ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ និងស្នើដល់គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ វិស័យឯកជន ប្រជាជន មហាជនទាំងអស់ ចូលរួមគាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ត្របន្តទៀតរហូតដល់សម្រេចបំណងចុងក្រោយគឺសង្គមស្អាតស្អំបវររុងរឿង។
ការជំរុញរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងតាមរយៈសារលិខិតអបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូក្រោមពាក្យស្លោក«បម្រើផលប្រយោជន៍ប្រជាជនជាចម្បង ៖ ផ្តល់សេវាសាធារណៈប្រកបដោយ តម្លាភាព ងាយស្រួល និងជឿទុកចិត្តពង្រឹងការបង្ការទប់ស្កាត់» សម្រាប់ឆ្នាំ ២០២៤ ខាងមុខនេះ។
លោកបានលើកឡើងថា ថ្ងៃទី ៩ ធ្នូ ជារៀងរាល់ឆ្នាំត្រូវបានរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ (អ.ស.ប) កំណត់ ជាទិវាប្រឆាំងអំពើពុករលួយ ខណៈកម្ពុជាបានចូលជាសមាជិកនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០០៧ ដែលមានរដ្ឋជាសមាជិកចំនួន ១៩០ ប្រទេស លើ ១៩៣ ប្រទេស នៃស្ថាប័នប្រឆាំងអំពើពុករលួយ អ.ស.ប ហៅកាត់ថា អ៊ុនកាក់ (UNCAC)។
លោកបញ្ជាក់តាមរយៈសារលិខិតថា៖ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញា អ.ស.ប ស្ដីពីការប្រឆាំងអំពើពុករលួយខ្ញុំសូមចូលរួមជាមួយគ្រប់ស្ថាប័នជាតិ ជនរួមជាតិទាំងអស់វិស័យឯកជនអង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយប្រែក្លាយជារៀងរាល់ឆ្នាំឱ្យទិវា ៩ ធ្នូ ជាការលើកកម្ពស់និងបើកទូលាយមិនឈប់ឈរ ដើម្បីកសាងមាតុភូមិកម្ពុជាឱ្យវៀរចាកពីអំពើពុករលួយ និងស្គាល់តែភាពស្អាតស្អំ និងការរីកចម្រើនជានិច្ចកាល»។
លោក ហ៊ុន ម៉ាណែត បានបន្តថា៖ «រាជរដ្ឋាភិបាល គ្រប់ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល អ្នកសារព័ត៌មាន និងប្រជាជនបានរួមគ្នាមិនឈប់ឈរអស់រយៈពេល ៦ អាណត្តិ កន្លងទៅតាមរយៈការអប់រំ ដើម្បីម្នាក់ៗមិនចង់ពុករលួយ ការបង្ការទប់ស្កាត់ ដើម្បីម្នាក់ៗមិនអាចពុករលួយ និងការអនុវត្តច្បាប់ ដើម្បីឱ្យម្នាក់ៗមិនហ៊ានពុករលួយ»។
ជាមួយគ្នានេះលោក ហ៊ុន ម៉ាណែត ក៏បានប្រកាសបន្តជំរុញការកែទម្រង់ការពង្រឹងអភិបាលកិច្ច ដោយផ្ដោតលើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ដោយផ្ដោតអាទិភាពលើការងារចំនួន ៥ ក្នុងនោះរួមមាន៖ ១. ការរៀបចំ និងការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិក្នុងមុខងារសាធារណៈ ព្រមទាំងការជំរុញការគោរពខ្ជាប់ខ្ជួននូវគោលការណ៍វិសមិតភាពមុខងារនិងទំនាស់ផលប្រយោជន៍នៅក្នុងការបំពេញការងាររបស់មន្ត្រីសាធារណៈ។
