ភ្នំពេញៈ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកទឹកចិត្តដល់អ្នកនវានុវត្តន៍កម្ពុជាចំនួន ១០ រូប ឱ្យបន្តចែករំលែកគំនិតជាមួយមិត្តភក្តិនៅក្នុងតំបន់ និងចូលរួមអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍នៅកម្ពុជា ក្រោយពីពួកគេត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងវេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌាឆ្នាំ២០២៣ ក្នុងប្រទេសម៉ាឡេស៊ីនាពេលថ្មីៗនេះ។
ការលើកទឹកចិត្តនេះត្រូវបានធ្វើឡើងនៅពេលដែលលោករដ្ឋមន្រ្តី ហែម វណ្ណឌី បានទទួលជួបសំណេះសំណាលជាមួយជយលាភីនវានុវត្តន៍កម្ពុជាទាំង១០រូបនាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្មនៅថ្ងៃទី៦ ខែធ្នូ។
ជយលាភីទាំង១០រូបនោះ រួមមានអ្នកនវានុវត្តន៍ជាសិស្ស៥នាក់ និងអ្នកនវានុវត្តន៍តាមសហគមន៍៥នាន់ដែលត្រូវបានទទួលស្គាល់ចំពោះការរួមចំណែកដ៏សំខាន់របស់ពួកគេដល់វិស័យនវានុវត្តន៍ ហើយត្រូវបានជ្រើសរើស ដើម្បីបង្ហាញពីនវានុវត្តន៍របស់កម្ពុជានិងផ្តល់ឱ្យកាសដល់ពួកគេក្នុងការរៀនសូត្រប្រមូលការយល់ដឹងពីវិស័យនវានុវត្តន៍ពីបណ្តាប្រទេសអាស៊ាននិងសាធារណរដ្ឋឥណ្ឌា។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តរៀនសូត្រ និងការសហការគ្នាក្នុងវិស័យនវានុវត្តន៍។ លើសពីនោះ លោកបានណែនាំដល់ជយលាភីទាំងអស់ ឱ្យគិតមិនត្រឹមតែពីដំណើរការនវានុវត្តន៍ប៉ុណ្ណោះទេ តែត្រូវសិក្សាខ្សែច្រវាក់ផលិតកម្មទាំងមូលដោយកំណត់យន្តការទីផ្សារនិងតួអង្គសំខាន់ៗ ដែលអាចទទួលយកដំណោះស្រាយនវានុវត្តន៍របស់ពួកគេ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«អ្នកនវានុវត្តន៍ត្រូវតែភ្ជាប់ទំនាក់ទំនងជាមួយគ្នាដើម្បីបង្កើតជាអេកូឡូស៊ីនិងថា នវានុវត្តន៍ត្រូវតែបង្កើតតម្លៃបន្ថែម និងត្រូវតែអាចពង្រីកផលឱ្យបានកាន់តែទូលំទូលាយ»។
វេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយមានការផ្លាស់វេនក្នុងចំណោមរដ្ឋសមាជិកអាស៊ាន គឺជាវេទិកានវានុវត្តន៍ថ្នាក់តំបន់មួយ ដែលគាំទ្រដោយសាធារណរដ្ឋឥណ្ឌា។ វេទិកាឆ្នាំ២០២៣នេះត្រូវបានរៀបចំដោយប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា នៅលើកោះឡាំងកាវីរដ្ឋកេដា ដោយមានអ្នកនវានុវត្តន៍ប្រមាណ ២០០ នាក់ ចូលរួមផ្លាស់ប្តូរបទពិសោធន៍គំនិត និងដំណោះស្រាយក្នុងវិស័យនវានុវត្តន៍។
អ្នកនាង សួរ រដ្ឋាកញ្ញា ស្ថាបនិកសិប្បកម្មផលិតផលក្រដាសពីដើមចេក (Kumae Banana Paper Products) នៅខេត្តសៀមរាប ថ្មីៗនេះបានទទួលពានរង្វាន់ Promising Award នៅក្នុងពេលចូលរួមវេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។
