ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺជាវប្បធម៌ដ៏ប្រពៃនៃកិច្ចសន្ទនា និងការកៀរគរគ្រប់កម្លាំងនយោបាយទាំងអស់ ដើម្បីចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដោយមិនមានការរើសអើង ខណៈវប្បធម៌នេះ ត្រូវបានបន្សល់ទុកតាំងពីនីតិកាលមុនៗ ក្រោមការផ្តួចផ្តើម និងការដឹកនាំរបស់លោក ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ហ៊ុន ម៉ាណែត បានលើកឡើងដូចនេះតាមរយៈហ្វេសប៊ុករបស់លោក នាថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣ នាឱកាសលោកបានចូលរួមដឹកនាំកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើកដំបូង នៅវិមានសន្តិភាព។
លោកបានបញ្ជាក់ថា៖ «ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺជាវប្បធម៌ដ៏ប្រពៃនៃកិច្ចសន្ទនា និងការកៀរគរគ្រប់កម្លាំងនយោបាយទាំងអស់ ដើម្បីចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដោយមិនមានការរើសអើង។ វប្បធម៌នេះ ត្រូវបានបន្សល់ទុកតាំងពីនីតិកាលមុនៗ ក្រោមការផ្តួចផ្តើម និងការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ»។
លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានប្រាប់ឱ្យដឹងក្រោយកិច្ចប្រជុំនេះថា ការបង្កើតនេះ ក្នុងគោលបំណងប្រមូលនូវធនធានគំនិត របស់គណបក្សនយោបាយនានានៅកម្ពុជា ដើម្បីផ្តល់នូវធាតុចូលក្នុងការផ្តល់នូវពហុគំនិត ជូនដល់រាជរដ្ឋាភិបាល ជាពិសេសសំដៅដល់លើកស្ទួយប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
លោកបានថ្លែងថា៖ «ជាយន្តការពហុបក្ស ប៉ុន្តែមិនមែនជាយន្តការនយោបាយដូចរដ្ឋសភា និងព្រឹទ្ធសភានោះទេ វាគ្រាន់តែជាយន្តការពហុគំនិត ផ្តល់នូវទស្សនៈស្ថាបនា។ តាមរយៈយន្តការសម្រាប់អាណត្តិនេះ យើងសង្ឃឹមថា នឹងផ្តល់នូវធាតុចូលរស់រវើកបន្ថែមទៀត ដោយយើងបានផ្តល់នូវចំណុចថ្មីមួយ បើកចំហនូវឯករាជ្យអធិបតេយ្យដល់គណបក្សនីមួយៗ ក្នុងស្វ័យភាពទទួលខុសត្រូវ បំពេញភារកិច្ចផ្តល់នូវទស្សនៈដល់នាយករដ្ឋមន្ត្រី»។
ស្រដៀងគ្នានេះដែរ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានប្រាប់ឱ្យដឹងដែរថា ការបង្កើតយន្តការ នយោបាយមកពីគណបក្សផ្សេងគ្នាចូលរួម គឺជាចំណែកមួយក្នុងការលើកឡើងពីបញ្ហាសង្គម និងស្នើសុំឱ្យមានដំណោះស្រាយរបស់ជាតិ និងប្រជាជន គឺជារឿងដែលល្អ សម្រាប់អ្នកនយោបាយនៅក្នុងសង្គមប្រជាធិបតេយ្យ សេរី តែងតែរៀបចំធ្វើដូចនេះ។
ទោះជាបែបនេះក្តី លោក ក៏បានបញ្ជាក់ដែរថា សម្រាប់គណបក្សនយោបាយនៅក្នុងសង្គមប្រជាធិបតេយ្យ សេរី និងជឿនលឿន គេតែងតែធ្វើ និងអនុវត្ត នៅក្នុងរដ្ឋសភា តាមរយៈមានការជជែកវែកញែកគ្នាពាក់ព័ន្ធនឹងគោលនយោបាយ និងដំណោះស្រាយ ពីសំណាក់តំណាងរាស្ត្រ ដែលជាតំណាងរបស់ពលរដ្ឋ។
លោក ប៉ា ចន្ទរឿន បានប្រាប់ថា៖ «យន្តការនេះ ធ្វើឱ្យសំឡេងរបស់តំណាងប្រជាពលរដ្ឋដែលមិនមែនជាគណបក្សឈ្នះឆ្នោត ឱ្យរដ្ឋាភិបាលបានដឹង និងបានឮ ព្រមទាំងយកចិត្តទុកដាក់ ជាពិសេសវាធ្វើឱ្យមានតុល្យភាពអំណាចផងដែរ»។