២. ការពង្រឹងប្រសិទ្ធភាពនៃការធ្វើអធិការកិច្ចនិងសវនកម្ម ព្រមទាំងការរៀបចំក្របខ័ណ្ឌ និងវិធាន នៃប្រព័ន្ធអធិការកិច្ច និងសវនកម្ម ដើម្បីធានាសុខដុមនីយកម្ម នៃមុខងារអធិការកិច្ច និងសវនកម្ម ក្នុងរដ្ឋបាលសាធារណៈ។ ៣.ការពង្រឹងយន្តការគ្រប់គ្រងនិងផ្តល់សេវាសាធារណៈ ការផ្ដល់ការលើកទឹកចិត្តផ្អែកលើគុណាធិបតេយ្យ និងការចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ ក្នុងការអនុវត្តតួនាទី និងភារកិច្ច ដើម្បីបង្កើនជំនឿទុកចិត្ត និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។
លោកនាយករដ្ឋមន្ត្រីបន្តថា៖ «៤ គឺការបន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹង ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយនិងអាទិភាពទី៥ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ ដើម្បីរៀបចំដាក់ឱ្យអនុវត្ត តាមដានត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្ត្រនិងលើកកម្ពស់ភាពស្អាតស្អំតាមសា្ថប័នសាធារណៈ»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី បានសម្តែងការគាំទ្រចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការជំរុញឱ្យកម្ពុជាចាប់យកនូវភាពស្អាតស្អំក្នុងការបម្រើសេវាសាធារណៈ ជាពិសេសគឺការកាត់បន្ថយឱ្យបានកាន់តែច្រើន នូវការប្រព្រឹត្តអំពើពុករលួយគ្រប់ជាន់ថ្នាក់។
លោកថ្លែងថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រី ស្របពេលដែលអ្នកជំនាញគ្រប់វិស័យបានរកឃើញផងដែរថា ឧបសគ្គចម្បងសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសគឺមានឧបសគ្គធំៗមួយចំនួន។
លោកថា៖ «បញ្ហាធំៗទាំង ៣ នោះដែលគួរតែត្រូវដោះស្រាយជាអាទិភាពទី១ នីតិរដ្ឋ និងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ទី២ ការកាត់បន្ថយអំពើពុករលួយ និងទី៣ គឺការកាត់បន្ថយនូវភាពស្មុគស្មាញផ្នែកការិយាធិបតេយ្យ ដើម្បីជំរុញសេវានានាបានលឿន តម្លាភាពនិងស្អាតស្អំ»។
លោក ប៉ិច ពិសី បន្តថា៖ «ដូច្នេះការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យជាសង្គមស្អាតស្អំជាយុទ្ធសាស្ត្រដែលល្អ រួមទាំងខ្ញុំនិងសង្គមស៊ីវិលដទៃទៀតរួមគ្នាគាំទ្រនូវអនុសាសន៍សំខាន់ទាំងនោះ»។
យោងតាមសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ (CPI) ឆ្នាំ ២០២២ ត្រូវបានចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ ថា កម្ពុជាទទួលបានពិន្ទុ ២៤ លើពិន្ទុអតិបរមា ១០០ និងជាប់ចំណាត់ថ្នាក់ទី ១៥០ ក្នុងចំណោម ១៨០ ប្រទេស ដែលត្រូវបានដាក់បញ្ចូលនៅក្នុងសន្ទស្សន៍។
លទ្ធផលពិន្ទុ និងចំណាត់ថ្នាក់នេះបានបង្ហាញពីភាពប្រសើរឡើងបន្តិច បើធៀបនឹងលទ្ធផលឆ្នាំមុន។ ក្នុងសន្ទស្សន៍ CPI ឆ្នាំ ២០២១ ប្រទេសកម្ពុជាទទួលបាន ២៣ពិន្ទុ លើពិន្ទុអតិបរមា ១០០ និងជាប់ចំណាត់ថ្នាក់ទី ១៥៧។ ជារួមពិន្ទុរបស់កម្ពុជា មានការកើនឡើងជាលំដាប់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ពី ២០ ពិន្ទុ ក្នុងឆ្នាំ២០១៨ ដល់ ២៤ ពិន្ទុ ក្នុងឆ្នាំ ២០២២៕