលូន និងជោគជ័យផ្អែកលើក្របខ័ណ្ឌច្បាប់ និងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និង UN»។
ក្រុមការងារនេះ ក៏មានគោលដៅថែរក្សាគម្រោងសំណងសមូហភាពនិងផ្លូវចិត្តដែលសាលាក្តីខ្មែរក្រហម សម្រេចផ្តល់ទៅឱ្យដើមបណ្តឹងរដ្ឋប្បវេណីនិងជនរងគ្រោះពីរបបខ្មែរក្រហម និងបង្កើតគម្រោងនានា ដើម្បីបន្តផ្តល់ការគាំទ្រដល់ដើមបណ្តឹងនិងជនរងគ្រោះទាំងនេះ។
សេចក្តីសម្រេច បានបន្តថា ៖ «ក្រុមការងារនេះ នឹងជំរុញឱ្យមានការផ្ទេរចំណេះដឹងនិងជំនាញរួមទាំងធនធានមនុស្សនិងបទពិសោធន៍ពីសាលាក្តីខ្មែរក្រហម ទៅកាន់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័នអប់រំ វប្បធម៌ និងយុត្តិធម៌ ក្នុងគោលដៅទប់ស្កាត់ការត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍នៅកម្ពុជា និងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ សម្រាប់ជាបទពិសោធន៍ទៅកាន់ឆាកតំបន់និងអន្តជាតិ»។
លោក កង ឫទ្ធិគីរី ជាមេធាវី និងជាសាស្ត្រាចារ្យផ្នែកច្បាប់ ព្រមទាំងជាអតីតមេធាវីតំណាងក្នុងសំណុំរឿង ០០១ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) បានប្រាប់ឱ្យដឹងថា ការបង្កើតក្រុមការងារនេះសម្រាប់បង្ហើយកិច្ចការរបស់សាលាក្តី តួយ៉ាងការបញ្ចប់សំណងរដ្ឋប្បវេណីដល់ជនរងគ្រោះនិងជាពិសេសការថែរក្សាមរតករបស់សាលាក្តីខ្មែរក្រហមឱ្យគង់វង្ស។
លោកបានបន្តថា ការងារអភិរក្សឯកសារពីសាលាក្តីនេះជារឿងលំបាក ដែលត្រូវការចំណាយថវិកាជាប្រចាំ ត្រូវការធនធានមនុស្ស ដែលជាការចងចាំប្រវត្តិសាស្ត្រ។
លោកថ្លែងថា៖ «វាសំខាន់ណាស់សម្រាប់ការចងចាំនិងស្គាល់នូវបទឧក្រិដ្ឋដែលត្រូវតែរារាំងហើយថាវាពិតជាធ្លាប់កើតមាននៅលើលោកនេះមែន មិនមែនមិនអាចដូចការគិតរបស់មនុស្សខ្លះនោះទេ»។
ជាមួយគ្នានេះ លោកកែវ ឌួង អ្នកជំនាញប្រវត្តិសាស្ត្រខ្មែរលើកិច្ចការខ្មែរក្រហម និងការសិក្សាពីរបបប្រល័យពូជសាសន៍ លើកឡើងដែរថា ការបង្កើតក្រុមការងារនេះបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះមរតករបស់សាលាក្តីខ្មែរក្រហម ដែលមិនត្រូវទុកចោល ហើយផ្ទេរតាមក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ ដែលអាចបញ្ចូលក្នុងកម្មវិធីសិក្សានានា។
លោកថា មរតក អ.វ.ត.ក. មានតម្លៃផ្នែកច្បាប់ ជាគំរូនីតិវិធីសម្រាប់សាលាក្តីក្នុងស្រុក ហើយជាការបង្ហាញនិងបកស្រាយប្រវត្តិសាស្ត្រដ៏ស្មុគស្មាញរបស់កម្ពុជាពាក់ព័ន្ធសម័យកម្ពុជាប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «តាមរយៈការកាត់ទោសមេដឹកនាំខ្មែរក្រហម នៅពេលគេនិយាយពីឧក្រិដ្ឋប្រល័យពូជសាសន៍ វាឆ្លុះបញ្ចាំងតែបទឧក្រិដ្ឋប្រឆាំងនឹងជនជាតិវៀតណាមនិងចាមប៉ុណ្ណោះ ហើយនៅក្នុងដំណើរការកាត់ទោសនេះ ទាំងសំណុំរឿង០០១ និង០០២ មានឯកសាររាប់លានទំព័រ ដែលនឹងក្លាយជាបណ្ណាសារសម្រាប់សិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម និងទិដ្ឋភាពផ្លូវច្បាប់៕