ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យវិនិយោគិនចិន សិក្សា និងពិនិត្យលទ្ធភាពក្នុងការកែច្នៃ ស្វាយចន្ទី អង្ករ និងកៅស៊ូ សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់និងផលប្រយោជន៍រួមគ្នា ទាំងសេដ្ឋកិច្ច និងនយោបាយ។
លោករដ្ឋមន្ត្រីកសិកម្ម បានលើកឡើងបែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយលោក FANG Chunming អនុប្រធានគណៈកម្មាធិការកណ្តាលសភាប្រជាជនខេត្តក្វាងស៊ីកាលពីថ្ងៃទី ៥ ធ្នូ ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងកសិកម្ម។
យោងតាមហ្វេសប៊ុកក្រសួង លោករដ្ឋមន្ត្រីបានលើកឡើងនាជំនួបនោះ ដោយលោកនឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិនកាន់តែទទួលបានភាពជោគជ័យល្អប្រសើរ ខណៈដែលលោកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការល្អគឺជាកិច្ចសហប្រតិបត្តិការគោរពគ្នាទៅវិញទៅមក និងដើម្បីផលប្រយោជន៍រួមគ្នា។ លោកក៏បានលើកឡើងផងដែរអំពី «ច្រករបៀងមច្ឆានិងអង្ករ» ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី៤ រួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។
ខេត្តទាំង ៤ នេះ មានសក្ដានុពលសម្រាប់វិស័យកសិកម្ម ដោយចំពោះដំណាំ ស្រូវ និងធនធានជលផលជាដើម។ តាមរយៈច្រករបៀងមច្ឆានិងអង្ករនេះ ភាគីទាំង ២ បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ កសិពាណិជ្ជកម្ម កម្ពុជាក្វាងស៊ី ឱ្យមានសកម្មខ្លាំងក្លាបន្ថែមទៀត ជាពិសេសជំរុញឱ្យមានការចុះ MoU ជាមួយគ្នានាពេលខាងមុខ។
លោក ឌិត ទីណា បានថ្លែងថា៖ «កម្ពុជាបើកទូលាយនិងត្រៀមខ្លួនជានិច្ចក្នុងការទទួលអ្នកវិនិយោគចិន ដែលមានបំណងដាក់ទុនវិនិយោគនៅកម្ពុជាលើការកែច្នៃផលិតផលកសិកម្មប្រកបដោយគុណភាពសម្រាប់នាំចេញ ដើម្បីផលចំណេញ ទាំងសម្រាប់កសិករ អ្នកវិនិយោគ និងដើម្បីកំណើនសេដ្ឋកិច្ចនៃប្រទេសទាំង ២»។
នាជំនួបដាច់ដោយឡែកមួយទៀត ជាមួយគណៈប្រតិភូសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្តជីលីនប្រទេសចិន នៅថ្ងៃដដែល
វិនិយោគិនចិន បានបង្ហាញចេតនាចង់វិនិយោគលើការដាំដុះរុក្ខជាតិមួយចំនួនសម្រាប់យកទៅផលិតជាឱសថបុរាណ ក៏ដូចជាការនាំចេញនូវសត្វមួយចំនួន ដែលអាចផលិតជាអុស សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។
ចំពោះបំណងដាំរុក្ខជាតិសម្រាប់យកទៅផលិតជាឱសថបុរាណរបស់ក្រុមហ៊ុនចិននេះ លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា ក្រសួងមិនជំទាស់ទេ ប៉ុន្តែប្រសិនបើរុក្ខជាតិនោះ មានផ្ទុកនូវសារធាតុញៀន ឬអាចយកទៅធ្វើជាធាតុផ្សំសម្រាប់ ផលិត សារធាតុញៀន ក្រសួងមិនអនុញ្ញាតឱ្យដាំដុះឡើយ។
លោក ឌិត ទីណា បានថ្លែងប្រាប់វិនិយោគិនចិនថា៖ «ក្នុងការដាំដុះរុក្ខជាតិសម្រាប់ផលិតឱសថនោះទៀតសោតកម្ពុជាមិនមានគោលនយោបាយផ្តល់ដីសម្បទានសម្រាប់វិនិយោគទេ។ ដូច្នេះ អ្នកវិនិយោគអាចពិនិត្យលទ្ធភាពស្វែងរកទិញដីដោយខ្លួនឯង ឬជួលដីពីក្រុមហ៊ុនដែលទទួលបានដី សម្បទានពីមុនឬក៏អាចធ្វើកិច្ចសន្យា (Contract Farming) ជាមួយកសិករ ហើយប្រមូលទិញពីពួកគាត់វិញក្នុងតម្លៃដែលអាចទទួលយកបានទាំងសងខាង»។
លោករដ្ឋមន្ត្រីបានបន្តថា ភាពល្អប្រសើរនៃទំនាក់ទំនងរដ្ឋាភិបាលកម្ពុជា-ចិន បានលើកទឹកចិត្តអ្នកវិនិយោគ និងទេសចរចិនឱ្យចាប់អារម្មណ៍ និងចូលមកបណ្តាក់ទុន ព្រមទាំងមកដើរកម្សាន្តនៅកម្ពុជាកាន់តែច្រើន។
លោក ឌិត ទីណា មានប្រសាសន៍ថា៖ «បើតាមខ្ញុំសង្កេតឃើញ វិស័យសក្តានុពលដែលវិនិយោគិនចិនកំពុងបណ្តាក់ទុននៅកម្ពុជាភាគច្រើនរួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, វាយនភណ្ឌ, ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម, ធនធានរ៉ែ និងគ្រឿងបង្គុំអគ្គិសនីអេឡិចត្រូនិក ជាដើម។ បច្ចុប្បន្ន យើងឃើញមានក្រុមហ៊ុនចិនជាច្រើនកំពុងតែចាប់ផ្ដើមស្វែងរកឱកាសវិនិយោគក្រោយកូវីដ ១៩ នៅលើវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មនៅកម្ពុជា»។
ទាក់ទងនឹងរឿងនេះ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ៖ «ចំណាប់អារម្មណ៍ និងចំនួននៃការមកបណ្តាក់ទុនពីសំណាក់វិនិយោគិនចិននៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ខណៈកម្ពុជាក្រៅពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសជាច្រើនផងដែរ»។
យោងរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ ទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី១ ដោយបានចូលរួមចំណែកជាង ៧៦ ភាគរយនៃទុនវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុកបានឈរនៅលំដាប់លេខរៀងទី២៕