
អ្នកចូលរួមក្នុងយុទ្ធនាការមិនប្រើផ្លាស្ទិក នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ។ រូបថត ក្រសួងបរិស្ថាន
ត្បូងឃ្មុំៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានប្រកាសផ្តល់ធុងសំរាមចំនួន២ធុងដល់សាលារៀននីមួយៗ ក្នុងការចូលរួមក្នុងយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ ប្លាស្ទិក និងបានប្តេជ្ញចិត្ត«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»ឱ្យបានទូលំទូលាយ នៅទូទាំងប្រទេស។
លោកបានលើកឡើងដូចនេះ ក្នុងឱកាសលោកជួបសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល សិស្សានុសិស្ស និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និងសិស្សទទួលបាននិទ្ទេស A នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។
តាមរយៈហ្វេសប៊ុកក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងថា ៖ «ក្រសួង សូមលើកទឹកចិត្តផ្តល់ធុងសម្រាប់ញែកសំរាម ដល់សាលរៀននីមួយៗ បន្ទាប់ពីសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ បានចូលរួមក្នុងយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ ប្លាស្ទិក និងបានប្តេជ្ញចិត្ត«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានទូលំទូលាយ នៅទូទាំងប្រទេស»។
លោកក៏បានលើកឡើងដែរថា កន្លងមកប្រជាពលរដ្ឋ បានចូលរួមបន្តអនុវត្តនូវយុទ្ធនាការ បានជាប្រចាំ ដោយប្រើពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និង «លាហើយប្លាស្ទិក»។
លោករដ្ឋមន្រ្តីបរិស្ថាន បានសង្កត់ធ្ងន់ថា ៖ «ការដែលយើងទាំងអស់គ្នា ជាពិសេសលោកគ្រូ អ្នកគ្រូ រួមជាមួយសិស្សានុសិស្ស ចូលរួមអនុវត្តនូវយុទ្ធនាការនេះ បានជាទៀងទាត់ នោះវានឹងក្លាយជាទម្លាប់ល្អ ដែលធ្វើឱ្យយើងកាត់បន្ថយ រហូតដល់ឈានទៅឈប់ប្រើប្រាស់ ថង់ប្លាស្ទិកទាំងស្រុងនាពេលអនាគត។ កម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត កើតចេញពីការចូលរួមពីយើងទាំងអស់គ្នា»។
សូមបញ្ជាក់ថា លោក អ៊ាង សុផល្លែត បានលើកឡើងពីការផ្តល់ធុងសំរាម ចំនួន២ធុង ដោយបានចាប់ផ្តើមពីថ្ងៃទី៥ ខែធ្នូ ជូនសាលារៀនដំបូងនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីជាការលើកទឹកចិត្ត និងជំរុញឱ្យមានការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមយុទ្ធនាការនេះ។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញលោក ហែម ស៊ីណារ៉េត បានថ្លែងនៅថ្ងៃទី៦ ខែធ្នូ ថា លោកក៏ទទួលបានព័ត៌មានពីការចែកធុងសំរាមរបស់ក្រសួងបរិស្ថាននេះដែរ នៅពេលចូលរួមសិក្ខាសាលាស្តីពីបរិស្ថាន និងអានាម័យកាលពីពេលថ្មីៗកន្លងទៅនេះ។
លោកបានថ្លែងថា៖ «នៅតាមសាលារៀននៅក្នុងរាជធានីភ្នំពេញ មានធុងសំរាមរួចហើយ ក៏ប៉ុន្តែ នៅពេលដែលមានការផ្តល់ថែមទៀត គឺរឹតតែល្អប្រសើរ ដែលនឹងជួយឱ្យសាលារៀន មិនមានសំរាម និងថង់ប្លាស្ទិកហោះហើរពាសវាលពាសកាល ជាពិសេសបង្កើនស្មារតី ទទួលខុសត្រូវ ក៏ដូចជាពញ្ញាក់អារម្មណ៍របស់សិស្សានុសិស្សឱ្យទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីចូលរួមការពារបរិស្ថានឱ្យបានស្អាតទាំងអស់គ្នា»។
សូមបញ្ជាក់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា រហូតដល់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ មានអ្នកចូលរួមដោយផ្ទាល់ សរុបចំនួន ៣ ៣១៧ ៥៩៤ នាក់ ក្នុងនោះរួមមាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅតាមសាលារៀនសរុបចំនួន ៧ ១៤០សាលា រួមនឹងកម្មករ កម្មការិនី និងអ្នកចូលរួមផ្សេងៗទៀតនៅទូទាំងប្រទេស៕