លោកបានបន្ថែមថា យន្តការនៃការបង្កើតឱ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺជារឿងថ្មីសម្រាប់សង្គមប្រជាធិបតេយ្យ ប៉ុន្តែបើពិនិត្យមើលទៅលើការអនុវត្ត និងការងារ របស់ស្ថាប័នមួយនេះ មិនមានអ្វីជាដុំកំភួននោះទេ ខណៈការងារបស់ក្រុមប្រឹក្សាពិគ្រោះ និផ្តល់យោបល់នេះ មិនមានប្រសិទ្ធភាព និងជាបន្ទុកសម្រាប់សង្គម តាមរយៈរដ្ឋចំណាយប្រាក់បៀវត្សរ៍ទៅលើក្រុមមួយនេះ។
លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ ដែលបានចូលរួមកិច្ចប្រជុំនេះ បានប្រាប់ឱ្យដឹងថា ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះនឹងល្អប្រសើរជាងអាណត្តិទី ៦ ដោយសារតែលោក ហ៊ុន ម៉ាណែត បានប្តេជ្ញាខ្ពស់ អនុវត្តទៅតាមការស្នើសុំរបស់គណបក្សនយោបាយដែលជាសមាជិកឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់នេះ។
លោកស្រីថ្លែងថា៖ «យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ តាមព្រះរាជក្រឹត្យ យើងនឹងអនុវត្តតាមដានភាពអសកម្ម អំពើពុករលួយ និងបញ្ហាផ្សេងទៀត ដើម្បីរាយការណ៍ទៅនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីឱ្យមានការកែទម្រង់ និងកែលម្អឱ្យប្រសើរថែមទៀត»។
លោកស្រីបន្តថា៖ «ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីមានទស្សនៈហ្មត់ចត់ ដោយអនុញ្ញាតឱ្យគណបក្សនីមួយៗ មានសិទ្ធិចុះតាមមូលដ្ឋាន ឬបេសកកម្មអ្វីមួយ មិនតម្រូវឱ្យមានការស្នើសុំច្បាប់ដូចអាណត្តិមុនទេ»។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ ២០១៨ នៅដើមនីតិកាលទី ៦ ដែលជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខ័ណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល។
ដោយឡែក សម្រាប់នីតិកាលទី៧ នេះ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣ បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យចំណុចមាត្រា ១ បញ្ជាក់ថា ព្រះរាជក្រឹត្យនេះមានគោលដៅបង្កើត និងកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ប្រមូលធាតុចូលនៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ។
កិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើកដំបូងនេះ មានគណបក្សជាសមាជិកចំនួន ២៩ ចូលរួមក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី, គណបក្សសញ្ជាតិកម្ពុជា, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្ស រស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សហ្វុ៊នស៊ិនប៉ិច,គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
គណបក្សយុវជនកម្ពុជា, គណបក្សធម្មាធិបតេយ្យ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ,គណបក្សកម្លាំប្រជាធិបតេយ្យ, គណបក្សកសិករ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សបំណងពលរដ្ឋ, គណបក្ស អំណាចប្រជាពលរដ្ឋ,គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សខ្មែរអង្គរ, គណបក្សអភិវឌ្ឍន៍កម្ពុជា។គណបក្សមហានគរ, គណបក្សខ្មែរឈ្នះ, គណបក្ស កម្ពុជាសេរីឯករាជ្យ ប្រជាធិបតេយ្យ, គណបក្សមូលីណាកា និង គណបក្ស ចលនាប្រជាធិបតេយ្យ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីឥស្សរជនក្នុងជួររាជរដ្ឋាភិបាល ប្រតិភូគណបក្សនយោបាយ និងមន្ត្រីពាក់ព័ន្ធ សរុបចំនួនជាង ២០០ នាក់៕