អ្នកនាងបានទទួលស្គាល់ថា គំនិតផ្ដួចផ្ដើមនៃការផលិតក្រដាសពីដើមចេកមិនមែនជាគំនិតដើមរបស់គាត់ទេ តែវាជាគំនិតដែលបានរៀនសូត្រពីអ្នកដទៃ។ ប៉ុន្តែ ការរួមចំណែកដ៏ពិសេសរបស់នាង គឺគាត់បានប្រែក្លាយផលិតផលក្រដាសធ្វើពីដើមចេករបស់គាត់ឱ្យទៅជាផលិតផលដែលមាននវានុវត្តន៍ និងប្លែកពីគេ។
អ្នកនាងបានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា៖«យើងបានបង្កើតក្រដាសប្រភេទថ្មីពីដើមចេក ដែលមានលក្ខណសម្បត្តិធន់នឹងទឹក។ ផលិតផលក្រដាសដើមចេកនេះ ផលិតចេញពីការលាយបញ្ចូលគ្នា នៃវត្ថុធាតុដើម ដែលធន់នឹងទឹក និងសរសៃប្លាស្ទិកកែច្នៃឡើងវិញ ដែលវាបង្ហាញពីការច្នៃប្រឌិតថ្មីមួយ។ យើងក៏ទទួលបានការកោតសរសើរចំពោះគំនិតចម្រុះដែលបានជំរុញឱ្យមាននវានុវត្តន៍នេះ»។
ការចូលរួមរបស់រដ្ឋាកញ្ញា នៅក្នុងវេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា ២០២៣ (AIGIF 2023) នេះ បានផ្តល់ឱកាសឱ្យគាត់បានសិក្សារៀនសូត្រនូវគំនិត និងផលិតផលនវានុវត្តន៍ជាច្រើន។ គាត់បានបង្ហាញពីក្ដីបំណងចង់ឃើញគម្រោងនវានុវត្តន៍ច្រើនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោមសហគ្រាស ដែលកំពុងរីកដុះដាល និងនៅតាមគ្រឹះស្ថានអប់រំ។ ចក្ខុវិស័យរបស់សួរ រដ្ឋាកញ្ញា គឺបានបង្ហាញពីសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់គាត់លើនវានុវត្តន៍ និងវឌ្ឍនភាព។
យុវសិស្ស ហេង មុនីរៀម ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងវេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា ២០២៣ដែរនោះក៏បានទទួលពានរង្វាន់ Promising Award ផងដែរ។ មុនីរៀម បានបង្កើតគម្រោងប្រព័ន្ធកសិកម្ម (Agrimation system)។ គម្រោងនវានុវត្តន៍របស់មុនីរៀមនេះ ត្រូវបានបង្កើតឡើង ដើម្បីបង្កើនការអនុវត្តការដាំដុះនៅក្នុងសហគមន៍ ដោយផ្តោតជាពិសេសលើការធ្វើសួនបន្លែតាមផ្ទះ។
មុនីរៀម មានមោទនភាពចំពោះបេសកកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាពសម្រាប់អនាគត ដោយគាត់ជឿជាក់ថា កសិកម្មគឺជាការបង្កើតនូវមូលដ្ឋានគ្រឹះដែលមិនអាចខ្វះបានសម្រាប់ជីវិតមនុស្ស។
មុនីរៀម បាននិយាយថា៖«AIGIF 2023 បានផ្ដល់មានផលប្រយោជន៍យ៉ាងច្រើនដល់ខ្ញុំ និងអ្នកដែលបានចូលរួម។ វេទិកានេះបានបង្ហាញពីឱកាសដ៏អស្ចារ្យសម្រាប់ការកសាងទំនាក់ទំនង និងការរៀនសូត្រ ជាពិសេសនៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។
មុនីរៀម បានបន្តថា វេទិកានេះក៏បានអនុញ្ញាតឱ្យពួកគាត់បង្ហាញពីនវានុវត្តន៍របស់ពួកគេ ទៅកាន់ប្រទេសផ្សេងៗទៀត និងបានទទួលចំណេះដឹងពីប្រទេសទាំងនោះផងដែរ។ លើសពីនេះ វាបានផ្តល់លទ្ធភាពឱ្យយុវសិស្សរូបនេះអាចពង្រឹងទំនាក់ទំនងជាមួយដៃគូប្រកួតប្រជែងពីប្រទេសផ្សេងៗ និងបានបង្ហាញពីការរីកចម្រើនរបស់កម្ពុជាក្នុងវិស័យនេះផងដែរ។ នេះបើយោងតាម ក្រសួងឧស្សាហកម្ម៕