កំពង់ធំៈ ក្រសួងពាណិជ្ជកម្មសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត បានរៀបចំ «វេទិកាស្វាយចន្ទី» នៅក្នុងទឹកដីខេត្តកំពង់ធំ ក្រោមមូលបទ «យើងរួមគ្នាផ្សព្វផ្សាយសក្តានុពលស្វាយចន្ទីកម្ពុជា» មានរយៈពេល២ ថ្ងៃ គឺចាប់ពីថ្ងៃទី ៦ និងទី ៧ ខែធ្នូ ឆ្នាំ ២០២៣។
ក្រសួងកសិកម្ម បានប្រកាសឱ្យដឹងថា វេទិកានេះរៀបចំឡើងដើម្បីផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ដាក់តាំងបង្ហាញផលិតផលស្វាយចន្ទី ឧបករណ៍កែច្នៃ ការផ្គូផ្គងធុរកិច្ច និង ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា។
លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា នេះជាវេទិកាប្រវត្តិសាស្ត្រមួយ សម្រាប់កម្ពុជា និង សម្រាប់ទាំងអស់គា្ន ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក ជាពិសេសផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាឱ្យមានកេរ្តិ៍ឈ្មោះនៅលើទីផ្សារជាតិនិងអន្តរជាតិ។
រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧ ដែលមានចក្ខុវិស័យ អភិវឌ្ឍន៍ផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
លោកហែម វណ្ឌីបញ្ជាក់ថា៖«នៅក្នុងចក្ខុវិស័យនេះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍសមត្ថភាពផលិតកម្ម រៀបចំបង្កើតស្តង់ដា រៀបចំនីតិវិធីវាយតម្លៃនិងអនុវត្តស្តង់ដា ផលិតផលស្វាយចន្ទី លើកកម្ពស់ផលិតភាពការនាំចេញ ដោយធានានូវគុណភាព និងសុវត្ថិភាពក្នុងកម្រិតអប្បបរមា ស្របតាមស្ដង់ដាប្រព័ន្ធគ្រប់គ្រងគុណភាពនិងស្តង់ដាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ និងស្របទៅតាមការតម្រូវ
របស់ទីផ្សារ»។
ជាមួយគ្នានោះ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្មបានថ្លែងថា ដំណាំស្វាយចន្ទី ជាដំណាំឧស្សាហកម្មដែលមានសក្តានុពលខ្ពស់សម្រាប់ប្រទេសកម្ពុជា និងមានកេរ្តិ៍ឈ្មោះល្បី ជាពិសេសមានការទទួលស្គាល់ពីទីផ្សារលើគុណភាព រសជាតិ ទំហំគ្រាប់និងសរីរាង្គតាមបែបប្រពៃណី។
លោកមានប្រសាសន៍ថា៖«ដំណាំស្វាយចន្ទីងាយស្រួលដាំដុះ បើប្រៀប ធៀបជាមួយនឹង ដំណាំផ្សេងទៀតហើយដំណាំនេះត្រូវការទឹកតិចសម្រាប់ការលូតលាស់ ធន់នឹងភាពរាំងស្ងួត សមស្របទៅនឹងអាកាសធាតុនិងសណ្ឋានដីនៅប្រទេសកម្ពុជា»។
ចំណែករដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម លោក កឹម ស៊ីថន បានឱ្យដឹងថា វេទិកានេះត្រូវបានការចូលរួមសហការរៀបចំឡើងពីក្រសួងទាំង ៣ ដែលពាក់ព័ន្ធផ្ទាល់ក្នុងខ្សែច្រវាក់ស្វាយចន្ទី ដែលស្របតាមយុទ្ធសាស្ត្រទាំង ៣ ដែលបានដាក់ចេញនៅក្នុងគោលនយោបាយរួមមានយុទ្ធសាស្ត្រក្នុងការផលិត កែច្នៃ និងការនាំចេញ។
លោក កឹម ស៊ីថន ថ្លែងថា៖«វេទិកាស្វាយចន្ទីនេះ ជាវេទិកាដែលមានសារៈសំខាន់ ដោយបានប្រមូលផ្ដុំគ្រប់តួអង្គពាក់ព័ន្ធក្នុង វិស័យស្វាយចន្ទី និងផ្តល់ឱកាសដល់វិស័យឯកជនពាក់ព័ន្ធអាចចូលរួមតាំងបង្ហាញផលិតផលស្វាយចន្ទីឧបករណ៍កែច្នៃ និងការផ្គូផ្គងធុរកិច្ច និងកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ពីបញ្ហាប្រឈម និងភាពជោគជ័យជាដើម ដែលទាំងនេះគឺជាការចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះ និងសក្តានុពលសា្វយចន្ទីកម្ពុជា»។
យោងតាមរបាយការណ៍ក្រសួងកសិកម្មឱ្យដឹងថា តាមរយៈការចេញវិញ្ញាបនបត្រនាំចេញ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីសរុបចំនួន ៤១៥ ៩៣៩,៦៨ តោន ថយចុះ ១១,៥២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
តែបើតាមទិន្នន័យរបស់សមាគមស្វាយចន្ទី ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញស្វាយចន្ទីសរុបចំនួន ៦១ ម៉ឺនតោន ថយចុះ ១៦ ភាគរយ ទាំងការស្នើនិងមិនបានស្នើវិញ្ញាបនបត្រនាំចេញ។ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ និងគ្រាប់ស្វាយចន្ទីកែច្នៃនាំទៅកាន់ប្រទេស ចិន សាធារណរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម ថៃ តៃវ៉ាន់ និងសហរដ្ឋអាមេរិក។ តម្លៃគ្រាប់ស្វាយចន្ទីនៅក្នុងខែតុលាគឺប្រមាណ ១ ៩០០ ដុល្លារ ក្នុងមួយតោន។
បច្ចុប្បន្ននេះ ខេត្តដែលបានដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ គឺខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តមានជ័យ សៀមរាប និងខេត្តកំពង់ឆ្នាំង។ តាមរយៈការវាយតម្លៃបង្ហាញថា ប្រទេសកម្ពុជាមានលក្ខខណ្ឌដីសមស្របសម្រាប់ដំណាំស្វាយចន្ទីមានប្រមាណ ២,៣៨ លានហិកតា។ បច្ចុប្បន្ននេះផ្ទៃដីដែលបានដំណាំស្វាយចន្ទីសរុបប្រមាណ ៧០ ម៉ឺនហិកតា ក្នុងនោះខេត្តកំពង់ធំ បានដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេមានសរុបមានចំនួនជាង ១៥០ ពាន់ហិកតា៕