មណ្ឌលគិរីៈ អ្នកស្រី គឿង ណាវី ដែលដឹកនាំសហគមន៍ជនជាតិដើមភាគតិចព្នង និងជាតំណាងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាបានចូលរួមក្នុងសន្និសីទកំពូលនៃបណ្ដាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៨ ឆ្នាំ ២០២៣ (COP28) នៅទីក្រុងឌូបៃនៃសហភាពអេមីរ៉ាតអារ៉ាប់រួម ហើយបានថ្លែងសារពីសារៈសំខាន់នៃហិរញ្ញប្បទានកាបូនទៅកាន់ពិភពលោកក្នុងនាមជាវាគ្មិនជនជាតិដើមភាគតិចនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងនៅថ្ងៃទី ៥ ខែធ្នូ ថា អ្នកស្រី គឿង ណាវី ប្រធានសហគមន៍ស្ត្រីតំណាងឱ្យសហគមន៍ជនជាតិដើមភាគតិចព្នងក្នុងដែនជម្រកសត្វព្រៃកែវសីមាខេត្តមណ្ឌលគិរី បានចូលរួមក្នុងសន្និសីទកំពូលនៃបណ្ដាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៨ ឆ្នាំ ២០២៣ (COP28) ដើម្បីបង្ហាញពីអត្ថប្រយោជន៍ពិតប្រាកដនៃហិរញ្ញប្បទានកាបូនក្នុងការអភិរក្សព្រៃឈើ។
ការចូលរួមរបស់អ្នកស្រី គឿង ណាវី បានធ្វើឡើងក្រោមការសម្របសម្រួលដោយក្រសួងបរិស្ថានកម្ពុជា និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដោយផ្តោតលើសារៈសំខាន់នៃការផ្តល់ហិរញ្ញប្បទានកាបូនដោយផ្ទាល់ទៅដល់សហគមន៍ជនជាតិដើមភាគតិចក្នុងកិច្ចការងារអភិរក្សប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
អង្គការ WCS បានបញ្ជាក់ថា៖ «អ្នកស្រីណាវី បានបង្កើតទំព័រប្រវត្តិសាស្ត្រថ្មីមួយក្នុងនាមជាវាគ្មិនជនជាតិដើមភាគតិចព្នងដំបូងគេបង្អស់ដែលបានចូលរួមថ្លែងនៅក្នុងសន្និសីទកំពូលមួយរបស់អង្គការសហប្រជាជាតិបែបនេះដើម្បីពាំនាំសារពីភូមិឋានដាច់ស្រយាលក្នុងព្រៃនៃខេត្តមណ្ឌលគិរីមកកាន់ថ្នាក់ដឹកនាំកំពូលៗនៅលើសកលលោក»។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែល អ្នកស្រី គឿង ណាវី បានថ្លែងនាឱកាសនោះថា៖ «នាងខ្ញុំពិតជាមានសេចក្តីរំភើបក្នុងចិត្តជាមួយនឹងក្តីកតញ្ញូ។ នាងខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានមកដល់ទីនេះ ចេញពីភូមិតូចមួយនៃប្រទេសកម្ពុជាមកនិយាយទៅកាន់ថ្នាក់ដឹកនាំកំពូលៗនៃពិភពលោក»។
អ្នកស្រីបានបន្ថែមថា៖ «យើងខ្ញុំបានប្រើប្រាស់ហិរញ្ញប្បទានកាបូនដើម្បីកសាងសហគមន៍ និងការពារបរិស្ថាន ដោយរួមបញ្ចូលគ្នាពីរបៀបរស់នៅបែបប្រពៃណីជាមួយនឹងវិធីសាស្ត្រច្នៃប្រឌិតថ្មីៗដើម្បីការពារព្រៃឈើរបស់យើង»។
អ្នកស្រីបានបន្ដថា ជំនួយផ្នែកហិរញ្ញវត្ថុដែលសហគមន៍ទទួលបានគឺមានតម្លៃខ្លាំងណាស់ក្នុងការទប់ទល់នឹងកត្តាគំរាមកំហែងដល់ព្រៃឈើក្នុងសហគមន៍។ អ្នកស្រីថា ព្រៃឈើក្នុងសហគមន៍ស្ថិតក្នុងចំណោមព្រៃក្រាស់បំផុត និងមានសុខភាពល្អបំផុតក្នុងប្រទេសកម្ពុជាដែលវាជាសក្ខីភាពបញ្ជាក់ពីការប្ដេជ្ញាចិត្ត និងការថែទាំរបស់ជនជាតិដើមភាគតិចព្នងផងដែរ។
អ្នកស្រីបានបន្ថែមថា ហិរញ្ញប្បទានកាបូនបានជួយលើកកម្ពស់សហគមន៍របស់អ្នកស្រី និងសហគមន៍ជនជាតិដើមភាគតិចផ្សេងទៀតនៅទូទាំងពិភពលោកហើយវាក៏បានពង្រីកអត្ថប្រយោជន៍ដល់ពិភពលោកទាំងមូល ខណៈអ្នកស្រីក៏បានប្តេជ្ញាចិត្តចំពោះដំណោះស្រាយនៃការប្រែប្រួលអាកាសធាតុផងដែរ។
តាមរយៈការថ្លែងនេះអង្គការ WCS ក៏បានបញ្ជាក់ដែរថា មតិរបស់អ្នកស្រី ណាវី ត្រូវបានផ្សាយខ្ទរខ្ទារក្នុងសន្និសីទ COP28 ហើយបានទាញចំណាប់អារម្មណ៍ឱ្យអ្នករាល់គ្នាដឹងថា វឌ្ឍនភាពនៃហិរញ្ញប្បទានអាកាសធាតុគឺជាគន្លឹះនៃការផ្លាស់ប្ដូរដ៏ត្រឹមត្រូវមួយនិងចូលរួមកាត់បន្ថយការបំភាយឧស្ម័ននៅទូទាំងពិភពលោក។ ជាងនេះទៀតសុន្ទរកថារបស់អ្នកស្រីក្នុងសន្និសីទនេះ ក៏បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើតួនាទីដ៏សំខាន់នៃហិរញ្ញប្បទានកាបូនក្នុងការពង្រឹងសិទ្ធិអំណាចសហគមន៍ជនជាតិដើមភាគតិច។
ប្រភពដដែលបានបន្តថា នេះស្របទៅនឹងប្រធានបទដែលសន្និសីទ COP28 បានផ្ដោតការយកចិត្តទុកដាក់ក្នុងការពន្លឿនសកម្មភាពនានាដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុរួមទាំងសារៈសំខាន់នៃការអនុវត្តយន្តការហិរញ្ញប្បទានដូច-ជា គម្រោងរេដបូក (REDD+) ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ។ លើសពីនេះ ការបង្ហាញបទពិសោធន៍របស់អ្នកស្រីណាវី នៅក្នុងសន្និសីទ COP28 នេះ ក៏បានផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងរួមក្នុងសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុផងដែរ។
បើតាមអង្គការ (WCS) អ្នកស្រីណាវី ក៏នឹងចូលរួមជាវាគ្មិនក្នុងកម្មវិធីមួយទៀតផងដែរក្រោមប្រធានបទ «តើហិរញ្ញប្បទានកាបូនបង្កើតឱកាសដល់ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានយ៉ាងដូចម្ដេច?» ដែលពិធីនោះនឹងធ្វើថ្ងៃទី ១១ ខែធ្នូខាងមុខ នៅវិមានជនជាតិដើមភាគតិចដែលរៀបចំដោយអង្គការក្រុមប្រឹក្សាសុចរិតភាពសម្រាប់ទីផ្សារកាបូនស្ម័គ្រចិត្ត (Integrity Council for Voluntary Carbon Markets) អង្គការធម្មជាតិដើម្បីអាកាសធាតុ (Nature4Climate) និងមូលនិធិការពារបរិស្ថាន (Environmental Defense Fund) ថែមទៀត។
សូមបញ្ជាក់ថា នៅក្នុងឱកាសចូលរួមសន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកនេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានថ្លែងដែរថា កម្ពុជាចាត់ទុកឥណទានកាបូនជាប្រភពធនធានហិរញ្ញប្បទានប្រកបដោយចីរភាពដ៏សំខាន់មួយសម្រាប់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏បានលើកឡើងពីវិស័យអាទិភាព និងការវិនិយោគបៃតងនៅកម្ពុជា ការបង្កើនគម្របព្រៃឈើឱ្យបាន ៦០ ភាគរយ ការលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការដាំដើមឫស្សី និងការជំរុញកម្ពុជាស្អាតតាមរយៈយុទ្ធនាការមិនប្រើថង់ប្លាស្ទិកដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានថាមពលនិរន្តរភាពក្នុងតម្លៃសមរម្យ និងមានការបញ្ចេញកាបូនទាប៕